រាជធានីភ្នំពេញ ៖ ដោយមានគោលបំណងចង់ថែរក្សា និងលើកកម្ពស់វិស័យសិល្បៈបុរាណខ្មែរឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹងនោះ អង្គការសិល្បៈខ្មែរអមតៈបាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាលកូនខ្មែរជំនាន់ក្រោយឱ្យបានចេះដឹងស្គាល់តម្លៃសិល្បៈបុរាណខ្មែរ ហើយអង្គការក៏បានបំពេញបេសកកម្មជួយរចនា និងសម្រួលដល់ការវិវឌ្ឍនៃប្រទេសកម្ពុជាតាមរយៈចលនាវិស័យសិល្បៈ ។
លោកសុង សែង អ្នកគ្រប់គ្រងកម្មវិធីរបស់អង្គការសិល្បៈខ្មែរអមតៈបានអះអាងថា អង្គការសិល្បៈខ្មែរអមតៈបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយអាណិកជនខ្មែរសញ្ជាតិអាមេរិក លោកអាន ចន ផន ដែលពេលនោះអង្គការមានឈ្មោះថា គម្រោងព្រឹទ្ធាចារ្យខ្មែរ ។ ការបង្កើតគម្រោងនេះឡើងគឺដោយសារលោកអាន ចន ផន បានមើលឃើញពីការបាត់បង់សិល្បៈបុរាណខ្មែរដែលត្រូវបានបំផ្លាញដោយរបបខ្មែរក្រហម និងដោយមានការគាំទ្រពីប្រជាពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិកនោះ លោកក៏បានបង្កើតកម្មវិធីសម្តែងសិល្បៈនៅក្នុងឆ្នាំ១៩៩៨ ដោយគ្រូសិល្បៈខ្មែរ ហើយចាប់ពីពេលនោះមកក៏ក្លាយទៅជាអង្គការសិល្បៈខ្មែរអមតៈ ។
លោកបន្តថា ដំបូងកម្មវិធីនេះបានជួយគាំទ្រដល់គ្រូសិល្បៈចំនួន៤រូបដែលលោកអាន បានស្វែងរកឃើញ ដើម្បីទិញឧបករណ៍ជួលកន្លែងបង្រៀន និងរកប្រាក់កម្រៃបន្តិចបន្តួច ។ លោកបញ្ជាក់ថា នាឆ្នាំនោះអង្គការបានបង្កើតថ្នាក់ជា៣ក្រុមប៉ុណ្ណោះ ដោយថ្នាក់មួយនៅក្នុងខេត្តបន្ទាយមានជ័យ បង្រៀនទម្រង់ភ្លេងល្ខោនបាសាក់ ចំណែកថ្នាក់មួយទៀតនៅក្នុងខេត្តបាត់ដំបងបង្រៀនទម្រង់ភ្លេងការសម័យកណ្តាល និងនៅភ្នំពេញបង្រៀនទម្រង់ភ្លេងមហោរី ។ ថ្នាក់ទាំង៣ ខាងលើនេះត្រូវបានបណ្តុះបណ្តាលដោយព្រឹទ្ធាចារ្យចំនួន៥រូប មានព្រឹទ្ធាចារ្យ នង ចក់, យៀន ម៉ាក់, អ្នកគ្រូ ចេក ម៉ាច, លោកយឹម សាំង និងព្រឹទ្ធាចារ្យ ឯក សំ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ