រាជធានីភ្នំពេញ ៖ TEDx Phnom Penh គឺជាកម្មវិធីដែលមានរយៈពេលពេញ១ថ្ងៃបង្កើតឡើងដើម្បីពិភាក្សាវែកញែកលើប្រធានបទផ្សេងៗដែលមានប្រយោជន៍ទៅដល់សង្គម និងការអភិវឌ្ឍ។ គណៈកម្មការរៀបចំកម្មវិធី TEDx Phnom Penh ជំរាបជូនដល់សាធារណជនថា កម្មវិធី TEDx Phnom Penh នេះនឹងត្រឡប់មកវិញម្តងទៀតនៅថ្ងៃទី១៧ តុលា ២០១១ នៅឯសាលាអន្តរជាតិ Northbridge។ កម្មវិធីនេះនឹងត្រូវផ្សាយបន្តផ្ទាល់តាមរយៈ Webcast ទៅកាន់សាលាអន្តរជាតិហ្សាម៉ាន់នៅពេលជាមួយគ្នានោះដែរ។
ប្រធានបទសម្រាប់ឆ្នាំនេះគឺការងារ និងការកំសាន្ត។ ផ្តោតលើប្រធានបទនេះគេសង្កេតឃើញថា មានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃជីវភាពទីក្រុង និងប្រទេសជាតិបានជះឥទ្ធិពលក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅវប្បធម៌ និងសង្គមរបស់យើង។ ប្រធានបទនេះគឺជាការស្វែងយល់អំពីខ្លួនឯង ថាតើយើងជាអ្នកណា យើងចង់ក្លាយជាអ្នកណា ថាតើការរស់នៅ និងប្រកបការងារនៅក្នុងសម័យកាលដ៏មមាញឹកនេះមានអត្ថន័យយ៉ាងណាចំពោះប្រវត្តិសាស្ត្រប្រទេសយើង។ វាគ្មិនដែលចូលរួមក្នុងកម្មវិធីនេះនឹងរៀបចំកម្មវិធីកំសាន្តនានា និងជំរាបអំពីរបៀបវារៈនៃការពិភាក្សាទៅកាន់អ្នកចូលរួមដូចជាការចាក់បង្ហាញវីដេអូស្តីពីប្រធានបទជាច្រើនទៀតដែលទាក់ទងទៅនឹងអ្វីដែលពួកគេបានធ្វើកន្លងមក។ បទបង្ហាញទាំងនោះមិនមែនផ្តោតតែទៅលើការស្វែងរកមូលនិធិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទៅដល់អ្នកចូលរួមទាំងអស់។
កម្មវិធី TEDx Phonm Penh ឆ្នាំនេះទទួលបានការឧបត្ថម្ភពី Cellcard ។លោកកាយ ឡូត នាយកប្រតិបត្តិ Cellcard បានឱ្យដឹងថា កម្មវិធីនេះគឺជាឱកាសដ៏ល្អសម្រាប់ធុរជនវ័យក្មេង ក៏ដូចជានិស្សិតបញ្ញវន្តរបស់កម្ពុជាបង្ហាញសមត្ថភាពទៅកាន់ពិភពលោកឱ្យដឹងថា កម្ពុជាក៏មានបញ្ញវន្តកំរិតអន្តរជាតិជាច្រើនរូបផងដែរ។ លោកកាយ ឡូត បានបន្ថែមទៀតថា យើងពិតជាមានក្តីសោមនស្សរីករាយក្នុងការចូលរួមលើកស្ទួយ និងជំរុញបញ្ញវន្តទាំងនោះឱ្យទាក់ទងទៅកាន់ពិភពលោក។
ឥឡូវនេះ លោកអ្នកអាចទទួលបានសំបុត្រចូលរួមកម្មវិធីនេះដោយគ្រាន់តែផ្ញើរូបភាពដែលឆ្លើយតបទៅនឹងសំណួរតើអ្នកកំពុងធ្វើអ្វីតាមរយៈអ៊ីម៉ែលដោយភ្ជាប់ជាមួយនឹងការពន្យល់ថ្មីៗ ២ឬ៣ប្រយោគទាក់ទងនឹងប្រធានបទការងារ និងការកំសាន្ត។ សូមប្រញាប់ឡើង ព្រោះថា កន្លែងមានកំណត់ អ្នកមកមុននឹងទទួលបានមុន៕
ចែករំលែកព័តមាននេះ