ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​ក្នុង​រាជធានី​ភ្នំពេញ​អាច​នឹង​កើន​ដល់​80​ម៉ឺន​តោន​នៅ​ដំណាច់ឆ្នាំ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា សំរាម​នៅ​រាជ​ធានី​​ភ្នំពេញ​បាន​កើន​ឡើងជា​បន្ដបន្ទាប់ ខណៈ​ដែល​គិត​ត្រឹម​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ មាន​រហូត​ដល់​ជិត​៤០​ម៉ឺន​តោន ហើយ​បើ​តាម​ការ​ព្យាករ នឹង​កើនឡើង​ដល់​៨០​ម៉ឺន​តោន​នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ ។ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា សំរាម​នៅ​រាជ​ធានី​​ភ្នំពេញ​បាន​កើន​ឡើងជា​បន្ដបន្ទាប់ ខណៈ​ដែល​គិត​ត្រឹម​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ មាន​រហូត​ដល់​ជិត​៤០​ម៉ឺន​តោន ហើយ​បើ​តាម​ការ​ព្យាករ នឹង​កើនឡើង​ដល់​៨០​ម៉ឺន​តោន​នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ ។

លោក នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​មួយ​កាលពី​ថ្ងៃ​ទី​២៨ តុលា ថា បច្ចុប្បន្ន រាជធានី កំពុង​ប្រឈម​នឹង​បញ្ហា​សំរាម ដែល​ក្នុង​មួយ​ខែ​ៗ​បាន​កើន​ឡើងជា​លំដាប់ ខណៈ​ពេល​ត្រឹមតែ​៤​ខែ​ដើមឆ្នាំ​នេះ សំរាម​មាន​រហូត​ដល់​ទៅ​ជិត​៤០​ម៉ឺន​តោន ហើយ​អាច​ព្យាករ​បាន​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ នឹង​កើន​រហូត​ដល់​៨០​ម៉ឺន​តោន ។

លោក​ថា ៖« បញ្ហា​ស្មុគស្មាញ​នេះ មិនមែន​ជា​ការ​ទទួលខុសត្រូវ​របស់​ស្ថាប័ន​ណាមួយ ឬ​បុគ្គល​ណា​ម្នាក់​ទេ គឺជា​កិច្ចការ​រួម ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ត្រូវ​ផ្តើម​ចេញ​ប្រជាពលរដ្ឋ​ម្នាក់​ទៅ ដោយ​គិត​ថា ស្អាត​ជា​និច្ច រាប់​តាំងពី​ជុំវិញ​ខ្លួន​យើង ផ្ទះ​យើង កន្លែងធ្វើការ​យើង និង​សង្គម​យើង ដើម្បី​គ្មាន​សំរាម​នៅ​ក្នុង​ទីក្រុង​របស់​យើង និង​ចូលរួម​ទប់ស្កាត់​ការ​បោះចោល​សំរាម » ។

ដើម្បី​ឱ្យ​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​មាន​ភាព​ស្រស់​ស្អាត​គួរ​ជាទី​គយគន់​ពី​សំណាក់​ទេសចរ​ជាតិ និង​អន្តរជាតិ និង​ជា​ការ​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​ផង​នោះ ស្ថាប័នរដ្ឋ ឯកជន សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​បាន​រួម​គ្នា​ធ្វើ​យុទ្ធ​នាការ​សម្អាត​រាជធានី​ភ្នំពេញ​រយៈពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ២០១៧ ។

លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានឱ្យ​ដឹង​ថា ដើម្បី​ឲ្យ​យុទ្ធនា​ការ ភ្នំពេញ​ស្អាត​នេះ​ទៅ​រួច ត្រូវ​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា ការ​ចូលរួម​ទាំង​អស់​គ្នា និង​ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ការ​ទុកដាក់​សំរាម ដើម្បី​ភាព​ស្អាត​ទាំងអស់​គ្នា កុំ​គិត​ថា អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ​លើ​បញ្ហា​សំរាម គឺ​គិត​ថា សំរាម​ជា​បញ្ហា​របស់​យើង​ទាំងអស់​គ្នា ផ្តើម​អប់រំ​តាំងពី​កុមារភាព​ឡើង​ទៅ ។

លោក​ថ្លែង​ថា ៖« ជាមួយនឹង​យន្តការ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ស្រាប់ ខ្ញុំ​រំពឹង​ថា យុទ្ធនា​ការ​សម្អាត​ទីក្រុង នឹង​ក្លាយជា​ដំណោះស្រាយ​មួយ​ផ្នែក​ទៀត​ចំពោះ​បញ្ហា​សំរាម​នៅ​កម្ពុជា ពិសេស​ការ​អប់រំ​ប្រជាជន យុវជន និង​កុមារ​ឱ្យ​ចូលរួម​គិត​ពី​បញ្ហា​សំរាម និង​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ ជា​ជាង​ការ​រិះគន់ ប៉ុន្តែ​មិន​ចូលរួម​ជា​សកម្មភាព រួម​មានការ​ផ្សព្វផ្សាយ​ជាដើម » ។

លោកស្រី ជា សុ​ផល្លា សហ​ស្ថាបនិក​គម្រោង​មួយ​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ស្អាត​នេះ គឺជា​វេទិកា​មួយ​ផ្តល់​ឱកាស​ឱ្យ​យើង​ទាំងអស់​គ្នា​បាន​រួបរួម​ជា​កម្លាំង​មួយ​ដ៏​ធំ​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង បទ​ពិសោធន៍ យុទ្ធសាស្ត្រ ក្នុង​ការ​ការពារ បរិស្ថាន សោភ័ណ​ភាព និង​សុខុមាលភាព​របស់​យើង​ប្រកបដោយ​និរន្តរភាព ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា ក៏​បាន​លើក​ឡើង​កន្លង​មក​ថា សំរាម គឺជា​សត្រូវ​នៃ​ភ្នែក​ទេសចរ ហើយ​គ្មាន​ទេសចរ​ណា​ចង់​មក​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​សំរាម​ទេ ។ បញ្ហា​នេះ​មិនមែន​ចាំតែ​រាជរដ្ឋាភិបាល​ជា​អ្នក​ដោះស្រាយ​ទេ គឺ​ត្រូវ​ចូល​រួម​ទាំងអស់​គ្នា តាំងពី​ប្រជាពលរដ្ឋ​ខ្លួន​គាត់ ស្ថាប័នរដ្ឋ និង​ឯកជន​ទាំងអស់​ផង​ដែរ។

គួរ​បញ្ជាក់​ថា កម្មវិធី​ភ្នំពេញ​ស្អាត ឬ​យុទ្ធនាការ​សម្អាត​ទីក្រុង ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាប័ន​ជា​ច្រើន រួម​មាន ក្រុមហ៊ុន​សប្បាយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ក្រុមហ៊ុន Emerald Plus ធនាគារ​ស៊ី​អាយ​អឹ​ម​ប៊ី និង​ក្រុមហ៊ុន Bosch ប្រចាំ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ