ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ​ CNRP បដិសេធ​លិខិត​សុំ​ចុះចូល​ជាមួយ ​CPP

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ប្រកាស​ឱ្យ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចូល​ជាមួយ​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា ស្រប​ពេល​ដែល​តុលាការ​កំពុង​ដំណើរការ​ក្តី​រំលាយ​គណបក្ស​នេះ​តាម​បណ្តឹង​ក្រសួងមហាផ្ទៃ តំណាងរាស្ត្រ​មួយ​របស់​គណបក្សប្រឆាំង​ គឺ​លោក…

រាជធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ប្រកាស​ឱ្យ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចូល​ជាមួយ​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា ស្រប​ពេល​ដែល​តុលាការ​កំពុង​ដំណើរការ​ក្តី​រំលាយ​គណបក្ស​នេះ​តាម​បណ្តឹង​ក្រសួងមហាផ្ទៃ តំណាងរាស្ត្រ​មួយ​របស់​គណបក្សប្រឆាំង​ គឺ​លោក ងឹ​ម ញេង បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​។ នេះ​យោង​តាម​លិខិត សុំ​ចុះចូល​មួយ​​ច្បាប់​ចុះ​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១៧ មាន​បិទ​រូបថត​របស់​លោក និង​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តែ​យ៉ាងណាមិញ លោក ងឹ​ម ញេ​ង តំណាងរាស្ត្រ​ខេត្តពោធិ៍សាត់ បាន​បដិសេធ​ចំពោះ​លិខិត​នេះ​។ លោក ងឹ​ម ញេ​ង បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា លិខិត​សុំ​ចុះចូល​ដែល​បាន​បង្ហោះ និង​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ ជា​លិខិត​ក្លែងក្លាយ​។​

​លោក​បាន​សរសេរ​បញ្ជាក់​ថា​ «​ខ្ញុំ ងឹ​ម ញេ​ង ជា​អ្នកតំណាង​រាស្ត្រ សូម​ប្រកាស​បដិសេធ​ចំពោះ​លិខិត​ក្លែងក្លាយ​ខាងក្រោម​នេះ​។ នេះ​គឺជា​អំពើ​ទុច្ចរិត​លាប​ពណ៌​របស់​ក្រុម​មនុស្ស​​ល្មោភ​អំណាច ខ្ញុំ​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ​ និង​ចាប់​ជនល្មើស​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ជា​ធរមាន​។ ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​ថា​ ខ្ញុំ​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​ជា​ដាច់ខាត»​។​

​កាលពី​ពេល​ថ្មី​ៗ​នេះ តំណាងរាស្ត្រ​ប្រឆាំង​មួយ​រូប គឺ​លោក ឡុ​ង ប៊ុ​ន្នី បាន​ប្រកាស​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ ក្រោយ​ការ​ប្រកាស​សុំ​ចុះចូល​នេះ លោក ត្រូវ​បាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​ជាទី​ប្រឹក្សា​៕