ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ផលប្រយោជន៍ច្រើន​ពី​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ស្ថិត​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់​ប្រទេស​ចិន ដែល​បាន​ផ្ដល់​នូវ​ផលប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​នេះ​លើ​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ផ្ដល់​ជំនួយ​ពី​ប្រទេស​ចិន ។ សមាជិក​សភា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ស្ថិត​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់​ប្រទេស​ចិន ដែល​បាន​ផ្ដល់​នូវ​ផលប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​នេះ​លើ​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ផ្ដល់​ជំនួយ​ពី​ប្រទេស​ចិន ។

សមាជិក​សភា និង​ជា​អនុប្រធាន​គណៈកម្មការ​កិច្ចការបរទេស លោក សួ​ស យ៉ា​រ៉ា បាន​លើក​ឡើង​ក្នុង​សន្និសីទ​ស្ដី​ពី «​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​តំបន់​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​» នា​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ថា ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ​គម្រោង​នេះ បាន​ផ្ដល់​សារ​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា ដោយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​ពាណិជ្ជ​​កម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​ទំហំ​ពាណិជ្ជកម្ម​ចិន និង​កម្ពុជា​កាលពី​ឆ្នាំ​២០១៦​មាន​ទំហំ​ដល់​៤.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ លើស​ពី​នេះ គិត​ត្រឹម​ឆ្នាំ​២០១៦ ការ​វិនិយោគ​របស់​ចិន​មក​កម្ពុជា មាន​ចំនួន​៥.១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ភាគច្រើន​វិនិយោគ​លើ​វិស័យ​សំណង់ វាយនភ័ណ្ឌ និង​អគ្គិសនី ។

លោក​បន្ត​ថា ៖« លើស​ពី​នេះ កម្ពុជា​ក៏​ទទួល​បាន​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ទាំង​ជំនួយ​ឥត​សំណង និង​កម្ចី​ពី​ប្រទេស​ចិន ដើម្បី​ស្ថាបនា​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល និង​វិស័យ​អប់រំ​ផង​ដែរ » ។

សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ លោក ជេ​ត ជាលី បាន​ថ្លែង​ថា កម្ពុជា​ក៏​បាន​សហការ​ជាមួយ​ប្រទេស​ចិន ដើម្បី​ជួយ​សម្រេច​គោលដៅ​ផង​ដែរ ដោយ​ក្នុង​នោះ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​ឈ្មោះ មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ដើម្បី​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​គោលនយោបាយ វិស័យសេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ បរិស្ថាន និង​វិស័យ​មួយ​ចំនួន​ទៀត ។

គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់​ប្រទេស​ចិន​នេះ បាន​ធ្វើ​ឡើង​តាំងពី​យូរលង់​ណាស់​​មក​ហើយ ហើយ​គម្រោង​នេះ​បាន​លើក​ឡើង​មក​សា​ជា​ថ្មី​ដោយ​ប្រធានាធិបតី Xi Jinping កាលពី​ឆ្នាំ​២០១៣ ជា​ការ​ផ្តួចផ្តើម​គំនិត ខ្សែក្រវាត់​សេដ្ឋកិច្ច​នៃ​ផ្លូវ​សូត្រ​ថ្មី ដើម្បី​ត​ភ្ជាប់​ទ្វីបអាស៊ី អឺរ៉ុប និង​ទ្វីបអាហ្វ្រិក ។

យោង​តាម​របាយការណ៍​របស់​ធនាគារ ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ប្រទេស​ចិន​ជា​ដៃគូ​នាំ​ទំនិញ​ចូល​កម្ពុជា​លំដាប់​លេខ​១ ចាប់ពី​ឆ្នាំ​១៩៩៨​មក ហើយ​ប្រទេស​ចិន ក៏​ជាទី​ផ្សារ​នាំ​អង្ករ​ចេញ​ធំ​បំផុត​របស់​កម្ពុជា​ផង​ដែរ ។ កាលពី​ឆ្នាំ​២០១៦ ចិន​បាន​នាំ​ចូល​មក​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​៤.៥៥០​លាន​ដុល្លារ​អា​មេ​រិ​ក ប្រមាណ​ជា​៣៦,៩%​នៃ​ការ​នាំ​ចូល​សរុប ។ ចំណែក​ឯ​ទំហំ​ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​វិញ​មាន​ចំនួន​ត្រឹមតែ​៦០៩​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ស្មើនឹង​៦%​នៃ​ការ​នាំ​ចេញ​សរុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ