ខេត្តកណ្តាល ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួននាព្រឹកថ្ងៃទី១២ កុម្ភៈ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ ក្រោមវត្តមានចូលរួមពីលោករស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម អនុប្រធានទី១ គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំចំនួន២ គឺឃុំបែកចាន និងឃុំក្រាំងម្កាក់, លោករស រេន អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួលព្រមទាំងលោក លោកស្រីជាក្រុមការងារចុះជួយមូលដ្ឋានថ្នាក់កណ្តាល និងថ្នាក់ខេត្ត-ស្រុក និងសមាជិកបក្សមកពីបណ្តាភូមិទាំង២៩ ក្នុងឃុំប្រមាណជិត៨០០នាក់។
អង្គសន្និបាតបានដំណើរការរយៈពេលពេញ១ល្ងាច ដោយបានតាមដានស្តាប់នូវខ្លឹមសារព្រាងរបាយការណ៍បូកសរុបវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍឃុំឆ្នាំ២០០៧ដល់ឆ្នាំ២០១២ និងទិសដៅភារកិច្ចអនុវត្តបន្តពីឆ្នាំ២០១២ដល់ឆ្នាំ២០១៧។ ជាមួយគ្នានេះដែរ អង្គសន្និបាតបានឯកភាពទៅលើរបាយការណ៍បូកសរុបវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្សរយៈពេលកន្លងទៅ និងខ្លឹមសារព្រាងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍឃុំបន្តពីឆ្នាំ២០១២ដល់ឆ្នាំ២០១៧។ អង្គសន្និបាតក៏បានរៀបចំដំណើរការបោះឆ្នោត ដើម្បីជ្រើសរើសបេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៣ ដែលទូទាំងឃុំមានបេក្ខភាពឈរឈ្មោះចំនួន២៩រូប ដោយធ្វើការជ្រើសរើសតែ២០រូប ក្នុងនោះមាន៩រូបជាបេក្ខភាពក្រុមប្រឹក្សាឃុំ ៩រូបជាសមាជិកក្រុមប្រឹក្សាឃុំ និង២រូបជាក្រុមប្រឹក្សាបម្រុង។
មានមតិសំណេះសំណាល លោករស់ វណ្ណា បានវាយតម្លៃចំពោះលទ្ធផលការងារដែលគណបក្សឃុំរួមគ្នាសម្រេចបាននាពេលកន្លងមក និងបានធ្វើការណែនាំទៅលើផែនការសកម្មភាពការងារដែលត្រូវអនុវត្តបន្ត ព្រមទាំងលើកឡើងឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងខ្សោយ និងបទពិសោធន៍សំដៅឈានទៅទទួលបានជោគជ័យនាអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ លោកបានក្រើនរំលឹកដល់សមាជិកបក្សតាំងពីថ្នាក់ស្រុករហូតដល់ក្រុមបក្សទូទាំងឃុំ ត្រូវបន្តធ្វើបច្ចុប្បន្នភាពបញ្ជីក្រុមឲ្យបានច្បាស់លាស់ និងបន្តរក្សាឲ្យបាននូវចលនារបស់បក្សក្នុងមូលដ្ឋានដែលធ្លាប់ធ្វើសកម្មភាពជាប្រចាំកន្លងមកដោយនិរន្តភាព ព្រមទាំងបន្តពង្រីកនូវសមាជិកថ្មី និងធ្វើសកម្មភាពឆ្ពោះទៅមូលដ្ឋានសំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ពិសេសទាក់ទាញនូវទំនុកចិត្តលើការដឹកនាំអភិវឌ្ឍន៍ប្រទេសរបស់គណបក្ស ក៏ដូចជារាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ គណៈអធិបតីក៏បានចែកជូនអំណោយអនុស្សាវរីយ៍ដល់សមាជិកបក្សដែលបានចូលរួមទាំងជិត៨០០នាក់ ក្នុងម្នាក់ៗអាវ១ មួក១ និងសារុង១ ៕
ចែករំលែកព័តមាននេះ