រាជធានីភ្នំពេញ ៖ នាងច័ន្ទ សុម៉ាលី ក្នុងវ័យ៣០ឆ្នាំ ឆ្លងកាត់ជីវិតជាអ្នកចម្រៀងនៅតាមភោជនីយដ្ឋានជាង១០ឆ្នាំ ។ ក្រៅពីច្រៀងលក់សំឡេងរកប្រាក់ក្នុងភោជនីយដ្ឋានយកមកចិញ្ចឹមកូនក្នុងនាមជាស្ត្រីមេម៉ាយ នាងតែងតែមានឱកាសបានឡើងច្រៀងជាកិត្តិយសនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមបណ្តាស្ថានីយទូរទស្សន៍នានាគ្រប់ប៉ុស្តិ៍។
ឆ្នាំ២០១២នេះ ក្រៅពីច្រៀងជាប្រចាំនៅភោជនីយដ្ឋានទីក្រុងមាស សុម៉ាលី បានថតសំឡេងចូលស៊ីឌី ឱ្យផលិតកម្មក្រៅប្រទេសមួយចំនួន ជាពិសេសនោះនៅថ្ងៃទី៣ មេសា ខាងមុខនាងនឹងចេញទៅច្រៀងនៅប្រទេសអូស្ត្រាលី ជាមួយលោកឡេង ប៊ុណ្ណាត លោកស៊ិន ចាន់វាសនា និងអ្នកនាងហ៊ឹម សុភី ។ នាងសុម៉ាលី ឱ្យដឹងថា នេះជាលើកទី១ ហើយដែលនាងមានឱកាសចេញទៅច្រៀងនៅក្រៅប្រទេស ។ ការចេញទៅច្រៀងលើកទី១នេះក្នុងរយៈពេល៦សប្តាហ៍ ទើបវិលមកមាតុប្រទេសវិញ ។ នាងចេញទៅច្រៀងនៅក្រៅប្រទេសនេះ ដើម្បីរកប្រាក់មកចិញ្ចឹមកូនប្រុសរបស់នាង ។
អ្នកចម្រៀង ច័ន្ទ សុមាលី និយាយថា ក្រោយពីនាងជួបស្នេហាបរាជ័យពីរលើកកន្លងមក ពេលនេះនាងពុំទាន់គិតគូររឿងស្នេហាទេ គឺរង់ចាំកូនធំបន្តិចសិន និងទុកឱ្យព្រហ្មលិខិតជាអ្នកកំណត់ចុះថា តើថ្ងៃណានាងបានជួបបុរសល្អនាងនឹងទទួលយករៀបការជាលើកទី៣ ។ កន្លងមកមានអ្នកតាមស្រឡាញ់ តាមសុំស្នេហ៍ពីនាងដែរ តែនាងបដិសេធមិនទទួលយកទេ ព្រោះសព្វថ្ងៃកំពុងតែបង្កើតសេចក្តីស្រឡាញ់កូន និងស្រឡាញ់សិល្បៈចម្រៀង និងខិតខំរកប្រាក់យកមកចិញ្ចឹមកូន ឯរឿងស្នេហាទុកមួយឡែកសិនចាំថ្ងៃណាដល់គូព្រេងគង់តែដឹងមិនខាន ៕
ចែករំលែកព័តមាននេះ