ខេត្តតាកែវ ៖ បច្ចុប្បន្នការប្រកបរបរកសិ កម្មរបស់កសិករបានងាកមកប្រើប្រាស់បច្ចេកវិទ្យាទំនើបជំនួសឱ្យការប្រើប្រាស់ឧបករណ៍បុរាណប្រើដោយដៃឬពឹងលើកម្លាំងអូសទាញរបស់គោក្របីដែលកត្តានេះបង្កលក្ខណៈងាយស្រួល មានទិន្នផលខ្ពស់ និងចំណេញទាំងពេលវេលាថែមទៀត ព្រោះពេលខ្លះទាំងការប្រមូលផលនិងការបង្កបង្កើនផលតម្រូវឱ្យទាន់ពេលវេលាទើបទទួលបានផលល្អ។
លោកជួប រឹម ជាកសិករនៅក្នុងភូមិតាសានឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បានឱ្យដឹងថាថ្មីៗនេះគាត់កំពុងតែប្រមូលផលស្រូវរដូវវស្សាជាប្រភេទស្រូវស្រាលរយៈពេល៣ខែ ហើយដោយសារតែជារដូវវស្សាដូចនេះទើបការប្រមូលផលមានការលំបាកបន្តិច ព្រោះត្រូវប្រណាំង ប្រជែងនឹងទឹកភ្លៀង ដូច្នេះត្រូវប្រើឧបករណ៍ ទំនើបទើបទាន់សភាពការណ៍ ។
លោកជួប រឹម បានបញ្ជាក់ថា កាលពីឆ្នាំមុនៗ គាត់តែងតែធ្វើស្រែចម្ការជាមួយនឹងឧបករណ៍បុរាណមិនទាន់សម័យជាពិសេសនោះគឺការច្រូត កាត់នេះតែម្តង តែពេលនេះគាត់មានភាពធូរស្រាលច្រើនព្រោះមានម៉ាស៊ីនបូតគ្រាប់ស្រូវដែលជួយសម្រួលទាំងការច្រូតនិងបោកបែនមិនបាច់បារម្ភពីការជួលម៉ាស៊ីនច្រូតផងនិងម៉ាស៊ីនបោកស្រូវផងផ្សេងពីគ្នាទៀតទេ ។ ចំពោះថ្លៃឈ្នួលគឺក្នុងមួួយហិកតាតម្លៃ២៥មឺុនរៀលតែបើស្រែមានទឹកដក់ត្រូវជួលក្នុងតម្លៃចាប់ពី៣០មឺុនទៅ៣៥មឺុនរៀល ។ បើទោះជាបែបនេះក្តីក៏គាត់នៅតែសប្បាយរីករាយក្នុងការប្រកបមុខរបរធ្វើស្រែនេះបន្តទៀតដែរ ។
យោងតាមប្រភពពីកសិករដទៃទៀត ដែលកំពុងប្រមូលផលស្រូវដែរនោះបានឱ្យដឹងថា ការធ្វើស្រែក្នុងរដូវវស្សានេះតែងជួបការលំបាកដូចជាត្រូវទទួលរងទឹកភ្លៀងក្នុងពេលច្រូតកាត់ តែពួកគេនៅតែសប្បាយដោយសារតែមានឧប ករណ៍ថ្មី និងទំនើបក្នុងការប្រកបមុខរបរស្រែចម្ការនេះ ៕
ចែករំលែកព័តមាននេះ