ខេត្តបន្ទាយមានជ័យ ៖ ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបនៅព្រឹកថ្ងៃទី១៣ កញ្ញា ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងក្នុងភូមិសាស្ត្រ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី កម្លាំងនគរបាលនៃនាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តចុះធ្វើការត្រួតពិនិត្យល្បឿនរថយន្តដែលធ្វើចរាចរណ៍បើកហួសល្បឿនកំណត់ និងធ្វើការផាកពិន័យ ។
លោកវរសេនីយ៍ទោ ឈឿម សុផុន នាយការិយាល័យនគរបាលចរាចរជើងគោកខេត្ត បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការណែនាំរបស់លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្ត កម្លាំងនគរបាលជំនាញរបស់នាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងនគរបាលជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃបានចុះយុទ្ធនាការត្រួតពិនិត្យល្បឿនចំពោះរថយន្តល្មើសមួយចំនួនដែលបើកបរលើសល្បឿនកំណត់៦០ចូលមកក្នុងទីប្រជុំជន (ចូលក្រុង) ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ