ខេត្តបាត់ដំបង ៖ មានសេចក្តីរាយការណ៍មកថា ក្មេងប្រុស-ស្រីចំនួន៣នាក់ នៅតំបន់ឆ្ងាយដាច់ស្រយាលមួយត្រូវបានជនមិនស្គាល់មុខចាប់ពង្រត់ចេញពីផ្ទះកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុន ខណៈដែលជីដូនប្រើឱ្យទៅផ្លាស់ចំណងគោស៊ីស្មៅនៅខាងក្រោយផ្ទះស្ថិតក្នុងភូមិអណ្តូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ។
ប្រភពបានអះអាងថា ក្មេងប្រុស ស្រីទាំង៣នាក់ ដែលត្រូវប្រមាត់ប្រមង់ចាប់ពង្រត់នោះមានរយៈពេលជិតមួយសប្តាហ៍ហើយមិនទាន់មានដំណឹងទេ ។ អាណាព្យាបាលសង្ស័យថា ករណីនេះអាចពាក់ព័ន្ធនឹងរឿងគំនុំអ្វីមួយ ។ ដោយសារគ្មានដំណឹងពីក្រុមក្មេងទាំង៣នាក់ខាងលើនេះ នៅរសៀលថ្ងៃទី១១ កញ្ញា ២០១២ ជីដូន និងអាណាព្យាបាលរបស់ពួកគេបានមកដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តដើម្បីសុំឱ្យជួយអន្តរាគមន៍ ។
ក្នុងបណ្តឹងអ្នកស្រី សៀន សូត្រ អាយុ៤៨ឆ្នាំ ដែលត្រូវជាជីដូនក្មេងទាំង៣នាក់ នោះបានឱ្យដឹងថា ចៅទាំង៣នាក់ដែលត្រូវជនមិនស្គាល់មុខចាប់ពង្រត់នោះមាន ១-ឈ្មោះភាពយន្ត ចិន្តា ហៅផឹង ភេទប្រុស អាយុ១០ឆ្នាំ ២-ឈ្មោះចាន់ អាត្រា ភេទប្រុស អាយុ១១ឆ្នាំ និង៣-ឈ្មោះម៉ាប់ រំដួល ភេទស្រី អាយុ៨ឆ្នាំ ។ អ្នកស្រីបញ្ជាក់ថា ពួកគេត្រូវជនមិនស្គាល់មុខចាប់ពង្រត់នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៩ កញ្ញា ខណៈដែលគាត់ប្រើពួកគេឱ្យទៅផ្លាស់ចំណងគោនៅខាងក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ។ អ្នកស្រី សៀន សូត្រ បញ្ជាក់ថា ក្រោយពីបាត់ពួកគេជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញ គាត់ក៏ចេញទៅដើររក និងស្រែកហៅគ្រប់ទីកន្លែង តែមិនឮសំឡេងឆ្លើយតបហើយក៏គ្មានអ្នកណាម្នាក់ប្រទះឃើញដែរ ។ គាត់ថា ក្នុងគ្រាដែលគាត់ និងឪពុកម្តាយក្មេងកំពុងដើររកពួកគេ មានស្ត្រីម្នាក់ឈ្មោះកែវ ឆែម ប្រាប់ថា គាត់បានប្រទះឃើញបុរសម្នាក់បណ្តើរក្មេងប្រុសស្រីទាំង៣នាក់នៅឯស្រុកបាណន់ ទើបមានការផ្អើលឆោឡោតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ