ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​200​នាក់​ចាប់ខ្លួន​ពី​បទ​ពុក​រលួយ​

6 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ អាជ្ញាធរ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ថា មនុស្ស​ជាង​២០០​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត…

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ អាជ្ញាធរ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ថា មនុស្ស​ជាង​២០០​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ធំ​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​នេះ ពិសេស​សំដៅលើ​បណ្តា​ព្រះ​អង្គ​ម្ចាស់ រដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រី និង​ពាណិជ្ជករ ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ពេល​មានការ​កែទម្រង់​នានា​ក្នុង​ប្រទេស​អភិរក្សនិយម​ជ្រុល​នេះ​ក្រោម​ការ​ក្តាប់​អំណាច​របស់​រជ្ជទាយាទ MOHAMED BEN SALMANE ។ ការ​ប្រកាស​នេះ​ក៏​កើត​មាន​ដែរ​ក្នុង​បរិយាកាស​កាន់តែ​តានតឹង​មួយ​ជាមួយ​អុ​ី​រ៉​ង់ និង​បន្ទាប់​ពី​ការ​សុំ​លាលែង​របស់​នាយក​រដ្ឋមន្ត្រី​លី​បង់ លោក​សា​អា​ដ ហារី​រី ជា​មនុស្ស​ជំនិត​របស់​ក្រុង​រី​យ៉ា​ដ​មួយ​ឆ្នាំ ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​មួយ​ជាមួយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ស្និទ្ធ​អ៊ីរ៉​ង់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​អគ្គរាជអាជ្ញា​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត គូសបញ្ជាក់​ថា សរុប​មនុស្ស​២០៨​នាក់ ត្រូវ​កោះហៅ​មក​សួរ​ចម្លើយ​រហូត​មក​ទល់​ពេល​នេះ ។ ក្នុង​ចំណោម​មនុស្ស​ទាំង​២០៨​​នាក់​នេះ ៧​នាក់​ត្រូវ​ដោះ​លែង​វិញ ដោយ​ពុំ​មាន​បទចោទប្រកាន់ ។ ទំហំ​នៃ​អំពើ​ពុក​រលួយ​ពិតជា​ធំធេង ។ ទឹកប្រាក់​ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​មាន​ដល់​១០០​ពាន់​លាន​ដុល្លារ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ការ​ស៊ើបអង្កេត​មួយ​ធ្វើ​ឡើង​៣​ឆ្នាំ​មក​ហើយ ។

បណ្តា​ព្រះ​អង្គ​ម្ចាស់ ក្នុង​នោះ​មានព្រះអង្គ​ម្ចាស់​ជា​មហាសេដ្ឋី AL WALID BEN TALAL បណ្តា​រដ្ឋមន្ត្រី ព្រមទាំង​បណ្តា​ពាណិជ្ជករ​ត្រូវ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៤ វិច្ឆិកា ក្នុង​ប្រតិ​បត្តិការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្រោយ​ការ​បង្កើត​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្មី​មួយ​ដឹកនាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ដែល​ប្រមូល​អំណាច​កាន់តែ​ខ្លាំង​ឡើង ។

អាជ្ញាធរ​ក៏​ផ្អឹប​ទុក​ដែរ បណ្តា​គណនី​ធនាគារ​របស់​ពួក​ជនសង្ស័យ ហើយ​ប្រាប់​ថា រាល់​ភាគហ៊ុន​ដែល​ទាក់ទិន​នឹង​រឿង​ពុក​រលួយ​នឹង​ត្រូវ​រឹបអូស​ប្រគល់​ឱ្យ​រដ្ឋ ។
អគ្គរាជអាជ្ញា​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា ថា បណ្តា​ឥស្សរជន​ដែល​ត្រូវ​ចាប់ខ្លួន

ហើយ​យក​ទៅ​ឃុំឃាំង​នៅ​កន្លែង​មួយ​ដែល​អាជ្ញាធរ​មិន​បញ្ជាក់​ប្រាប់​នឹង​ត្រូវ​កាត់ទោស​នៅ​មុខ​តុលាការ​មួយ ។

អង្គការសិទ្ធិមនុស្ស HUMAN RIGHT WATCH (HRW) គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ថា រលក​នៃ​ការ​ចាប់ខ្លួន​នេះ​អាច​ជា​ផ្នែក​មួយ​នៃ​ការ​តស៊ូ​ផ្ទៃក្នុង ដើម្បី​ក្តាប់​អំណាច​ដែរ ។ អង្គការ​នេះ​មានការ​បារម្ភ​ដែល​មនុស្ស​ទាំងនេះ​ត្រូវ​ឃុំខ្លួន​ទាំង​អាជ្ញាធរ​ពុំ​បាន​លើក​ពី​ហេតុផល​នៃ​ការ​ឃុំឃាំង​ពួក​គេ​ផង ។

ការ​ចាប់ខ្លួន​មនុស្ស​សំខាន់​ៗ​បែប​នេះ​ក៏​កើត​មាន​ដែរ​ពេល​ព្រះ​អង្គ​ម្ចាស់ MOHAMMED BEN SALMANE ពង្រឹង​អំណាច​របស់​ទ្រង់ ហើយ​ប៉ុនប៉ង​ធ្វើការ​កែទម្រង់សេដ្ឋកិច្ច និង​សង្គមកិច្ច​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។

ដោយ​ត្រួតត្រា​ក្រសួង​សំខាន់​ៗ​ដូច​ជា​ក្រសួង​ការពារ​ប្រទេស​រហូត​ដល់​ក្រសួង​សេដ្ឋកិច្ច រជ្ជទាយាទ​អង្គ​នេះ​ហាក់​ចង់​រាំង​ខ្ទប់​ការ​ប្រជែង​ផ្ទៃក្នុង​នានា មុន​ពេល​ព្រះ​បិតា​ទ្រង់​ព្រះមហាក្សត្រ SALMANE ព្រះ​ជន្ម​៨១​ព្រះ​វស្សា ផ្ទេរអំណាច​ផ្លូវការ​ដល់​ទ្រង់ ។
សញ្ញា​បង្ហាញ​ច្បាស់​មួយទៀត​នោះ​គឺ​បុរស​ខ្លាំង​នេះ​របស់​ប្រទេស​ជា​អ្នក​ទទួល​ប្រធានាធិបតី​បារាំង លោក EMMANUEL MACRON នៅ​ក្រុង​រី​យ៉ា​ដ​នា​យប់​ថ្ងៃ​ទី​៩ វិច្ឆិកា ។

ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​នេះ​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ឱ្យ​មាន​ផែនការ​កែទម្រង់​ធំ​មួយ​ហៅ​ផែនការ «​ទស្សនវិស័យ​២០៣០» សំដៅ​ជា​ពិសេស​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មាន​លក្ខណៈ​ប្លែក​ៗ​លែង​ចំណុះ​ខ្លាំង​តែ​លើ​ប្រេងកាត ។ ចាប់តាំងពី​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ខ្លាំង​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤ មក​ក្រុង​រី​យ៉ា​ដ ត្រូវ​បង្ខំចិត្ត​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ការ​ចំណាយ​សាធារណៈ ។

កាលពី​ដំណាច់​ខែកញ្ញា ប្រទេស​នេះ​ជា​ប្រទេស​ចុង​ក្រោយ​គេ​ហាមឃាត់​នារី​មិន​ឱ្យ​បើកបរ ប្រកាស​ថា​នារី​ៗ​អាច​កាន់ចង្កូត​រថយន្ត​បាន ហើយ​គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៨​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ