អ៊ែស្ពូ ហ្វាំងឡង់ ៖ ថ្ងៃនេះ Nokia បានប្រកាសថា លោក Tero Ojanpera នាយកប្រតិបត្តិរង និងជាសមាជិកមួយរូបក្នុងក្រុមថ្នាក់ដឹកនាំនៃក្រុមហ៊ុន Nokia នឹងលាឈប់ពីតំណែងបច្ចុប្បន្ននៅថ្ងៃបញ្ចប់កិច្ចសន្យាការងាររបស់លោក គឺថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១១ ខាងមុខនេះ។ លោក Tero ដែលជាអ្នកទ្រទ្រង់កម្មវិធី Nokia’s Bridge បានបម្រើការនៅក្រុមហ៊ុន Nokia រយៈពេល២១ឆ្នាំកន្លងមកហើយ ដោយលោកបានទទួលតួនាទីជាសមាជិកនៃក្រុមថ្នាក់ដឹកនាំនៃ Nokia ចាប់តាំងពីឆ្នាំ២០០៥ រហូតមក ។ បន្ទាប់ពីការលាឈប់ពីតំណែងបច្ចុប្បន្ននេះ លោកនឹងទៅទទួលតំណែងជានាយកគ្រប់គ្រងនៃមូលនិធិវិនិយោគទុនថ្មីមួយឱ្យឈ្មោះថា Vision+ ។
លោកបានមានប្រសាសន៍ថា ៖ «ខ្ញុំពេញចិត្តនឹងបម្រើការនៅក្នុងក្រុមហ៊ុន Nokia រយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ។ ខ្ញុំមានមោទនភាពនឹងតួនាទីដែលខ្ញុំមាននៅក្នុង Nokia ដែលជាក្រុមហ៊ុនមួយបាននិងកំពុងបន្តផ្លាស់ប្តូរជីវិតរស់នៅនៃមនុស្សជាតិដ៏ច្រើននៅជុំវិញសាកលលោកតាមរយៈបច្ចេកវិទ្យាចល័ត ។ ពេចពិលរមិលមើលទៅថ្ងៃអនាគត ខ្ញុំរំភើបចិត្តនឹងការដឹកនាំប្រតិបត្តិការ Vision+ ដែលមានគោលដៅជួយទ្រទ្រង់សហគមន៍នានា ឱ្យប្រែក្លាយគំនិតច្នៃប្រឌិតទៅជារូបរាងផលិតផលពិតប្រាកដ» ។
លោកនាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia គឺលោកស្ទីវិន អ៊ីឡុប បានមានប្រសាសន៍ថា ៖ «លោក Tero បានរួមចំណែកយ៉ាងច្រើនក្នុងការកសាង និងលើកស្ទួយ Nokia ក្នុងតួនាទីផ្សេងៗរបស់លោកកន្លងមកដូចជា អ្នកគ្រប់គ្រងផ្នែកបច្ចេកវិទ្យា, អ្នកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ, អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវទីផ្សារ និងបច្ចុប្បន្ននេះជានាយកប្រតិបត្តិរងទទួលបន្ទុកផ្នែកសេវាកម្មដែលក្នុងតួនាទីនេះ លោកបានជួយទ្រទ្រង់ និងអភិវឌ្ឍក្រុមហ៊ុនផលិតកម្មវិធី, សហគ្រិន និងសហគមន៍ក្នុងស្រុកនានាយ៉ាងសកម្ម» ។ លោកស្ទីវិន អ៊ីឡុប បានបន្ថែមទៀតថា នៅក្នុងកិច្ចការដឹកនាំគ្រប់គ្រង Vision+ លោក Tero នឹងមានឱកាសបន្តផ្តល់លទ្ធផលជាវិជ្ជមានចំពោះសហគមន៍បច្ចេកវិទ្យា ក៏ដូចជា Nokia ផងដែរ ហើយយើងនឹងផ្តល់នូវការគាំទ្រដែលចាំបាច់នានាជូនលោក Tero នៅក្នុងតួនាទីថ្មីរបស់លោក៕
ចែករំលែកព័តមាននេះ