ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ថៃ

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​​​​ ៖ ជនជាប់​សង្ស័យ២នាក់​​​​​​នាំមនុស្សឆ្លង​ដែន​​ខុស​ច្បាប់​​​​​ ត្រូវ​បាន​​​ប៉ូលិស​​​ក្រុង​ប៉ោយ​ប៉ែត​​ឃាត់​ខ្លួន​​​ជាបន្ត​បន្ទាប់​​​កាល​ពី​​ល្ងាច​ថ្ងៃទី​​​៧ ឧសភា ក្នុង​ភូមិ​​​ក្បាល​ស្ពាន១ សង្កាត់​ប៉ោយ​ប៉ែត​ ដែល​ជន​សង្ស័យ​​​ម្នាក់​​ជា​ស្ត្រី​​​បាន​ប្រកែក​​​ឡាំប៉ា​​​អង្គុយ​ធាក់​​ក្រាញ​​មិន​​ឱ្យ​សមត្ថ​កិច្ច​​​ឃាត់ខ្លួន​ទេ​​ ​​សុខ​ចិត្ត​​​​​​​​ក្រាញ​ននៀល​​​នៅ​លើ​ដង​​ផ្លូវ​

ក្រុង​ប៉ោយ​ប៉ែត​​​​ ៖ ជនជាប់​សង្ស័យ២នាក់​​​​​​នាំមនុស្សឆ្លង​ដែន​​ខុស​ច្បាប់​​​​​ ត្រូវ​បាន​​​ប៉ូលិស​​​ក្រុង​ប៉ោយ​ប៉ែត​​ឃាត់​ខ្លួន​​​ជាបន្ត​បន្ទាប់​​​កាល​ពី​​ល្ងាច​ថ្ងៃទី​​​៧ ឧសភា ក្នុង​ភូមិ​​​ក្បាល​ស្ពាន១ សង្កាត់​ប៉ោយ​ប៉ែត​ ដែល​ជន​សង្ស័យ​​​ម្នាក់​​ជា​ស្ត្រី​​​បាន​ប្រកែក​​​ឡាំប៉ា​​​អង្គុយ​ធាក់​​ក្រាញ​​មិន​​ឱ្យ​សមត្ថ​កិច្ច​​​ឃាត់ខ្លួន​ទេ​​ ​​សុខ​ចិត្ត​​​​​​​​ក្រាញ​ននៀល​​​នៅ​លើ​ដង​​ផ្លូវ​ជាតិ​​ធ្វើ​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​ពីមនុស្ស​​ម្នា​​ចោម​រោម​​​មើល​យ៉ាង​​​កុះ​ករ​ ។

ជនសង្ស័យ​​ប្រុស​-ស្រី​​​ទាំង​​២​ ម្នាក់​ឈ្មោះ​​​ស៊ាន សុភ័ក្ត្រ​ ភេទស្រី​ អាយុ​​​​៤៥ឆ្នាំ មាន​ទីលំនៅ​​​ភូមិ​ផ្សារកណ្តាល​​ សង្កាត់​​ផ្សារ​កណ្តាល​ និង​ម្នាក់​ទៀត​​​ឈ្មោះ​​យូ ម៉ន ភេទប្រុស​ អាយុ​​៤០ឆ្នាំ ជា​កម្មករ​​អូស​រទេះ​​​ មាន​ទីលំនៅ​​ក្នុង​ភូមិ​​​​​ក្បាល​ស្ពាន​​ទី​​១​​ ។ ជន​សង្ស័យ​​ទាំង​​២​ ត្រូវ​បាន​​សមត្ថ​កិច្ច​​​​​ឃាត​់​ខ្លួន​​​ឈ្មោះ​យូ ម៉ន មុន​គេ​​នៅវេលា​ម៉ោង​​ជាង​​៦ល្ងាច​​ថ្ងៃទី​​៧ ឧសភា ខណៈ​​កំពុង​​ទំនាក់​ទំនង​​​គ្នា​តាម​ទូរស័ព្ទ​​​ជាមួយ​​​ពល​ករ​​​ដែល​គាត់​​ប្រុ​​ង​នាំ​ចេញ​តាម​ច្រក​​​របៀង​​​ ប៉ុន្តែ​​​ពុំ​ទាន់​​​ទាំង​បាន​​​ចេញ​ផង​​​ ក៏ត្រូវ​​​ឃាត់​ខ្លួន​តែម្តង ។ ដោយ​​ឡែក​​ស្ត្រី​ឈ្មោះ​​ស៊ាន សុភ័ក្ត្រ​​​ វិញ​​សមត្ថ​កិច្ច​​បានឃាត់​ខ្លួន​​នៅ​ចំណុច​​​បរិវេណ​​​កាស៊ីណូ​​​ហ្គោល​ឌិន​ក្រោន​​វេលា​ម៉ោង​​​ប្រហែល​​​៧យប់​​ថ្ងៃ​ដដែល​​ ដោយ​សមត្ថ​កិច្ច​​​​ចោទ​ថា ស្រ្តី​​​រូបនេះ​​​ជា​មេ​ខ្លោង​​ក្នុង​ការ​​បែង​ចែក​ពេល​ករ​ចំណាក​ស្រុក​​​ទៅ​​ឱ្យ​អ្នក​ផ្សេង​ៗដូច​​ជា​ឈ្មោះ​​យូ ម៉ន ក្នុង​ការ​នាំ​បន្ត​​​តា​ម​ព្រំដែន​​​ ។ ខណៈ​​ពេល​សមត្ថ​កិច្ច​​​ធ្វើ​ការ​ឃាត់ខ្លួន​​​ស្ត្រី​មេ​ក្លោង​​​មិន​​​ព្រម​​​ឱ្យ​សមត្ថ​កិច្ច​​​ចាប់​ទេ សុខ​ចិត្ត​​ដើរ​​តាំង​ពីចំណុច​កើត​ហេតុ​​​រហូត​​ដល់​​​មុខ​ផ្សារ​រ៉ា ក៏អង្គុយ​​​អុក​គូទ​​​ស្រែក​ឡាំ​ប៉ា​​​​ ហើយ​ប៉ូលិស​​៥-៦នាក់​​​​​ចាប់​​​ក៏​ចាប់​​មិន​ឈ្នះ​​ដែរ ​​សូម្បី​​​​វាយ​ខ្នោះ​​​​ក៏បាន​តែដៃ​​ម្ខាង​​​ ​​​ពេល​​​លូក​ដៃ​​​ចាប់​វាយ​ខ្នោះ​​​ត្រូវ​ស្ត្រី​​​នោះ ព្យាយាម​​ខាំ​​ ធ្វើ​​ឱ្យ​​ប៉ូលិស​​លំបាក​​​ក្នុងការ​​នាំខ្លួន​​ ។ ទោះ​បី​​ជា​បែបណា ​​​ទី​បំផុត​​​ ប៉ូលិស​​​ប្រើ​​​វិធី​​និយាយ​​លួង​លោម​​ រហូត​​ស្ត្រី​នោះ​​​សុខ​ចិត្ត​ដើរ​​តាម​​​​មិន​ជិះ​​រថយន្ត​​​ ឬឱ្យ​ប៉ូលិស​​ចាប់​ទេ ។ លុះ​ល្បួង​​​ទៅដល់​ប៉ុស្តិ៍​​​​​​​​រដ្ឋ​បាល​​​សង្កាត់​​​ ទើប​​​ចាប់​​វាយ​ខ្នោះ​​​បាន ។

ជុំ​វិញ​​​ការ​ឃាត់​ខ្លួន​​​​ជន​សង្ស័យ​​​ទាំង​​២នាក់​​ ប៉ូលិស​​​បាន​ប្រាប់​​ថា ធ្វើ​ឡើង​​​ក្រោយ​ពី​​ទប់​ស្កាត់​​ពលករ​​​ចំណាក​ស្រុក​​​ប្រុង​ឆ្លង​​​​ដែន​ខុស​ច្បាប់​​ចំនួន​​​១៣នាក់ នៅ​រសៀល​​​ថ្ងៃ​ដដែល​​​ ។ ប៉ូលិស​បន្ត​ថា ក្រោយ​កា​រ​ហៅ​​ពល​ករ​​​ទាំង​អស់​​ខាងលើ​​​មក​សួរ​នាំ​​​ដោយ​សហការ​​ជាមួយ​​ប៉ូលិស​ការពារ​ព្រំ​ដែន​​​គោក​វរ​​សេនា​តូច​លេខ​​​៨៩១ ទើប​​កំណត់​​បាន​​​មុខ​សញ្ញា​​​ រហូត​​ឈាន​ដល់​​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​​​ទាំង​​២នាក់​​ ។

ឈ្មោះ​យូ ម៉ន បានសារភាព​​ថា ខ្លួន​យក​​​ពលករ​​​បន្ត​ពី​ឈ្មោះ​​​ស៊ាន សុភ័ក្រ្ត​​ ។ ឯស្ត្រី​​​​​​ឈ្មោះ​ស៊ាន សុភ័ក្ត្រ​​​សារភាព​ថា ខ្លួន​បាន​​នាំពលករ​​​​​​​​ឆ្លង​ដែន​​​ទៅថៃ​​ដោយ​ខុស​ច្បាប់​​​មែន​​ ទើប​​​តែ​បាន​​២ដង​​​ប៉ុណ្ណោះ​ ។ លោក​​អ៊ុំ​ សុផល​ អធិការ​​​នគរបាល​​ក្រុង​ប៉ោ​យ​ប៉ែត​​ប្រាប់​​ថា ដោយ​អនុវត្ត​​តាម​បទ​បញ្ជា​​​ណែនាំ​​ពីលោក​​ឧត្ត​ម​​សេនីយ៍​​ស្នង​ការ​ខេត្ត​​ក៏ដូច​ជា​​លោកអភិបាល​​ក្រុង​​ក្នុង​​​ការទប់​ស្កាត់​​ពលករ​​ចំណាក​ស្រុក​​​កុំ​​ឱ្យ​ឆ្លង​ដែន​​ខុស​​ច្បាប់​​ ទើប​កម្លាំង​​របស់លោក​ទប់​ស្កាត់​​​បាន​ពលករ​​​ចំណាក​ស្រុក​​​ជា​បន្ត​បន្ទាប់​​​ ពិសេស​​​ឃាត់​ខ្លួន​បាន​​​មេខ្យល់​​ទាំង​​២​ខាងលើ​​តែម្តង ។

លោក​​អធិការ​​បន្ត​​ថា ក្រោយ​​ការ​សួរ​នាំ​​ និង​ធ្វើ​កំណត់​​ហេតុ​​រួច​​ ជន​សង្ស័យ​​ទាំង​​​២​ត្រូវ​​​កសាង​​​សំណុំ​រឿង​​​បញ្ជូន​​ពួកគេ​​​ទៅ​ស្នង​ការ​​ដ្ឋាន​​​នគរ​​បាល​ខេត្ត​​​ដើម្បី​​ចាត់​ការ​​បន្ត​តាម​នីតិ​វិធី​​ ។​ ចំណែក​​​ពលករ​​ទាំង​​១៣នាក់​ ក្នុង​នោះ​​មាន​​​​ស្រី​​៤  នាក់​​ ក្រោយ​​ពី​​​​សួរ​នាំ​និង​​អប់​រំ​​រួច​​បាន​​ឱ្យ​ពួក​គេវិល​ត្រឡប់​​ទៅ​ស្រុក​កំណើត​វិញ ។

តាម​ប្រភព​ពីមន្ត្រី​​បាន​បង្ហើប​​ថា ក្នុង​រយៈ​​ពេល​​​១ខែ​​​ គិត​ពីថ្ងៃ​​ទី​​១ រហូត​ដល់​​​៣០​មេសា កន្លងមក​​នេះ​​​ភាគី​ថៃ​​​បាន​ចាប់​បញ្ជូន​​​ពលករ​​​ខ្មែរ​​​ខុស​ច្បាប់​​​ប្រគល់​​ឱ្យ​កម្ពុជា​​វិញ​ជាង​​​​​១ម៉ឺន​នាក់​​​ ហើយ​​ ។ ​​ប្រភព​បន្ត​ថា ភាគីថៃ​​បាន​ចាប់​​​ពលករ​​ខ្មែរ​​​ស្រីប្រុស​​ដែល​លួច​ឆ្លង​​ដែន​ចូល​ទៅ​​ក្នុង​ទឹក​ដី​​ថៃ​យក​​​មក​ប្រគល់​​​ឱ្យ​​​ប៉ូលិស​​អន្តោ​​ប្រវេសន៍​​ ស្នាក់​ការ​​ច្រក​ប៉ោយ​ប៉ែត​​ ដោយ​ដឹក​តាម​​រថយន្ត​​​ទ្រុង​​ចំនួន​​​១៦៤​លើក​​​ សរុប​ពលករ​​​​​ទាំង​អស់​​​មាន​ចំនួន​​​​១០.៥០៨​នាក់​​ ក្នុង​នោះ​​​មាន​ស្រី​​​៣.២៤៥​នាក់​ និង​មាន​កុមារ​​​ចំនួន​​​៨៧០នាក់​​ផង​ដែរ ។ ប៉ូលិស​អន្តោ​ប្រវេសន៍​​​ច្រក​ប៉ោយ​ប៉ែត​​​បាន​​ឱ្យ​ដឹង​​ថា ចំពោះ​​​ពលករ​ខ្មែរ​​​ដែល​លួច​ឆ្លង​​ដែន​ចូល​​​ទៅក្នុង​​ប្រទេស​ថៃ​​​ដោយ​ខុស​ច្បាប់​​​នោះ​គឺ​មាន​​​ពិត​ប្រាកដ​​​មែ​ន​ហើយ​​​ ត្រូវ​បាន​​​ភាគី​​ថៃ​ចាប់​ដាក់​​ក្នុង​​រថយន្ត​ទ្រុង​​​ដែក​ សម្រាប់​​ដឹក​អ្នក​​ទោស​​​ត្រឡប់​​មក​វិញ​​​ តាម​ច្រក​​​ប៉ោយ​ប៉ែត​​​​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​​​របស់លោក​​​ធ្វើ​ការ​អប់​រំ​​​ណែនាំ​​រួច​​​ដោះ​លែង​​ឱ្យ​​ពួកគេ​វិល​ត្រឡប់​​​ទៅស្រុក​កំណើត​​រៀងៗ​ខ្លួន​​​វិញ ។​

​​គួរកត់​សម្គាល់​​​ផ​ងដែរ​​​ថា ជារៀង​​រាល់​ថ្ងៃ​​គេ​សង្កេត​ឃើញ​​មានក្រុម​​ពលករ​​​ចំណាក​ស្រុក​​​មកពី​បណ្តា​​ខេត្ត​ផ្សេងៗ​​​យ៉ាង​គគ្រិក​គគ្រេងនាំគ្នា​​​មក​កាន់​​តំបន់​​ប៉ោយប៉ែត​​ ក្នុងគោល​បំណង​​​លួ​ចឆ្លង​ដែន​​​ចូល​ទៅក្នុង​​​ទឹក​ដី​ថៃ​​​តាម​រយៈ​​មេខ្យល់​​​ ស្វែង​រក​​​ការ​ងារធ្វើ​​​ ។ ទោះបី​​ជាបែប​ណា​​​ការចាប់​​ផ្តើម​​រឹត​បន្តឹង​​​របស់​សមត្ថ​កិច្ច​​​ពាក់​ព័ន្ធ​​​តាម​ច្រក​​ព្រំ​ដែន​​​ឃើញ​ថា ចំនួន​ពលករ​​​ដែល​លួចឆ្លង​​ដែន​ដោយ​​ខុស​ច្បាប់​​ក៏​មាន​​ការ​ថយ​​ចុះ​​ ពិសេស​​​កា​របង្ក្រាប​​​មេ​ខ្យល់​ ។ មុន​នេះ​មន្ត្រី​​សមត្ថ​កិច្ច​​​បាន​និយាយ​ថា យើ​ង​មិន​បាន​​​​ហាម​ឃាត់​នោះ​ទេ បើ​​ពួក​គេ​ចូល​​ទៅ​ដោយ​​ស្រប​ច្បាប់​​​ តែ​បើ​ខុស​ច្បាប់​​​ហើយ​ត្រូវ​តែ​​​ហាម​​​ឃាត់​​​ ព្រោះ​​​បើ​ពួក​​គេ​ជួប​​នូវ​បញ្ហា​​​គ្រោះ ថ្នាក់​​​ណាមួយ​ពិត​​​ជា​​គ្មាន​អ្នក​ណា​​​ធានា​​នោះ​​ទេ  ៕​​