ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB​ គ្រោង​រៀបចំ​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​ឡើង​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ផែនការ​ត​ភ្ជាប់​តំបន់​អភិវឌ្ឍន៍​នៃ​បណ្តា​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោង​រៀបចំ​ជួសជុល និង​សាងសង់​ព្រ​លាន​យន្តហោះ​ក្នុង​ខេត្តស្ទឹងត្រែង​ឡើង​វិញ ។ លោក ស៊ិ​ន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ផែនការ​ត​ភ្ជាប់​តំបន់​អភិវឌ្ឍន៍​នៃ​បណ្តា​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោង​រៀបចំ​ជួសជុល និង​សាងសង់​ព្រ​លាន​យន្តហោះ​ក្នុង​ខេត្តស្ទឹងត្រែង​ឡើង​វិញ ។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា​ថា ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង ស្ថិត​ក្នុង​ផែនការមេ​នៃ​ការ​ដាក់​បញ្ចូល​ក្នុង​ផែនការអភិវឌ្ឍន៍​នៅ​តាម​បណ្តា​ប្រទេស​មហា​អនុ​តំបន់​​ទន្លេមេគង្គ ដែល​បច្ចុប្បន្ន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុង​សិក្សា​លម្អិត​ពី​ផែន​ការ​នេះ មុន​សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​នា​ពេល​អនាគត ។

លោក​បន្ត​ថា ៖« ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង មាន​សក្តានុពល​ជាងគេ​ក្នុង​ចំណោម​តំបន់​ភូមិភាគ​ឦសាន និង​ជា​ច្រករបៀង​ងាយ​ត​ភ្ជាប់​ទៅ​កាន់​ប្រទេស​ឡាវ និង​ប្រទេស​ក្នុង​តំបន់​ដទៃ ក៏​ដូច​ជាត​ភ្ជាប់​ទៅ​កាន់​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន​ចំនួន​៣​ទៀត » ។

លោក​បន្ត​ថា ព្រ​លាន​នេះ​មាន​លទ្ធភាព និង​ឆ្លើយ​តប​តាម​ផែនការមេ​នៃ​ផែន​ការ​អភិ​វឌ្ឍន៍​​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ ។ លោក​ថា ៖«​ប្រសិនជា​ត្រឹម​ជួសជុល គឺ​ចំណាយ​ថវិកា​ចន្លោះ​ពី​៥​ទៅ​៦​លាន​ដុល្លារ អាច​បើក​ដំណើរការ​បាន​ហើយ​សម្រាប់​ចុះ​ចត​យន្ត​ហោះ​តូច​ៗ ប៉ុន្តែ​ដើម្បី​អាច​ឲ្យ​យន្តហោះ​ប្រភេទ Airbus320 និង​Boing737 ដែល​អាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី​១៦០​ទៅ​១៨០​នាក់ ព្រ​លាន​យន្តហោះ​នេះ​ត្រូវ​ចំណាយ​ថវិកា​វិនិយោគ​ចន្លោះ​ពី​២០​ទៅ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក » ។

តាម​ការ​ពិនិត្យ​ទីតាំង និង​លក្ខខណ្ឌ​ភូមិសាស្ត្រ ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​មាន​សក្តានុពល​ច្រើន​ផ្នែក​ដូច​ជា ទី​១-​ឆ្លើយ​តប​នឹង​ផែនការ​របស់​មហា​អនុ​តំបន់​ទន្លេមេគង្គ។ ទី​២-​ងាយស្រួល​ក្នុង​កា​រត​ភ្ជាប់ និង​សក្តានុពល​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ទី​៣-​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ភាព​ងាយស្រួល និង​ងាយ​ត​ភ្ជាប់​ទៅ​កាន់​ខេត្ត​ភូមិភាគ​ឦសាន​ចំនួន​៣ ដែល​នៅ​ក្បែរ​នោះ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​រូប​នេះ ។

ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក ធួន ស៊ី​ណា​ន បាន​ថ្លែង​ថា ប្រសិនជា​មានការ​សាងសង់​ព្រ​លាន​យន្តហោះ​នៅ​ខេត្តស្ទឹងត្រែង​មែន ពិតជា​រឿង​អបអរសាទរ​ណាស់ ព្រោះ​​វា​ងាយស្រួល​ត​ភ្ជាប់​ទៅ​ខេត្ត​ដទៃ ត​ភ្ជាប់​ជាមួយ​ប្រទេស​ឡាវ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ដទៃ​ទៀត ។ លោក​បន្ត​ថា ខេត្តស្ទឹងត្រែង ងាយ​ត​ភ្ជាប់​មក​កាន់​ខេត្តក្រចេះ និង​រតនគិរី ហើយ​បើ​រាជរដ្ឋាភិបាល​មាន​លទ្ធភាព​បើក​ព្រ​លាន​ថ្មី​មួយ​នៅ​ខេត្តមណ្ឌលគិរី​កាន់តែ​ប្រសើរ ។

លោក​បន្ត​ថា ៖« ប្រសិនជា​មាន​ព្រ​លាន​នៅ​ខេត្តស្ទឹងត្រែង​ជា​រឿង​អបអរសាទរ ហើយ​យើង​រំពឹង​ថា ភ្ញៀវ​ទេសចរ​នឹង​កើនឡើង​ច្រើន​នៅ​តាម​បណ្តា​ភូមិភាគ​ឦសាន​បន្ថែម​ទៀត » ។

លោក​បញ្ជាក់​ថា ៖« ការ​ពិត ខេត្តស្ទឹងត្រែង​មាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ​សម្បើម​ណាស់ ប៉ុន្តែ​បញ្ហា​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ក្លាយជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ