រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស LX៤៧០ មួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រាបានរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន២កង់ ចំណែករថយន្តខូចខាតយ៉ាងដំណំ ឬអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ខណៈពេលនោះ ក៏ស្រាប់តែបុរសម្នាក់មិនដឹងថាជិះម៉ូតូចេញពីណានោះទេ បានបន្លំបើកទ្វាររថយន្តយកទូរស័ព្ទរបស់ជនរងគ្រោះ ដែលភ្លេចក្នុងរថយន្ត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ចំណុចផ្លូវ១៩៣កែងនិងផ្លូវម៉ៅសេងទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
ចំណែកជនសង្ស័យដែលបន្លំលួចយកទូរសព្ទ័ក្នុងរថយន្តមានឈ្មោះ លីម លីកា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅកន្លែងធ្វើការ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក មានស្រុកកំណើតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ សមត្ថកិច្ចដកហូត ទូរសព្ទ័ចំនួន៣គ្រឿង មួយគ្រឿងម៉ាក Iphon 6plus ជារបស់ជនរងគ្រោះ ពីរគ្រឿងទៀតជារបស់ជនសង្ស័យ និងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CA-១១៨២ ។
តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់មិនដឹងថាចេញពីផឹកវិញនៅកន្លែងណានោះទេ គឺបានបើករថយន្ដបង្កម៉ាកឡិចស៊ីស LX៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២G-៧៨០១ បានធ្វើដំណើរតាមផ្លូវម៉ៅសេងទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកនឹងក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតអស់ចំនួន២កង់ ដោយឡែករថយន្តវិញនៅពេលបង្កហេតុរួចមិនទាន់អស់ល្បឿន បានបើកចេញពីកន្លែងកើតហេតុចម្ងាយ១០០ម៉ែត្រ ទើបអស់ល្បឿន និងធ្វើឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង ហើយភ្លាមៗនោះដែរ គេបានឃើញអ្នកបើករថយន្តបង្កបានរត់គេខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីហេតុការណ៍នេះដែរ បានកើតឡើងបាន១០នាទី ស្រាប់តែសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងមានអ្នកសារព័ត៌មានជាច្រើនស្ថាបនបានចុះទៅផ្ដិតយករូបភាពនៅកន្លែងកើតហេតុ ខណៈពេលនោះ ក៏ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាក់វ៉េវ ពណ៌ខ្មៅ មួយគ្រឿង បានឈប់ជិតគេជិតឯង ហើយបុរសរូបនោះឆ្លៀតឱកាសបានដើរទៅបើកទ្វាររថយន្ត បន្លំលួចយកទូរស័ព្ទដៃម៉ាក Iphon 6plus រថយន្តជនរងគ្រោះដែលភ្លេចក្នុងរថយន្ត តែចៃដន្យបានសមត្ថកិច្ច និងអ្នកសារព័ត៌មានឃើញបានជួយនាំគ្នាឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ១តែម្តងទៅ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនោះបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព បើកទ្វាររថយន្តយកទូរស័ព្ទរបស់គេពិតប្រាកដមែន ។ ក្រោយពេលកើតហេតុ ជនសង្ស័យព្រមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនខ្លួននៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ