រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការហែកហួរគ្នាតាមបណ្តាញសារព័ត៌មានជាបន្តបន្ទាប់នោះតារាសម្តែងសំដីដាច នាងស្វែង សុជាតា នឹងអតីតគូស្នេហ៍ដ៏ល្អូកល្អិនលោកគង់ សុផារ៉ា បានធ្វើការសម្រេចចិត្តធ្វើចរចា ដើម្បីស្វែងរកមូលហេតុច្បាស់លាស់ជុំវិញការចោទប្រកាន់គ្នាទៅវិញទៅមក ដោយគ្មានភស្តុតាង ។
គួរបញ្ជាក់ថា មុននឹងឈានដល់ការចរចាគ្នានេះលោកគង់ សុផារ៉ា ដែលគេស្គាល់ថា ជាមន្ត្រីម្នាក់នៅក្នុងក្រសួងមហាផ្ទៃនោះបានទម្លាយចេញនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយតាមរយៈសារអេឡិចត្រូនិកលើបណ្តាញ Facebook ដោយលោកបានប្រាប់ថា រវាងលោក និងនាងស្វែង សុជាតា បានចែកផ្លូវគ្នាហើយ ដោយសារមូលហេតុមកពីអ្នកនាងស្វែង សុជាតា មានចិត្តមិនស្មោះត្រង់ និងក្បត់ទំនុកចិត្តរបស់លោក ។
នៅក្នុងសារដដែលនោះលោកគង់ សុផារ៉ា បានចោទប្រកាន់នាងស្វែង សុជាតា ថា និយាយកុហករូបលោកនិងបានលួចយកទ្រព្យសម្បត្តិមួយចំនួនក្នុងផ្ទះលោកដែលមានតម្លៃរាប់ពាន់ដុល្លារទៀតផង ។ លោកបានបញ្ជាក់ថា នាងស្វែង សុជាតា សម្រេចចិត្តមករួមរស់ជាមួយលោក គឺគ្រាន់តែសម្លឹងឃើញលោកជាអ្នកមានទ្រព្យស្តុកស្តម្ភមានលុយកាក់ច្រើនតែប៉ុណ្ណោះ តែសម្រាប់មនោសញ្ចេតនាស្នេហាពិតប្រាកដនោះគឺគ្មានទេ ។ ដោយឡែកលោកគង់ សុផារ៉ា ក៏បានអះអាងថា លោកនឹងដាក់ពាក្យបណ្តឹងប្តឹងនាងស្វែង សុជាតា ថែមទៀតផង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ