លោកគង់ រ៉ាយុទ្ធ គឺជាតារាមួយដួងដែលមានឈ្មោះបោះសំឡេងតាំងពីឆ្នាំ២០០៧ មកម៉្លេះ ដែលទស្សនិកជនភាគច្រើនស្គាល់តាមរយៈការសម្តែងនៅក្នុងបទចម្រៀងខារ៉ាអូខេ និងនៅក្នុងសាច់រឿងជាដើម។ ថ្មីៗនេះតារាសម្តែងលោកគង់ រ៉ាយុទ្ធ បានចំណាយប្រាក់រាប់ម៉ឺនដុល្លារ ទិញផ្ទះ ដើម្បីពង្រីកហាងលក់សម្លៀកបំពាក់បន្ថែមទៀត ក្នុងការបម្រើអតិថិជនរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ លោកកំពុងរៀបចំបើកហាងស៊ុបមួយកន្លែងទៀត នៅទីក្រុងកោះពេជ្រ ដែលមានឈ្មោះថា «កាកាស៊ុបគី» ដែលត្រៀមនឹងដំណើរការនៅពាក់កណ្តាលខែធ្នូខាងមុខនេះហើយ ដោយលោកបានឱ្យប្អូនស្រីជាអ្នកគ្រប់គ្រងគឺកញ្ញាផាន់ ម៉ូនីកា ដែលជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ។
លោកគង់ រ៉ាយុទ្ធ មិនត្រឹមតែជោគជ័យនៅក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួននោះទេ ពេលនេះកំពុងតែត្រៀមខ្លួនចូលរោងការថែមទៀតផង។ ទាក់ទងទៅនឹងបញ្ហានេះ លោកគង់ រ៉ាយុទ្ធ បានឱ្យដឹងថា សព្វថ្ងៃនេះ អាជីវកម្មរបស់លោកកំពុងដំណើរការយ៉ាងរលូន ហើយចំពោះរឿងត្រៀមខ្លួនចូលរោងការនោះនៅមិនទាន់មានគម្រោងនៅឡើយទេ ព្រោះពេលនេះលោកគ្រាន់តែចង់ឱ្យមុខរបររបស់លោកដំណើរការកាន់តែរលូនជាងនេះ ឯរឿងរៀបការគឺ សុំពេលមើលចិត្តគ្នាជាមុនសិន។ មិនដឹងថាតើនារីរូបនោះគឺជាអ្នកណានោះទេ ដែលបានទទួលសេចក្តីស្នេហាពីលោករ៉ាយុទ្ធ ជាបុរសដ៏ស្រស់សង្ហា ហើយសុភាព និងឆ្លាតវៃក្នុងមុខជំនួញថែមទៀតនោះ?
លោកគង់ រ៉ាយុទ្ធ បានឱ្យដឹងទៀតថា បច្ចុប្បន្ន មានផលិតកម្មជាច្រើនមកទាក់ទងលោកឱ្យទៅសម្តែងជាខ្សែភាពយន្ត និងសម្តែងបទចម្រៀង ប៉ុន្តែដោយសារតែលោកកំពុងតែមមាញឹកនឹងមុខរបរអាជីវកម្មផ្ទាល់ខ្លួន ដូច្នេះក៏ត្រូវផ្អាកមួយរយៈសិន៕
ចែករំលែកព័តមាននេះ