ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋប្រមាណជិត១០០នាក់ ព្រឹកថ្ងៃទី១០ កញ្ញា បាននាំគ្នាមកសាលាដំបូងខេត្តពោធិ៍សាត់ បន្ទាប់ពីលោកព្រះរាជអាជ្ញាកោះហៅតំណាងពួកគាត់៣នាក់ឱ្យចូលមកបំភ្លឺពាក់ព័ន្ធការកាប់ទន្រ្ទានដីព្រៃប៉ះពាល់ដីរបស់ក្រុមហ៊ុនរតនៈវិសាលនៅស្រុកក្រគរ ។
ក្រុមប្រជាពលរដ្ឋនិយាយថា ពួកគាត់មានចំនួន៦៥គ្រួសារខ្លះមានដី១ហិកតា ២ហិកតា និងត្រឹម៣ហិកតាប៉ុណ្ណោះក្នុងមួយគ្រួសារ ដែលបានដាំដំណាំស្វាយ ចេក ពោត និងដំឡូង អាស្រ័យផលរាល់ឆ្នាំតាំងពីឆ្នាំ២០០៥មកម៉្លេះ ។ ដីនេះនៅចំណុចជើងភ្នំស្រង់ ក្បាលភ្នំអូរភ្ញៀវ និងចំណុចត្រុបស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ហើយស្ថិតនៅក្រៅរបងក្រុមហ៊ុនរតនៈវិសាលមិនមែននៅខាងក្នុងទេ ។
ស្រាប់តែឥឡូវនេះមិនដឹងជាក្រុមហ៊ុនឃុបឃិតគ្នាយ៉ាងម៉េចជាមួយអាជ្ញាធរនិងមន្ត្រីជំនាញទើបមកចោទថាដីរបស់ពួកគាត់ស្ថិតនៅក្នុងបរិវេណដីរបស់ក្រុមហ៊ុនរតនៈវិសាលទៅវិញ ។ ពួកគាត់និយាយថា នៅពេលក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេចតេជោចុះវាស់វែងដីធ្លីនៅខេត្តពោធិ៍សាត់នេះ អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញបានពង្វាងដានមិនឱ្យចូលទៅវាស់វែងដីរបស់ពួកគាត់ទេ មិនតែប៉ុណ្ណោះបានដឹកនាំកម្លាំងទៅកាប់បំផ្លាញដំណាំ និងរុះរើជម្រករបស់ពួកគាត់ថែមទៀត ។ នៅថ្ងៃទី១០ កញ្ញា នេះព្រះរាជអាជ្ញាបានកោះហៅតំណាង៣នាក់គីលោក ប៉ិច សៀកថុង លោកសុខ ទ្រី និងលោកសុខ តង ឱ្យចូលបំភ្លឺនៅតុលាការ តែដោយខ្លាចមានការឃាត់ខ្លួនតំណាងទាំង៣នាក់នោះ ទើបពួកគាត់នាំគ្នាមករហូតដល់៦៩នាក់ ។
តាមរយៈតំណាងទាំង៣នាក់ដែលចូលទៅបំភ្លឺនោះបានអះអាងថា លោកព្រះរាជអាជ្ញាបានឱ្យប្រជាពលរដ្ឋដែលមានដីជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនរតនៈវិសាលត្រូវផ្អាកសកម្មភាពកាប់ឆ្ការ និងដាំដំណាំតទៅទៀត បើមិនដូច្នោះទេនឹងប្រឈមមុខច្បាប់ ។
ដោយមិនអស់ចិត្តក្រុមប្រជាពលរដ្ឋបាននាំគ្នាទៅសាលាខេត្តទៀតដើម្បីសុំឱ្យលោកអភិបាលខេត្តជួយដោះស្រាយដែលខណៈពេលនោះលោកនាយករដ្ឋបាលសាលាខេត្តសូមឱ្យតំណាងទាំង៣ប្រាប់ប្រជាពលរដ្ឋឱ្យត្រឡប់ទៅលំនៅឋានវិញ ហើយធ្វើស្ថិតិអ្នកដែលគ្មានដីពិតប្រាកដដើម្បីខេត្តដោះស្រាយជូន ។
ក្រុមប្រជាពលរដ្ឋបាននាំគ្នាត្រឡប់ទៅផ្ទះវិញទាំងទឹកមុខមិនសូវរីករាយ ព្រោះមិនដឹងថា ដីរបស់ពួកគាត់ដែលខំកាប់គាស់ដាំដំណាំ អាស្រ័យផលតាំងពីឆ្នាំ២០០៥ មកនោះត្រូវគេដកទៅឱ្យក្រុមហ៊ុនឬយ៉ាងណា ព្រោះសព្វថ្ងៃពួកគាត់សម្លឹងឃើញអាជ្ញាធរ និងមន្ត្រីជំនាញហាក់បីដូចជានៅក្រោមឥទ្ធិពលក្រុមហ៊ុនទៅវិញ នេះបើតាមការអះអាងរបស់តំណាងទាំង៣ ។ ពួកគាត់សំណូមពរដល់សម្តេចតេជោហ៊ុន សែន មេត្តាជួយពួកគាត់ផង ព្រោះពួកគាត់ភាគច្រើនជាអ្្នករស់នៅផ្ទះអណ្តែតទឹក ឃុំកំពង់លួង ពុំមានដីសម្រាប់រស់នៅលើគោកនឹងគេទេនិងសង្ឃឹមថា សម្តេចតេជោប្រាកដដោះស្រាយដោយយុត្តិធម៌មិនខាន ៕
ចែករំលែកព័តមាននេះ