រាជធានីភ្នំពេញ ៖ ក្រោយពីមានការដៀលជេររបស់យុវជន K និងមិត្តស្រីរបស់គេទៅលើតារាចម្រៀង ពេជ្រ សោភា តាមហ្វេសប៊ុកមក ពេលនេះយុវជន K អះអាងថា រូបគេនិងមិត្តស្រីពុំបានធ្វើបែបនោះឡើយ ផ្ទុយទៅវិញ មានគេបង្កើតប្រូហ្វាល់ (Profile) ដើម្បីប្រឌិតរឿងនេះឡើង ។
ក្នុងពេលភ្នាក់ងារកោះសន្តិភាពជួបសម្ភាសន៍ផ្ទាល់ កាលពីថ្ងៃទី៥ កញ្ញា វេលាមោ៉ោង១១និង៣០នាទីព្រឹក យុវជន K បានបកស្រាយថា រូបគេមិនដែលមានគំនិតអាក្រក់ចំពោះកញ្ញា ពេជ្រ សោភា ទេ សូម្បីតែគិត ព្រោះគឺជាអ្នកមានគុណរបស់គេ ។ មានថ្ងៃមួយកញ្ញាពេជ្រ សោភា បានទូរស័ព្ទមករូបគេ ខណៈរូបគេនៅជាសមាជិកក្រុមយូធូភា ដោយសួររូបគេថា តើមានចំណាប់អារម្មណ៍ចង់ចូលច្រៀងនៅផលិតកម្មដ៏ធំមួយទេ? រូបគេមិនបានដឹងថា នារីដែលនិយាយជាមួយគេនោះ គឺជាអ្នកណាទេ ។ នៅពេលទៅជួបស្រាប់តែគេមានអារម្មណ៍សប្បាយផង អរផង និងភ័យផង ព្រោះថានារីរូបនោះ គឺជាកញ្ញា ពេជ្រ សោភា ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ។
បន្ទាប់ពីនិយាយលេង និងឆ្លើយសំណួរដែល កញ្ញាពេជ្រ សោភា សួររួចមក រូបគេបានចុះកិច្ចសន្យាជាមួយផលិតកម្មហង្សមាស រហូតមកដល់ពេលនេះ ។ ដូច្នេះហើយមានរឿងអ្វីដែលរូបគេជេរមនុស្សល្អ និងមានគុណដូចកញ្ញា ពេជ្រ សោភា នោះ ។
យុវជន K សារភាពថា ពាក្យដែលកញ្ញា ពេជ្រ សោភា ណែនាំរូបគេជាការពិត គឺថា «K បងស្រឡាញ់ប្អូន បងចង់ឱ្យប្អូនល្អ ទើបបងនិយាយ ។ ប្អូនស្រឡាញ់មនុស្សស្រីបងមិនថាទេ កុំឱ្យតែស្រឡាញ់មនុស្សប្រុស តែកុំបញ្ចេញឱ្យគេដឹងពេក ហើយប្អូនក៏មិនត្រូវលេងហ្វេសប៊ុក ច្រើនពេកដែរ ប្អូនត្រូវគិតមើលបើប្អូនលេង ហ្វេសប៊ុក តើវាល្អទេ? ប្អូនត្រូវខំប្រឹងធ្វើយ៉ាងណាឱ្យល្បី មានប្រាក់ចិញ្ចឹមឪពុកម្តាយ បងប្អូន ។
នៅពេលយើងមានលុយយកទៅដណ្តឹងកូនគេ ទើបមានកិត្តិយស ។ កើតមកជាមនុស្សប្រុស គឺត្រូវមានអ្វីគ្រប់យ៉ាងដើម្បីយកទៅដណ្តឹងកូនគេកុំឱ្យគេថា យើងយកតែខ្លួនទៅដណ្តឹងកូនគេ» ។ ពាក្យទាំងនេះកញ្ញាពេជ្រ សោភា ពិតជាបានណែនាំគេពិតមែន តែរូបគេចេះបែងចែកអ្វីដែលល្អ អ្វីដែលអាក្រក់ មិនមែនគ្រាន់តែគេណែនាំឱ្យល្អទៅនិយាយប្រាប់សង្សារថា គេចង់បំបែកបំបាក់ខ្លួននោះទេ រូបគេមិនដែលមានគំនិតនេះឡើយ ។ មិនដឹងយ៉ាងម៉េច ស្រាប់តែមានព័ត៌មានថា រូបគេនិងមិត្តស្រីជេរកញ្ញា ពេជ្រ សោភា តាមហ្វេសប៊ុកទៅវិញ ។ រឿងនេះរូបគេ សូមបដិសេធ គឺតាមពិតមានគេបង្កើត Profile ជេរ កញ្ញាពេជ្រ សោភា ទេ មិនមែនជារូបគេឡើយ។
យុវជន K ឱ្យដឹងទៀតថា ចំពោះអ្នកដែលបង្កើត Profileជេរ ពេជ្រ សោភា នោះប្រហែលជាគេមានបំណងចង់បំបែកបំបាក់រូបគេ និង នាង ខណៈរូបគេមិនដែលមានគំនិតអាក្រក់ចំពោះ កញ្ញា ពេជ្រ សោភា សោះ ។ ចំពោះនារីក្នុងរូបថត នោះគឺមិនមែនជាសង្សាររបស់គេទេ គ្រាន់តែជាមិត្តភក្តិស្រីដ៏ស្និទ្ធស្នាលរបស់គេប៉ុណ្ណោះ ។ មិត្តស្រីរូបនោះក៏មិនបានជេរ កញ្ញា ពេជ្រ សោភា ដែរ គឺនាងក៏ជាជនរងគ្រោះដែរ ។ និយាយរួម ពួកគេមិនបានជេរ ពេជ្រ សោភា ទេ គឺមានគេបង្កើត Profile ដាក់រូបគេ និងមិត្តរបស់គេចូល ហើយជេរកញ្ញា ពេជ្រ សោភា ។ គេធ្វើបែបនេះប្រហែលជាចង់បំបែកបំបាក់រូបគេ និងកញ្ញា ពេជ្រ សោភា ។ បន្ទាប់ពីកើតរឿងភ្លាមៗរូបគេបានសុំទោសកញ្ញាពេជ្រ សោភា ហើយក្រោយពីមានការសម្របសម្រួលពីខាងក្រុមហ៊ុនមក រូបគេ និងនាងនិយាយរកគ្នាជាធម្មតា។
យុវជន K ឱ្យដឹងទៀតថា ចំពោះអ្នកដែលបង្កើតProfile ដាក់ឈ្មោះរបស់គេ និងជេរ កញ្ញាពេជ្រ សោភា នោះ រូបគេនឹងចាំមើលថា ពួកគេនឹងធ្វើអ្វីទៀត ។យុវជន K អាយុ២២ឆ្នាំ គឺជាសមាជិកនៅក្នុងក្រុមយូធូភា និងជាសិស្សធា្លាប់សិក្សានៅវិទ្យាល័យទួលទំពូង ។ បច្ចុប្បន្នរូបគេមិនទាន់បានបន្តការសិក្សានៅមហាវិទ្យាល័យទេ ព្រោះតែចង់ពង្រឹងអាជីពសិល្បៈឱ្យរីកចម្រើនជាងនេះសិន៕
ចែករំលែកព័តមាននេះ