រាជធានីភ្នំពេញ ៖ សុខ វិបុល ហៅស្ទែប គឺជាសមាជិកនៅក្នុងក្រុម Legacy របស់ផលិតកម្មរស្មីហង្សមាស ។ យុវជនរូបនេះគឺជាប្អូនប្រុសរបស់លោក សុខ សេរីវឌ្ឍនា ជាពិធីករនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។ សុខ វិបុល គឺជាតារាចម្រៀងថ្មីដែលចាប់ផ្តើមដំបូងនៅក្នុងក្រុមសាន់រ៉ាយ មានសមាជិក៦នាក់ ។ នៅក្នុងក្រុមសាន់រ៉ាយមានជំនាញតែក្បាច់រាំប៉ុណ្ណោះ តែនៅពេលចូលទៅក្នុងផលិតកម្មរស្មីហង្សមាស វិបុល បានក្លាយទៅជាអ្នកចម្រៀងវិញ ប៉ុន្តែក្បាច់រាំរូបគេមិនបោះបង់ទេ ។
សុខ វិបុល ធា្លប់រៀននៅវិទ្យាល័យទួលទំពូង និងបច្ចុប្បន្នបន្តការសិក្សានៅមហាវិទ្យាល័យ ISLផ្នែកអក្សរសាស្ត្រអង់គ្លេសចប់ឆ្នាំទី២ហើយ ។ ដោយសារតែចិត្តស្រឡាញ់សិល្បៈដូចជាបងប្រុស គឺលោក សុខ សេរីវឌ្ឍនា ដែរ ស្ទែបប្រមូលគ្នាបង្កើតជាក្រុមដែលមានឈ្មោះថា សាន់ រ៉ាយ កាលពីឆ្នាំ២០១០ ។
បង្កើតក្រុមនេះបានកន្លះឆ្នាំ វិបុលត្រូវផលិតកម្មរស្មីហង្សមាស ទាក់ទងឱ្យទៅចូលច្រៀងនៅក្នុងក្រុម Legacy។ មិនមែនរូបគេតែម្នាក់ទេ ដែលចូលផលិតកម្មធំនេះ គឺមានយុវជនពីរនាក់ទៀតក្នុងក្រុមសាន់រ៉ាយ គឺផល និងជូមី ។ កន្លះឆ្នាំមកនេះ ស្ទែបមានបទចម្រៀងចំនួន៨បទ ក្នុងនោះបទចម្រៀងជាក្រុម៥បទ និងបទរ៉េបច្រៀងជាមួយកញ្ញា ពេជ្រ សោភា ចំនួន៣បទ មានបទ បេរីដេ ស្ពេសលណៃ និងបទម៉ាយបេប៊ី ។
កន្លងមកស្ទែបធ្លាប់រងការមើលស្រាលពីក្រុមរបស់ខ្លួនជាច្រើនលើកច្រើនសា ដោយគេនិយាយថា គេជាមនុស្សគ្មានសមត្ថភាព ។
ទាក់ទិននឹងបញ្ហានេះវិបុលបកស្រាយឱ្យដឹងថា «ជាការពិតណាស់ ខ្ញុំធ្លាប់ទទួលរងនូវការមើលងាយពីមិត្តរបស់ខ្ញុុំជាច្រើនលើក ជាពិសេស នៅពេលខ្ញុំហាត់ច្រៀងពួកគេតែងតែនិយាយថា មិនអាចទៅរួចទេ មិនបាច់ខំប្រឹងទេ ខំយ៉ាងណាក៏នៅតែប៉ុណ្ណឹង មិនអាចរីកចម្រើន មិនអាចល្អជាងនេះទេ ។ ពេលខ្លះខ្ញុំស្រែកច្រៀងតែម្នាក់ឯង ពេលពួកគេឮក៏នាំគ្នាសើចចំអកឱ្យខ្ញុំ ។ ខ្ញុំមានការឈឺចាប់ខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនបានតបតជាមួយពួកគេទាំងនោះទេ គឺខ្ញុំគិតតែពីខំប្រឹងហាត់សំឡេងបន្ថែមទៀត រហូតដល់ចូលក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏ជួប T O ហើយបានណែនាំរូបខ្ញុំឱ្យច្រៀងបទរ៉េប។ ខ្ញុំក៏ធ្វើតាមគាត់ហើយក៏បានសម្រេច ។ ពេលនេះខ្ញុំទទួលបានភាពជោគជ័យច្រើននៅក្នុងការ ច្រៀង ។
ខ្ញុំសូមនិយាយតាមត្រង់ ការពិតទៅសំឡេងខ្ញុំនៅមានកម្រិតនៅឡើយ ។ កាលពីមុនខ្ញុំពូកែតែក្បាច់រំាំប៉ុណ្ណោះ តែចិត្តស្រឡាញ់ចម្រៀងក៏ខំប្រឹងស្រែកច្រៀងរហូតដល់មានការបង្អាប់ពីមិត្តភក្តិ តែខ្ញុំមានជំនឿជឿជាក់ទៅលើខ្លួនខ្ញុំផ្ទាល់ថា ខ្ញុំពិតជាអាចច្រៀងបាន ។ ខ្ញុំក៏ខំប្រឹងរហូតដល់បានសម្រេច ទោះបីជាមិនបានសម្រេច១០០% តែខ្ញុំក៏បានទទួលជោគជ័យ គួរសមដែរ ហើយខ្ញុំនឹងខំប្រឹងបន្ថែមទៀត ដើម្បីសម្រេចបំណងរបស់ខ្ញុំ» ។
យុវជនរូបនេះផ្តាំទៅយុវវ័យទាំងអស់ថា អ្នកដែលត្រូវគេបង្អាប់ទាំងអស់មិនត្រូវចុះចាញ់ទេ ត្រូវតែខំប្រឹង ត្រូវតែតស៊ូ ។ ពេលអ្នកដទៃបង្អាប់បន្តិចបន្តួចយើងកុំចុះចាញ់ គឺត្រូវតែមានជំនឿចិត្តលើខ្លួនឯង ។ អ្វីក៏ដោយឱ្យតែយើងខំប្រឹងប្រែង គង់តែបានសម្រេចទេ ។ ចំពោះអ្នកបង្អាប់គេក៏ដូចគ្នាដែរ បើខ្លួនមិនល្អជាងគេគ្រប់យ៉ាងទេ សូមកុំមើលងាយសមត្ថភាពរបស់គេខ្លាំងពេក ។
លោក សុខ វិបុល ហៅ ស្ទែប មានអាយុ១៩ឆ្នាំ ម្តាយឈ្មោះ ម៉ក គឹមលាង ជាមេផ្ទះ និងឪពុកឈ្មោះ សុខ សេរី ជាមន្ត្រីរាជការ ។ យុវជននេះ មានបងប្អូន៤នាក់ ប្រុសទាំងអស់ ក្នុងនោះរូបគេគឺជាកូនពៅ ៕
ចែករំលែកព័តមាននេះ