រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន ទទួលបានចំណាត់ថ្នាក់លេខ១ ក្របខណ្ឌបាល់ទាត់ពានរង្វាន់ Metfone Cambodia Leaque ដោយស្វ័យប្រវត្តិ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ព្រះខ័នរាជ្យនៅក្នុងលទ្ធផល ១-០ ប្រកួតនៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃអាទិត្យ ទី២៨ សីហា ។
កីឡាករ NJOKU KINGSLEY METU សញ្ជាតិនីហ្សេរីយ៉ា ពាក់អាវលេខ២០ ជាអ្នកដែលធ្វើឱ្យភ្នំពេញក្រោនទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ដោយបានតែតបាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី៤៨។ ភ្នំពេញក្រោនពេលនេះមាន៤៤ពិន្ទុក្នុងដៃរួចទៅហើយ នាំមុខគេក្នុងតារាង។ ដូច្នេះគេនៅសល់១ប្រកួតទៀតសម្រាប់ជួបណាហ្គាខបនៅថ្ងៃអាទិត្យ ទី៤ កញ្ញា បើទោះជាចាញ់ក៏លែងមានបញ្ហាទៀតដែរ ព្រោះថា បើណាហ្គាខបឈ្នះមានតែ៤៣ពិន្ទុប៉ុណ្ណោះ។ ដោយឡែកព្រះខ័នរាជ្យដែលបានចាញ់ភ្នំពេញក្រោនលើកនេះទើបតែរកបាន៣១ពិន្ទុប៉ុណ្ណោះស្ថិតនៅលេខរៀងទី៣ក្នុងតារាង។
ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានភ្លាត់ស្នៀតចាញ់ព្រែកប្រាកីឡា ១-២។ ព្រែកប្រា ទទួលបានជ័យជម្នះលើកនេះនឹងមានឱកាសឡើងទៅលេខរៀងទី៨ ក្នុងតារាងជាបណ្តោះអាសន្នវ៉ាឆ្លាមសមុទ្រ១ពិន្ទុ។ ប៉ុន្តែទោះជាយ៉ាងណាក្តីក៏ក្រុមដែលលាយចម្រុះខ្មែរអ៊ិស្លាមមួយនេះមិនប្រាកដថា នឹងអាចគេចផុតពីតំបន់កាត់ចោល ឬអត់នោះទេ ព្រោះគេនៅរង់ចាំអ៊ុតមើល១ប្រកួតចុងក្រោយទៀត។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិពេលនេះមាន២០ពិន្ទុស្ថិតនៅលេខរៀងទី៧ក្នុងតារាង ៕
ចែករំលែកព័តមាននេះ