ខេត្តកោះកុង ៖ កម្មករខ្មែរចំនួន៣នាក់ត្រូវបានសមត្ថកិច្ចខេត្ត សហការជាមួយតម្រួតថៃចាប់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី១១ កញ្ញា ២០១២ ខណៈជនសង្ស័យទាំង៣នាក់ រួមគំនិតគ្នាអារ.កសម្លាប់កម្មករខ្មែរដូចគ្នា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ កញ្ញា ២០១២ ចំណុចវត្តមួយ ស្ថិតក្នុងស្រុកខ្លងយ៉ៃ ប្រទេសថៃ។
ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះរ៉ូ ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករលក់ទឹកនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត (ប្រទេសថៃ) ២-ឈ្មោះរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករលីសែងនៅកំពង់ផែខ្លងស្រុន ស្រុកខ្លងយ៉ៃ ទាំង២នាក់ត្រូវតម្រួតថៃចាប់ខ្លួននៅប្រទេសថៃ និងម្នាក់ទៀតឈ្មោះគិន សុភក្ត្រ ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករលីសែងនៅកំពង់ផែខ្លងស៊្រុន ស្រុកខ្លងយ៉ៃ មានស្រុកកំណើត ឃុំចាក ស្រុកអូររាំងឪ ខេត្តកំពង់ចាម ចាប់ខ្លួនបាននៅកំពង់ផែកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីកម្មកររូបនេះបានជិះទូកដឹកទំនិញពីកំពង់ផែខ្លងស៊្រុន គេចខ្លួនមកស្រុកកំណើត ។
តាមរបាយការណ៍សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យម្នាក់បានសារភាពថា មុនពេលកើតហេតុពួកគេមានគ្នា៣នាក់បានជិះម៉ូតូដើរលេងនៅក្នុងទឹកដីថៃ ពេលនោះក៏ជួបនឹងកម្មករខ្មែរម្នាក់កំពុងដើរលេងម្នាក់ឯង ឃើញដូច្នេះពួកខ្លួនក៏ឈប់ម៉ូតូឱ្យឈ្មោះរ៉ូ និងឈ្មោះរ៉ា ចាប់ដៃម្នាក់ម្ខាង ហើយរូបខ្លួន (គិន សុភ័ក្ត្រ) ជាអ្នកចាប់ភ្ងើយក្បាលទៅក្រោយអារ.កដោយកាំបិតចុងស្រួចស្លាប់នៅនឹងកន្លែងរួចអូសសពទៅទម្លាក់ក្នុងអូរចម្ងាយប្រហែល១០ម៉ែត្រពីចំណុចកើតហេតុ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ