រាជធានីភ្នំពេញ ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងវេទិកាធុរកិច្ចថាមពលអាស៊ាន បានចាប់ផ្តើមធ្វើពីថ្ងៃទី១០ដល់ថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១២ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ខណៈពិធីបើកកិច្ចប្រជុំនេះនឹងធ្វើឡើងនាព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១២ នៅវិមានសន្តិភាពក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
តាមកម្មវិធីនៅថ្ងៃទី១នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធព្រមទាំងវេទិកាធុរកិច្ចថាមពលអាស៊ាន នៅរសៀលថ្ងៃទី១០ កញ្ញា ឆ្នាំ២០១២ គឺជាកិច្ចប្រជុំរបស់ឧត្តមមន្ត្រីថាមពលអាស៊ានដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៣០។ ដោយឡែកនៅថ្ងៃទី១១ កញ្ញា ឆ្នាំ ២០១២ ជាកិច្ចប្រជុំឧត្តមមន្ត្រីថាមពលអាស៊ានទាំង១០ប្រទេស បូក៣ គឺឧត្តមមន្ត្រីចិន ជប៉ុន និងកូរ៉េខាងត្បូង ។ ចំណែកពេលរសៀលជាកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន និងប្រទេសដៃគូអាស៊ាន ដែលមានប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន ញូវហ្សឺលែន កូរ៉េខាងត្បូង រុស្ស៊ី និងអាមេរិក ។
នៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១២ ជាពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងវេទិកាធុរកិច្ចថាមពលអាស៊ាន ក្រោមប្រធានបទ «ការតភ្ជាប់ថាមពលបៃតងអាស៊ាន»នៅសាលប្រជុំនួនស្រីក្នុងវិមានសន្តិភាពក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
នៅក្រោយការចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្តារដ្ឋមន្ត្រីថាមពលអាស៊ាន នឹងត្រូវបន្តកិច្ចប្រជុំនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងជួបប្រជុំនឹងប្រទេសដៃគូអាស៊ាន និងកិច្ចពិភាក្សាធុរកិច្ចអាមេរិក-អាស៊ានដែលកិច្ចប្រជុំនឹងបន្តរហូតដល់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១២ ។ ចំណែកនៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១២ បណ្តារដ្ឋមន្ត្រីថាមពលអាស៊ាន ប្រទេសដៃគូអាស៊ាន និងគណៈប្រតិភូត្រូវចាកចេញពីកម្ពុជា ៕
ចែករំលែកព័តមាននេះ