ខេត្តរតនៈគិរី ៖ ភ្នាក់ងារឆ្លើយឆ្លងព័ត៌មានឱ្យកាសែតមួយឈ្មោះវរៈជនខ្មែរដែលជាកាសែតចេញផ្សាយក្នុងស្រុក មិនសូវមានគេស្គាល់ឈ្មោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញសាកសពនៅក្នុងគូទរថយន្តរបស់ខ្លួន ដែលឃាតករសម្លាប់ហើយបើកទាំងរថយន្តយកទៅប្លុងចោលក្នុងព្រៃចម្ការស្វាយចន្ទីមួយកន្លែងតាមដងផ្លូវចេញពីខេត្តឆ្ពោះទៅភូមិធួយអំពិល ឃុំតាអ៊ុង ស្រុកអូរជុំ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី១០ កញ្ញា។
មន្ត្រីប៉ូលិសបានឱ្យដឹងថា ការស្វែងរកឃើញនេះបន្ទាប់ពីបានទទួលពាក្យបណ្តឹងពីប្រពន្ធជនរងគ្រោះដែលអះអាងថា ប្តីរបស់គាត់បានបាត់ខ្លួនចំនួន៣ថ្ងៃមកហើយ ចាប់តាំងពីម៉ោងប្រហែល៧យប់ថ្ងៃទី៩ កញ្ញា មក សូម្បីទូរស័ព្ទក៏ហៅមិនចូលធ្វើឱ្យសមត្ថកិច្ចចុះស្រាវជ្រាវ និងបានសហការគ្នាតាមរកគ្រប់ទិសទីទើបប្រទះឃើញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលសមត្ថកិច្ចរកឃើញសព បន្ទាប់ពីមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអំពិល បានផ្តល់ដំណឹងដល់ក្រុមអ្នកកាសែត និងសមត្ថកិច្ចថា បានឃើញរថយន្តកាមរីមួយគ្រឿងចតចោលនៅក្នុងចម្ការចន្ទី ហើយក្រុមអ្នកតាមរកក៏បានទៅកាន់ទីនោះទើបស្គាល់ថា ជារថយន្តរបស់ឈ្មោះ ហង្ស សេរីឧត្តម ជាអ្នកកាសែតដែលបាត់ខ្លួននោះមែន ហើយក៏រាយការណ៍ដល់សមត្ថកិច្ច ។ ក្រោយមកសមត្ថកិច្ចជាច្រើនស្ថាប័នបានទៅដល់ និងធ្វើការពិនិត្យដោយមានក្លិនស្អុយអាសោធបានជះចេញពីក្នុងរថយន្ត ពិសេសនៅឃ្លុបគូទរថយន្តមានស្រក់ទឹក ។ ការគាស់ទ្វាររថយន្តត្រូវបានប្រើរយៈពេលយ៉ាងយូរទើបបើកសោបាន ។ មុនពេលបើកសោបានក៏សង្កេតឃើញដែរថា តួរថយន្តមានរុយរោមខ្មៅដាស និងមានក្លិនស្អុយ ហើយក៏បានសន្និដ្ឋានថា ប្រាកដជាមានសាកសពមនុស្សនៅក្នុងឃ្លុបគូទរថយន្តពីក្រោយ ។
បន្ទាប់ពីបើកសោរថយន្តបាន ទើបពិនិត្យឃើញសពមានស្ថានភាពរលួយក្នុងគូទរថយន្ត ដោយសាកសពត្រូវក្រុមឃាតករដាក់ឱ្យដេកផ្កាប់មុខ ។ មន្ត្រីប៉ូលិសជំនាញបច្ចេកទេសដែលធ្វើការពិនិត្យសពបានដឹងច្បាស់ថា គឺជាសពលោកហង្ស សេរីឧត្តម ភេទប្រុស ជនជាតិខ្មែរ អាយុប្រហែល៤៥ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ជាភ្នាក់ងារកាសែតវរៈជនខ្មែរ ត្រូវបានឃាតករសម្លាប់ញាត់ក្នុងគូទរថយន្តរបស់ខ្លួនម៉ាកកាមរីស៊េរី៩៦ ពណ៌ស្លែចាស់ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ2A-5905 ។ ជនរងគ្រោះត្រូវជនដៃដល់កាប់ដោយកាំបិត និងពូថៃ ពុំមានការបាញ់នឹងកាំភ្លើងទេ គឺកាប់ចិញ្ច្រាំលើផ្ទៃមុខ និងក្បាលសុសសាច់មើលស្ទើរពុំស្គាល់ ។ មន្ត្រីប៉ូលិសផ្នែកបច្ចេកទេសបានសន្និដ្ឋានថា ពុំមែនជាករណីប្លន់ទេ គឺជារឿងគំនុំការងារ និងការរកស៊ី ដោយរបស់របរសម្ភារ ឧបករណ៍មាននៅក្នុងរថយន្តទាំងអស់ ។ ប៉ូលិសបានសន្និដ្ឋានថា ក្រុមឃាតករអាចមានគ្នាច្រើននាក់ចាប់ពី៤នាក់ឡើងទៅ ហើយការសម្លាប់នេះគឺសម្លាប់នៅក្នុងផ្ទះដីឡូត៍ណាមួយដាច់ពីគេ ឬនៅក្នុងបន្ទប់ស្ងាត់ ហើយយកមកដាក់ក្នុងគូទរថយន្តបើករថយន្តមកប្លុងចោលក្នុងព្រៃចម្ការស្វាយចន្ទី រួចចាក់សោរថយន្តជាប់ ។
ប្រពន្ធរបស់ជនរងគ្រោះឈ្មោះចន្ធី អាយុ២៨ឆ្នាំ ដែលមានផ្ទៃពោះ៧ខែបានអង្គុយយំសោកក្បែរកូនប្រុសម្នាក់ជាកូនប្រពន្ធមុនរបស់ជនរងគ្រោះអាយុប្រហែល២២ឆ្នាំម្នាក់ផងដែរ ។ ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា មុនពេលប្តីគាត់បាត់ខ្លួននៅយប់ថ្ងៃទី៩ កញ្ញា ប្តីគាត់បានប្រាប់ថា ទៅជួបគេដែលបានណាត់ជួបហៅតាមទូរស័ព្ទ ហើយមួយម៉ោងក្រោយគាត់ជាប្រពន្ធបានទូរស័ព្ទទៅសួរ តែមិនលើក ។ លុះទូរស័ព្ទជាលើកទីពីរចូលហើយ ចុចទទួលតែមិនឮនិយាយតបទេ បែរជាឮសំឡេងគំហកខ្លាំងៗ ហើយក៏ដាច់ធ្វើឱ្យមានការសង្ស័យ ។ ប៉ុន្តែពុំបានប្តឹងសមត្ថកិច្ចភ្លាមៗទេ និងតាមរកសួរមិត្តភក្តិប្តីគាត់នៅថ្ងៃបន្ទាប់ តែពុំមានទទួលដំណឹងរហូតបីថ្ងៃទើបប្តឹងប៉ូលិសហើយក៏ឈានដល់ប្រទះឃើញសព ។
ក្រោយពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់សពឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ ឯរថយន្តត្រូវសមត្ថកិច្ចរក្សាទុករង់ចាំធ្វើការស្រាវជ្រាវបន្ត សមត្ថកិច្ចកំពុងសហការយ៉ាងសកម្មដើម្បីវែកមុខឃាតករផ្តន្ទាទោសតាមច្បាប់ ។ មន្ត្រីសមត្ថកិច្ចនិយាយថា ការទូរស័ព្ទហៅយកទៅសម្លាប់នេះគឺទាក់ទងនឹងមនុស្សស្គាល់គ្នាទើបហ៊ានទៅទាំងយប់ដូចនេះការសម្លាប់គឺពិតជារឿងគំនុំហើយករណីនេះអាចឆាប់រកឃើញតាមរយៈលេខទូរស័ព្ទមិនខាន ៕
ចែករំលែកព័តមាននេះ