រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ កញ្ញា ២០១២ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រក៏ដូចជាការជួយលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុនឌីជី ដែលជាក្រុមហ៊ុនបម្រើសេវាកម្មអីុនធើរណេត ដ៏ធំមួយក្នុងព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការជួយពង្រឹងចំណេះដឹងដល់សិស្ស និស្សិតនៅតាមសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ តាមរយៈការរៀបចំធ្វើសិក្ខាសាលាមួយក្រោមប្រធានបទ «អីុនធើរណេតសម័យទំនើប ៖ យល់ដឹងដើម្បីអាជីព» ក្នុងគោលបំណងចង់បង្ហាញអំពីវិធីសាស្ត្រ និងគំនិតបែបពាណិជ្ជកម្មដែលអាចប្រព្រឹត្តទៅបានដោយមានជំនួយពីប្រព័ន្ធអីុនធើរណេត ។ នេះគឺជាសាកលវិទ្យាល័យទី៧ហើយ ដែលក្រុមហ៊ុនឌីជី បានរៀបចំធ្វើសិក្ខាសាលាដោយទទួលបានការគាំទ្រពីបណ្តាសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យដែលបានចូលរួមយ៉ាងច្រើនកុះករនៅក្នុងកម្មវិធីសិក្ខាសាលានេះ។
លោកតែ ឡូរិន ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវេស្ទើន បានមានប្រសាសន៍ថា រាល់មុខវិជ្ជាសិក្សាទាំងអស់សុទ្ធសឹងតែមានប្រយោជន៍សម្រាប់អ្នកសិក្សា ដើម្បីស្វែងរកអាជីពការងាររបស់ខ្លួន ក្នុងនោះដែរអ្នកសិក្សាទាំងអស់គួរតែបង្កើនការចាប់អារម្មណ៍ឱ្យបានខ្លាំង ចំពោះការរីកចម្រើននៃបច្ចេកវិទ្យាអីុនធើរណេត ព្រោះយើងទាំងអស់គ្នាបានដឹងហើយថា បច្ចេកវិទ្យាអីុនធើរណេតនាពេលបច្ចុប្បន្ននេះបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងបណ្តាញ សង្គមរស់នៅ ការងារមុខជំនាញ និងការសិក្សា ។ ដូច្នេះដើម្បីធានាឱ្យបាននូវនិរន្តរភាពការងារ អ្នកសិក្សាទាំងអស់ត្រូវតែចាប់អារម្មណ៍ និងដើរឱ្យទាន់នូវការវិវត្តន៍របស់បច្ចេកវិទ្យាអីុនធើរណេតនៅលើពិភពលោក ។
តាមរយៈសិក្ខាសាលានេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានាលើសាកលលោក ឌីជីបានផ្តួចផ្តើមគំនិត និងផ្តល់ឱកាសដល់សិស្ស និស្សិតដែលមានបំណងចង់បង្កើតអាជីវកម្មតាមប្រព័ន្ធអីុនធើរណេត ឱ្យធ្វើការអនុវត្ត និងបញ្ចេញសមត្ថភាពរបស់ខ្លួន ដោយក្នុងនោះឌីជី នឹងធ្វើការគាំទ្រ ព្រមទាំងផ្តល់ជំនួយលើផ្នែកហិរញ្ញវត្ថុក៏ដូចជាគំនិតចំពោះអ្នកដែលនឹងត្រូវជ្រើសរើសក្នុងការចាប់ផ្តើមគម្រោងអាជីវកម្មនេះ ហើយពួកគាត់អាចដាក់ពាក្យជាមួយនឹងគម្រោងអាជីវកម្មរបស់គាត់តាមរយៈគេហទំព័រ http://www.digi.com.kh/eduction។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ