រាជធានីភ្នំពេញ ៖ ស្ត្រីជាម្តាយឈ្មោះនួន ពៅ រស់នៅភូមិបឹងលើ ឃុំធ្លកអាទាវ ស្រុកលើកដែក ខេត្តកណ្តាល បានកាន់រូបថតកូនស្រីដ៏ក្មេងខ្ចីឈ្មោះសិត ស្រីពេជ្រ អាយុ១៩ឆ្នាំ ដែលបាត់ពីផ្ទះតាំងពីថ្ងៃទី៦ ឧសភា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២០ ឧសភា នៅតែមិនទាន់ឃើញវិលត្រឡប់ទៅវិញឡើយ ជាហេតុធ្វើឱ្យគាត់មានការភ័យព្រួយអំពីសុវត្ថិភាពរបស់នាង ដើរសួរគេឯងគ្រប់ច្រកល្ហក ពិសេសគឺនៅម្តុំផ្សារច្បារអំពៅខណ្ឌមានជ័យ ។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពនៅក្នុងហាងកាហ្វេកៀនចិញ្ចើមផ្លូវតូចមួយក្បែរអធិការដ្ឋាននគរបាលខណ្ឌមានជ័យ អ្នកស្រីនួន ពៅ រៀបរាប់ថា កូនស្រីរបស់គាត់ចេញបាត់ពីផ្ទះដោយគ្មានមូលហេតុក្រោយពេលរូបនាងទើបតែរៀបការរួចហើយបាន៦ថ្ងៃ។ រយៈពេលជាងកន្លះខែមកហើយ កូនប្រសាគាត់នៅរង់ចាំប្រពន្ធជានិច្ច ។
ស្ត្រីដដែលបានរៀបរាប់ថា កូនប្រសាគាត់ឈ្មោះសុខ ជា អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ គេបានចូលស្តីដណ្តឹងកូនស្រីគាត់រៀបការត្រឹមត្រូវតាមប្រពៃណីខ្មែរ ។ កូនស្រីគាត់ជាអ្នកសម្រេចចិត្តទទួលយកសុខ ជាដោយខ្លួនឯង ហើយគាត់ក៏រៀបចំអាពាហ៍ពិពាហ៍ឱ្យ ។ តាមរយៈកោះសន្តិភាពស្ត្រីឈ្មោះនួន ពៅ អង្វរចិត្តកូនស្រីរូបនោះឱ្យត្រឡប់ទៅផ្ទះវិញដ្បិតរូបគាត់ និងប្តីរបស់នាងព្រួយបារម្ភពីនាងខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ