រាជធានីភ្នំពេញ ៖ លោកគង់ រ៉ាយុទ្ធ ដែលជាតារាសម្តែង និងជាអ្នកជំនួញដែលទទួលបានជោគជ័យ និងទើបតែរៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញា អ៊ឹម សុគន្ធា អតីតតារាសម្តែងបង្ហាញម៉ូដ និងជាពិធីការិនីមួយរូបផងដែរនោះ ថ្មីៗនេះយើងទទួលបានព័ត៌មានថា លោកកំពុងត្រៀមឡើងវីឡាថ្មីមួយនៅម្តុំគិរីរម្យ ដែលលោកបានចំណាយប្រាក់អស់ជាង៣០ម៉ឺនដុល្លារនៅក្នុងការសាងសង់វីឡានេះ ។
ប្រភពព័ត៌មានថ្មីមួយទៀតនោះបានឱ្យដឹងថា មិត្តអ្នកគាំទ្រលោករ៉ាយុទ្ធ បាននិយាយគ្រប់គ្នាថា លោករ៉ាយុទ្ធ ពិតជាមានសមត្ថភាពណាស់រកស៊ីបើកហាងពី១កន្លែងរហូតដ៏មានប្រាក់បើកហាងជាបន្តបន្ទាប់ និងមិនត្រឹមតែប៉ុណ្ណោះនៅក្នុងពិធីមង្គលការរបស់លោកនោះ លោកបានចំណាយប្រាក់មិនស្តាយជ្រើសរើសយកកន្លែងដ៏ប្រណីត គឺនៅ NAGA WORLD សម្រាប់ពិធីរបស់លោក ទោះបីជាដឹងថា ខាតរាប់ម៉ឺនដុល្លារក៏លោកមិនខ្លាចដែរ ខុសប្លែកពីតារាមួយចំនួនមិនហ៊ានចំណាយធំបែបនោះទេ ។ ពេលនេះលោកកំពុងតែត្រៀមឡើងវីឡាថ្មីទៀតមើលទៅប្រហែលជាមុខរបររកស៊ីនេះកាក់កបណាស់ហើយទើបលោកសល់ប្រាក់ច្រើនធ្វើវីឡាដូច្នេះ។
ទាក់ទិនទៅនឹងបញ្ហានេះលោកគង់ រ៉ាយុទ្ធ បានប្រាប់កោះសនុ្តភាពឱ្យដឹងថា តាមពិតទៅវីឡានេះមិនមែនមានតែលុយខ្ញុំម្នាក់ឯងទេ មានទាំងលុយម៉ាក់ប៉ារបស់ខ្ញុំផងដែរ បើតាមតែខ្ញុំរកស៊ីជួញដូរសម្លៀកបំពាក់ម្នាក់ឯងនោះវាមិនអាចសល់ប្រាក់ច្រើនបែបនេះទៅសាងសង់វីឡានោះទេ ហើយវីឡានេះ ខ្ញុំសាងសង់តាំងពីឆ្នាំ ២០១១ ខែកុម្ភៈ មកម៉្លេះ បើគិតទៅគឺបាន១ឆ្នាំ ហើយនៅមិនទាន់រួចរាល់ស្រួលបួលនោះទេ ប្រហែលជា១ខែទៀត ទើបរួចរាល់ ប៉ុន្តែនៅពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែររួចទើបខ្ញុំឡើង ។
លោកបានបន្ថែមទៀតថា នៅពេលដែលឡើងវីឡាថ្មីនេះខ្ញុំក៏គិតត្រៀមអញ្ជើញអ្នកយកព័ត៌មាន តារាសម្តែង និងចម្រៀងប្រុសស្រីជាច្រើននាក់ផងដែរ ។ មើលទៅឆ្នាំ២០១២ នេះ លោកគង់ រ៉ាយុទ្ធ ពិតជាមានហុងស៊ុយខ្ពស់ណាស់មិនត្រឹមតែពង្រីកហាងលក់សម្លៀកបំពាក់ និងរៀបអាពាហ៍ពិពាហ៍ រួមទាំងមានសមត្ថភាពសាងសង់វីឡាថ្មីនោះទេ គឺពេលខាងមុខទៀតនេះលោកក៏បានត្រៀមនឹងសម្ពោធហាងកាកាស៊ុបគីស៊ុទៀតផង គឺស្ថិតនៅក្រុងកោះពេជ្រ ដែលហាងនេះលោកបានបើកឱ្យប្អូនស្រីជីដូនមួយរបស់លោក គឺកញ្ញាផាន់ ម៉ូនីកា ជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេជាអ្នកមើលការខុសត្រូវ។ មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះយើងសង្កេតឃើញថា លោករ៉ាយុទ្ធ ហាក់បីដូចជាលេងខ្លួនជាងមុន ទាំងសម្លៀកបំពាក់ និងម៉ូដសក់មើលទៅប្រហែលជាខ្លាចប្រពន្ធបែកចិត្តហើយ ខុសប្លែកពីពេលមុនលោកមិនសូវរវល់ទៅនឹងរឿងលេងខ្លួននោះទេ លោកគិតតែពីការងារ និងមុខរបររកស៊ីរបស់លោកប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នៅពេលដែលលោករ៉ាយុទ្ធ រៀបអាពាហ៍ពិពាហ៍ លោកបាននាំភរិយាទៅក្រេបច័ន្ទទឹកឃ្មុំនៅសាំងហ្គាពួរចំនួន៧ថ្ងៃផងដែរ ។ ពិតជារ៉ូមេនទិចខ្លាំងណាស់អ្នកនាងអឹុម សុគន្ធា ពិតជាមានសំណាងណាស់ដែលមានស្វាមីជាបុរសសង្ហាពូកែយកចិត្ត ហើយថែមទាំងជាមនុស្សឆ្លាតវៃទៀតផង ស្រីស្អាតជាច្រើនក៏មិនប្រាកដថា មានសំណាងបែបនេះដែរ ៕
ចែករំលែកព័តមាននេះ