ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខេត្ត​ព្រះ​វិហារ​ ប្រកាស​ប្រគល់​ដី​ជូន​ប្រជា​ពលរដ្ឋ​ភូមិ​ស្រយង់

12 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា ​លោក​អ៊ុំ​ ម៉ារ៉ា អភិបាល​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ដីជូន​ប្រជា​ពលរដ្ឋ ក្នុង​ភូមិ​ស្រយង់​ត្បូង ឃុំ​ស្រយង់​ ស្រុក​គូលែន តាម​ចំណាររបស់​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។

ខេត្ត​ព្រះ​វិហារ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា ​លោក​អ៊ុំ​ ម៉ារ៉ា អភិបាល​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ដីជូន​ប្រជា​ពលរដ្ឋ ក្នុង​ភូមិ​ស្រយង់​ត្បូង ឃុំ​ស្រយង់​ ស្រុក​គូលែន តាម​ចំណាររបស់​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។

ពិធី​នេះ​​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ប៊ុន រ៉ានី​ ហ៊ុន សែន ទួល​ព្រៃ​ភ្ញៀវ​ ចំណុច​បេង​ដូប ​ស្ថិត​ក្នុង​ភូមិ​ស្រយង់​ត្បូង​ ឃុំ​ស្រយង់​ ដោយ​​មាន​ការ​ចូលរួម​ពីលោកឧត្តម​សេនីយ៍​ឯក​ ស្រី ឌឹក នាយ​សេនា ធិការ​ចម្រុះ​ និង​ជា​មេបញ្ជា​ការ​កង​ពល​ធំ​អន្ត​រាគមន៍លេខ​៣ លោក​ឧត្តម​សេនីយ៍ទោ​ នាង ឃីម មេបញ្ជាការ​កង​ពល​តូច​អន្ត​រាគមន៍​លេខ​៤១ មន្រ្តីរាជ​ការ​ជុំ​វិញខេត្ត មន្រ្តីអាជ្ញា​ធរ​ស្រុក​គូលែន ​​ព្រម​ទាំង​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ ជា​ច្រើន​រយ​គ្រួសា​រ ​សរុប​​ប្រមាណ ១០០០​នាក់ ។

ការ​ប្រកាស​ផ្តល់​ដី​នា​ព្រឹក​នោះ​គឺ​ បន្ទាប់​ពី​មាន​ការ​ប្តឹង​តវ៉ា​ពីសំណាក់​ប្រជា​ពលរដ្ឋ​ ប្រមាណ​ជាង​៣០០​គ្រួសារ​ទៅប្រមុខ​រាជ​រដ្ឋា​ភិបាល​ លើ​ដីសម្ប​ទា​ន​សង្គម​កិច្ច​មួយ​កន្លែង​ឋិត​ក្នុង​ភូមិ​ស្រយង់​ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ដែល​មាន​ផ្ទៃ​ដីទំហំ៥.៥៥៧ហិកតា​ ​ជា​អតីត​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ និង​មាន​ដីកា​ដក​ហូត​របស់​ខេត្ត ទុក​ជា​សម្បត្តិ​រដ្ឋ​កាល​ពី​ឆ្នាំ​២០១០ ។ ដោយសារ​មានគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​ការ​អនុវត្ត​​នយោបាយ​ចាស់សកម្ម​ភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋា​ដែ​ល​បាន​កាន់​កាប់​ដាំ​ដុះអាស្រ័យ​ផល​ និង​មាន​លំនៅ​ឋាន​លើ​ដី​ធ្លី​ទាំង​នោះ​កន្លង​មក ​ក៏​ត្រូវ​បាន​​ធ្វើ​ការ​វាស់​វែង​ប្រគល់​ជូន​ប្រជា​ពលរដ្ឋ​វិញ​តាម​សភាព​ជាក់​ស្តែង​ ។

លោកអ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​ មាន​ប្រសាសន៍ថា ថ្វី​​ដ្បិត​ដី​ធ្លី​ទាំង​នោះ​បាន​ធ្វើ​អនុប្រយោគ​ទៅ​ជា​ដី​សម្បទាន​សង្គម​កិច្ច​ហើយ​ក្តី ក៏​ពេល​នេះ​ត្រូវបាន​ធ្វើ​ការ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​វិញ​ទាំង​អស់ ។ ប៉ុន្តែ​លោក​អភិបាល​ខេត្ត​ក៏​បាន​មា​ន​ប្រសាសន៍​បញ្ជាក់​ថា ការ​ប្រគល់​ដី​ធ្លី​ជូន​ទៅពលរដ្ឋ​នេះ​គឺ​អនុញ្ញាត​តែ​ដី​ធ្លី​ទាំង​ឡាយ​ណា​ដែ​ល​ប្រជាពល រដ្ឋ​បាន​អាស្រ័យ​ផល និង​សង់​លំនៅ​ឋាន​មុន ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២កន្លង​ទៅ​​នេះប៉ុណ្ណោះ ។ ដោយ​ឡែក​ចំពោះ​ជន​ឆ្លៀត​​ឱកាស​ក្រោយ​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ ហើយ​លួច​ទន្ទ្រាន​យក​ដីរបស់​រដ្ឋ​ក្រោម​រូប​ភាព​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ឬ​បាញ់​ថ្នាំ​សម្លាប់​ស្មៅ​ដើម្បី​ដាំ​ស្រូវ​ឬ​ព្រោះ​សណ្តែក​នៅ​លើ​ដី​រដ្ឋ ​មិន​ត្រូវ​បាន​ប្រគល់​ជូន​ទេ​ ប៉ុន្តែ​ថែម​ទាំ​ង​ប្រឈម​មុខ​ជា​មួយ​ផ្លូវ​ច្បាប់​ទៀត​ផង ។

ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ស្រយង់​ត្បូង ​បន្ទាប​់​ពី ទទួល​បាន​សេចក្តី​ប្រកាស​ជូនដំណឹង​ ពី​សំណាក់​លោក​អភិបាល​ខេត្ត​អំពី​ការ​ប្រគល់​ដីធ្លី​ដែល​ពួកគាត់​បាន​កាន់​កាប់​និង​អាស្រ័យ​ផល​​​រួច​មក​ពួកគាត់​មាន​ភាព​សប្បាយ​រីករាយ និង​ថ្លែង​អំណរ​គុណ​សម្តេចតេជោ​ ហ៊ុន សែន​​ ដែល​គ្រប់​ពេល​វេលាសម្តេច​តែង​​យក​ចិត្ត​ទុក​ដាក់​លើ​រាល់​ការ​លំបាក​របស់​ពួកគាត់ ។ ​តាម​សេចក្តី​ប្រកាស​របស់​​លោក​ អ៊ុំ ម៉ារ៉ា​ អភិបាល​ខេត្ត​ ក្នុង​ការ​ប្រគល់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​តាម​ការ​កាន់​កាប់ជាក់​ស្ត​របស់​ប្រជាពលរដ្ឋ​ពេល​នេះ​ការ​ទាម​ទារ​របស់​ប្រជា​ពលរដ្ឋ​អំពី​ដី​ធ្លី​ក្នុង​​ភូមិ​ស្រយង់ ត្បូង​​បាន​បញ្ចប់​ហើយ​​ ។ ចំណែក​អាជ្ញាធរ​ខេត្ត​ក៏​បាន​ប្រកាស​សហការ​ជាមួយ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​សម្តេចតេជោ​ចុះ​ធ្វើ​ការ​វាស់​វែង​ដីធ្លី​ជូន ពួក​គាត់​នៅ​ចុង​សប្តាហ៍​ខាង​មុខ​នេះ​ដែរ ៕​