ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​សាធារណៈ​ក្រៅប្រទេស​របស់​កម្ពុជា​មាន​ចំនួន​ជាង 6,233 លាន​ដុល្លារ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​បំណាច់​ខែមិថុនា ឆ្នាំ​2017 នេះ​កម្ពុជា​ជំពាក់​បំណុល​សាធា​រណៈ​​ក្រៅប្រទេស​ គឺ​មាន​សរុប 6,233.2 លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​ជំពាក់​ច្រើន​ជាងគេ គឺ​ប្រទេស​ចិន​ដែល​មាន​ចំនួន​ជាង…

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​បំណាច់​ខែមិថុនា ឆ្នាំ​2017 នេះ​កម្ពុជា​ជំពាក់​បំណុល​សាធា​រណៈ​​ក្រៅប្រទេស​ គឺ​មាន​សរុប 6,233.2 លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​ជំពាក់​ច្រើន​ជាងគេ គឺ​ប្រទេស​ចិន​ដែល​មាន​ចំនួន​ជាង 47.5% នៃ​បំណុល​សរុប ។ នេះ​បើ​យោង​តាម​ឯកសារ​សង្ខេប​សម្រាប់​ប្រតិបត្តិ​ស្តី​ពី​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ 2018 របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហរិ​ញ្ញ​វត្ថុ ។​

​ឯកសារ​ដដែល​បាន​បង្ហាញ​ថា ​សន្និធិ​បំណុល​សា​ធារណៈ​​របស់​កម្ពុជា​ដែល​ជំពាក់​ប្រទេស​​ជប៉ុន ​គឺ​មាន​ចំនួន 3,9% សាធារណរដ្ឋ​កូរ៉េ​មាន​ចំនួន 4,9% និង​បំណុល​ចាស់​មាន​ចំនួន​ប្រមាណ 9,9% ។​

​ឯកសារ​ដដែល​បាន​បញ្ជាក់​ថា​ ក្នុង​ការ​គ្រប់គ្រង​បំណុល​សាធារណៈ រាជរដ្ឋាភិបាល​តែង​តែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គន្លឹះ​ចំនួន ៤ ជា​រួម​ ៖
(១)- ត្រូវ​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សម​ស្រប​ដែល​ស្ថានភាព​ថវិកា​ និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​;
(២)- ត្រូវ​ខ្ចី​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់​;
(៣)- ត្រូវ​ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ដល់​ចីរភាព​នៃ​កំណើន​និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ​ឬ​ផលិតភាព​ផលិតកម្ម​;
និង (៤)- ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំងនោះ ប្រកបដោយ​តម្លាភាព​, គណនេយ្យ​ភាព​, ប្រសិទ្ធភាព​, និង​ស័ក្តិ​សិទ្ធ​ភាព​ខ្ពស់​បំផុត ។​

​ហេតុ​ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​កំណត់​ពិ​ដាន​ក្នុង​ការ​ខ្ចី​សម្រាប់​ឆ្នាំ 2018 ពី​បរទេស​ក្នុង​កម្រិត 1000 លាន​អេស​ដេ​អ៊េ​រ (SDR= Special Drawing Right) ឬ​ប្រមាណ​នឹង 14,011,332,365.62 ដុល្លារ​អា​មេ​រិ​ក ​ស្រប​តាម​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​គ្រប់​គ្រង​បំណុល​សាធារណៈ 2015-2018 ក្នុង​គោលដៅ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ឥណ​ទាន​យ៉ាង​គំហុក ​និង​មាន​ទំហំ​កាន់តែ​ធំ​ឡើង​ៗ​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​ស​ធារ​ណៈ​ដែល​ចេះ​តែ​រំកិល​ពី​ឆ្នាំ​មុន​ៗ​មក ​និង​ត្រូវ​រង់ចាំ​ចុះហត្ថលេខា​រហូត​ដល់​ជាង 1 893 លាន SDR ក្នុង​វិស័យ​អាទិភាព​។​

​យ៉ាងណាមិញ ក្រសួង​សេដ្ឋកិច្ច​បាន​អះអាង​ផ្អែក​តាម​លទ្ធផល​នៃ​ការ​វិភាគ​ចីរភាព​បំណុល​​ដោយ​ឈរ​លើ​មូលដ្ឋាន​សន្មតិ​នៃ​ការ​ខ្ចី​ថ្មី​បន្ថែម​សម្រាប់​ឆ្នាំ 2018 ក្នុង​កម្រិត 1000 លាន SDR គឺ​បាន​បង្ហាញ​ថា ​អនុ​បាត​បំណុល​គន្លឹះ​ទាំង 5 របស់​កម្ពុជា​សុទ្ធតែ​ស្ថិត​ក្រោម​អនុ​បាត​គោល ដូចនេះ​ពិ​ដាន​នៃ​ការ​ខ្ចី​ថ្មី​នេះ គឺ​ឥត​មាន​ផល​ប៉ះពាល់​ដល់​ចីរភាព​បំណុល​​សាធារណៈ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ