រាជធានីភ្នំពេញ ៖ ដោយមានបំណងចង់រក្សាកេរ្តិ៍ឈ្មោះឪពុកដែលធ្លាប់មានភាពល្បីល្បាញអស់រយៈពេលជាច្រើនទសវត្សមកហើយនោះ លោកឈិន ខ្វាន់ចៃ ដែលបច្ចុប្បន្នមានអាយុជាង៦០ឆ្នាំនិងប្រកបរបរជាអ្នករត់ម៉ូតូឌុបផង បានខិតខំលះបង់កម្លាំងកាយចិត្តនិងពេលវេលាទាំងលំបាក ដើម្បីបង្កើតបានក្លឹបកីឡាប្រដាល់មួយមានឈ្មោះថា «ក្លឹបមកុដរាជសីហ៍» មានទីតាំងនៅម្តុំក្បាលថ្នល់ជិតស្ពានអាកាស ។
លោកឈិន ខ្វាន់ចៃ បានថ្លែងថា ឪពុករបស់លោកឈ្មោះឈិន ខ្វាន់ ជាអ្នកប្រដាល់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីឆ្នាំ១៩៤៣មកម៉្លេះ ហើយបច្ចុប្បន្នបានបន្សល់ទុកសិស្សល្បីៗជាច្រើននាក់ដូចជាលោកឈិត សារឹម លោកឆោម ឆារីជាដើម ។ ចំណែករូបលោកដែលជាកូនក៏ជាអតីតកីឡាករដែលមានឈ្មោះល្បីនៅឆ្នាំ១៩៧២ដែរ ហើយលោកធ្លាប់ជាប់ជាកីឡាករជម្រើសជាតិ ប្រភេទទម្ងន់៥២គីឡូក្រាម នៅឆ្នាំ១៩៨០ ។ ពេលនេះដោយសារតែមានបំណងចង់រក្សាកេរ្តិ៍ឈ្មោះឪពុកផងនិងមានចិត្តស្រឡាញ់និងចង់លើកស្ទួយវិស័យកីឡាប្រដាល់ក្បាច់បុរាណខ្មែរទៀតផងនោះ លោកបានឯកភាពគ្នាជាមួយលោកគង់ ចាន់ធីណា បង្កើតបានក្លឹបមួយនេះឡើងដែលរហូតមកដល់ពេលនេះមានអាយុ៤ខែហើយ និងមានកីឡាករ-កីឡាការិនីសរុបជាង១០នាក់ ហើយទីតាំងដែលកំពុងហ្វឹកហាត់សព្វថ្ងៃ លោកបានជួលគេក្នុង១ខែ៥០ដុល្លារ ។
លោកឈិន ខ្វាន់ចៃ បានប្រាប់ទៀតថា ពេលព្រឹកលោកឆ្លៀតរត់ម៉ូតូឌុប ឯពេលរសៀលចាប់ពីម៉ោង២ទៅលោកបង្ហាត់សិស្ស រហូតដល់ម៉ោង៦និង៣០នាទីល្ងាច ។ លោកបញ្ជាក់ថា សព្វថ្ងៃពិតជាមានការជួបការលំបាកបន្តិចមែន តែលោកសុខចិត្តស៊ូទ្រាំដោយមិនត្អួញត្អែរឡើយ ហើយក៏មានសប្បុរសជនមួយចំនួនបានជួយជាថវិកា និងសម្ភារផ្សេងៗដែរ តែមិនគ្រប់គ្រាន់ទេ ព្រោះមានសិស្សខ្លះស្នាក់នៅហូបចុកជាមួយ តែសិស្សខ្លះគេហូបចុកនៅផ្ទះរបស់គេ ។ លោកមានបំណងស្វែងរកការឧបត្ថម្ភបន្ថែមទៀតដែរ ព្រោះថាក្លឹបរបស់លោកនៅថ្មីថ្មោង ម្យ៉ាងទៀតមិនទាន់មានកីឡាករណាម្នាក់បានឡើងសង្វៀនប្រកួតនៅឡើយទេ ៕
ចែករំលែកព័តមាននេះ