ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី៧ កញ្ញា លោកអនុសេនីយ៍ឯក កើត សារិ អធិការរងនគរបាលក្រុងស្វាយរៀងទទួលបន្ទុកស្ថិតិ អត្តសញ្ញាណប័ណ្ណ បានប្រកាសប្រាប់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្វាយរៀងទាំងអស់ដែលមានកូនមានអាយុពី១៥ឆ្នាំទៅ១៨ឆ្នាំ ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃ ។
ចំពោះឯកសារភ្ជាប់មកជាមួយរួមមាន សៀវភៅគ្រួសារ សំបុត្រកំណើត(សំបុត្របញ្ជាក់កំណើត) សញ្ញាបត្រ ដើម្បីផ្ទៀងផ្ទាត់ឱ្យត្រូវគ្នាចៀសវាងខុសឈ្មោះ ភេទ អាយុ ថ្ងៃខែឆ្នាំកំណើត និងទីកន្លែងកំណើត ។ អ្នកមកធ្វើអត្តសញ្ញាណប័ណ្ណបើជាមនុស្សប្រុស ត្រូវកាត់សក់ខ្លីសមរម្យ កោរពុកមាត់ពុកចង្កាឱ្យបានស្អាត ស្លៀកពាក់ឱ្យបានសមរម្យ ។
លោកអធិការរង បានប្រាប់កោះសន្តិភាពថា ក្រុងស្វាយរៀងបានដំណើរការធ្វើអត្តសញ្ញាណប័ណ្ណចាប់ពីថ្ងៃទី៩ ខែឧសភា ២០១២ ហើយមកដល់ថ្ងៃទី៧ កញ្ញា ២០១២ ទើបបានចំនួន១.៧២០នាក់ប៉ុណ្ណោះ ដែលបើតាមស្ថិតិប្រជាពលរដ្ឋអាយុ១៥ឆ្នាំដល់១៨ឆ្នាំមានចំនួន៣៣.២១៥នាក់ ។
ដូច្នេះដើម្បីពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលនឹងគ្រប់អាយុបោះឆ្នោតជាតិនៅឆ្នាំ២០១៣ខាងមុខនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនអាយុ១៥ឆ្នាំ-១៨ឆ្នាំ មិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាប់ពីថ្ងៃប្រកាសនេះតទៅដែលសមត្ថកិច្ចធ្វើជូនដោយឥតគិតថ្លៃ ហើយបន្តធ្វើជូនអ្នកបាត់អត្តសញ្ញាណប័ណ្ណ ឬហួសសុពលភាពទៀត ។
យើងក៏សង្កេតឃើញដែរ ចំពោះក្មេងប្រុសអាយុ១៧ឆ្នាំដល់អាយុ២៥ឆ្នាំ មានសក់វែងគ្របក ហើយហាយឡាយសក់ក្រហម សក់ពោតសមត្ថកិច្ចឱ្យទៅកាត់សក់ចេញ និងកោរពុកមាត់ពុកចង្កាសិនទើបធ្វើអត្តសញ្ញាណប័ណ្ណជូន ៕
ចែករំលែកព័តមាននេះ