ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បើក​អគារ​ឱ្យ​​ទស្សនា​ជា​​សាធារណៈ​សាកល​វិទ្យា​ល័យ​ហ្សា​ម៉ាន់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សាកល​វិទ្យា​ល័យ​ហ្សា​ម៉ាន់​​បានធ្វើការ​អញ្ជើញ​​សាធារណ​ជន​​មក​ទស្សនា​​ អគារ​សិក្សា​​របស់​ខ្លួន​នា​ថ្ងៃទី​២៧ សីហា ​នេះ ។
​សិស្ស​ និស្សិត ​និង​អាណា​ព្យាបាល​​ទាំងអស់​​មាន​ឱកាស​បាន​ដើរ​មើល​សាល​ប្រជុំ​ទំនើប និងធំ​ទូលាយ​ដែល​អាច​ទទួល​ភ្ញៀវ​ចូល​រួម​បាន​២៣២​នាក់ ​និង​ថ្នាក់​រៀន​

រាជធានីភ្នំពេញ ៖ ​សាកល​វិទ្យា​ល័យ​ហ្សា​ម៉ាន់​​បានធ្វើការ​អញ្ជើញ​​សាធារណ​ជន​​មក​ទស្សនា​​អគារ​សិក្សា​​របស់​ខ្លួន​នា​ថ្ងៃទី​២៧ សីហា ​នេះ ។
សិស្ស​ និស្សិត ​និង​អាណា​ព្យាបាល​​ទាំងអស់​​មាន​ឱកាស​បាន​ដើរ​មើល​សាល​ប្រជុំ​ទំនើប និងធំ​ទូលាយ​ដែល​អាច​ទទួល​ភ្ញៀវ​ចូល​រួម​បាន​២៣២​នាក់ ​និង​ថ្នាក់​រៀន​ផ្សេងៗ​ដ៏​ថ្មី​ស្រឡាង​ដែល​សុទ្ធ​តែ​បំពាក់​ទៅ​ដោយ​បរិ​ក្ខា​​រទំនើបៗ​ ដូច​ជា​ឧបករណ៍​​បញ្ចាំង​ស្លាយ (Projector) ម៉ាស៊ីន​ត្រជាក់ និង​ក្តារ​ខៀន​អេឡិច​ត្រូ​និក (Smart Board) ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​​ដល់​ការ​សិក្សា​​របស់​និស្សិត ។

បន្ទាប់​មក​ភ្ញៀវ​​ទាំងអស់​​បាន​អញ្ជើញ​ទៅ​ទស្សនា​បណ្ណា​ល័យ​របស់​​សាកល​វិទ្យា​ល័យ​ហ្សា​​ម៉ាន់​​ដែល​មាន​សៀវ​ភៅ​​ជាង​៥.០០០​ក្បាល និង​ធន​ធាន​សិក្សា​អេឡិច​ត្រូនិក​ដ៏​​សម្បូរ​បែប​​ដែល​សម្រួល​ដល់​ការ​សិក្សា​ស្រាវជ្រាវ​របស់​និស្សិត និង​សាស្ត្រា​ចារ្យ​​រ​បស់​សាកល​វិទ្យា​​ល័យ​ហ្សា​ម៉ាន់ ។

ភ្ញៀវ​កិត្តិ​យស​ទាំងអស់​ក៏​បាន​ទទួល​ព័ត៌​មាន​​អំពី​ក្លឹប​​និស្សិត​នានា​​នៅ​សាកល​វិទ្យា​ល័យ​ហ្សា​មា៉ន់​​ដែល​បាន​បង្កើន​​ចំណេះ​ដឹង និង​ជំនាញ​សង្គម​​ក្រៅ​មុខ​វិជ្ជា​​សិក្សា​ដល់​និស្សិត​​រួម​មាន​ក្លឹប​​ហ្គី​តារ ​ក្លឹប​វី​ហូយូឡុង ក្លឹប​រៀប​ពាក្យ​អង់​គ្លេស (Scrabble) ក្លឹប​រាំ ​ក្លឹប​​​ភា​សា​ខ្មែរ ​ក្លឹប​ភាសា​ចិន ក្លឹប Sudoku ក្លឹប​ពិភាក្សា​​ដេញដោល ក្លឹប​ភាព​យន្ត ​និង​ក្លឹប​សិល្បៈ និង​ចំអិន ។

ក្នុងចំណោម​​​និស្សិត​ទាំង​អស់​ដែល​កំពុង​សិក្សា​​​នៅ​សាកល​វិទ្យា​ល័យ​ហ្សា​ម៉ាន់​ គឺ មាន​២៥% ​ជានិស្សិត​​អន្តរជាតិ​មកពី​ប្រទេស​ជាង​១០​នៅ​ក្នុង​សាកល​លោក ។ ​ទាំង​និស្សិត​​ និង​សាស្ត្រា​ចារ្យ​ទាំង​អស់​នៅ​សាកល​វិទ្យា​ល័យ​​ហ្សា​ម៉ាន់ ​សុទ្ធ​តែ​ទទួល​បាន​​បទ​ពិសោធន៍​​ដ៏​ល្អ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​នៅ​ក្នុង​មជ្ឈ​ដ្ឋាន​​មួយ​ដែល​មាន​វប្ប​ធម៌​ចម្រុះ ហើយ​ជា​ពិសេស​គឺ​និស្សិត​​ទាំង​អស់​​មាន​​ឱកាស​ប្រើ​ប្រាស់​​ភាសា​អង់​គ្លេស​​ដោយ​ពេញ​លេញ​​ក្នុងការ​សិក្សា​ និង​ទំនាក់​ទំនង​​ទូទៅ​​របស់​ពួកគេ ។

ទន្ទឹម​នឹង​នេះ​ភ្ញៀវ​ទាំង​អស់​ក៏​បាន​ទៅពិនិត្យ​មើល​បន្ទប់​កុំព្យូទ័រ​​ដែល​មាន​កុំព្យូទ័រ​ទំនើប​ជាង​៤០​គ្រឿង ​សម្រាប់​បង្កើន​ចំណេះ​ដឹង​សិក្សា​​ទូទៅ ក៏​ដូចជា​ការ​អនុ​វត្ត​ផ្ទាល់​នូវ​ចំណេះដឹង​​ផ្នែក​ព័ត៌​មាន​​វិទ្យា​របស់​និស្សិត​នៅ​សាកល​វិទ្យា​ល័យ​ហ្សា​ម៉ាន់ ។ គួរ​បញ្ជាក់​​ផង​ដែរថា អគារ​​រ​បស់​​សាកល​​វិទ្យា​ល័យ​ហ្សា​ម៉ាន់​​ក៏មាន​ប្រព័ន្ធ​អ៊ីន​ធើរណេត ​សម្រាប់​​និស្សិត​ប្រើ​ប្រាស់​​​នៅ​គ្រប់​ទី​កន្លែង ​នៃ​អគារ​​សិក្សា​ដែរ ។

សាកលវិទ្យា​ល័យ​ហ្សា​ម៉ាន់​ មាន​ផ្តល់​​ជូន​មុខ​ជំនាញ​សិក្សា​ចំនួន​៨ គឺ​វិស្វ​កម្ម​សំណង់​ស៊ីវិល ​វិទ្យា​សាស្ត្រ​កុំ​ព្យូទ័រ គ្រប់​គ្រង​​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា រចនា​ក្រា​ហ្វិក និង​ពហុ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​​គ្រប់​គ្រង​ជំនួញ ធនា​គារ និង​ហិរញ្ញ​វត្ថុ ​ទំនាក់ទំនង​​អន្តរ​ជាតិ និង​ភាសា​អង់​គ្លេស ។

ក្នុង​ឱកាស​នេះ​ដែរ ភ្ញៀវ​​ទាំងអស់​ក៏​បាន​ទទួល​ព័ត៌​មាន​លំអិត​អំពី​កម្ម​វិធី​សិក្សា​រ​បស់​​សាកល​វិទ្យា​ល័យ​​ហ្សា​មា៉ន់​​ និង​​បាន​ជួប​សំណេះ សំណាល​ជា​មួយ​នឹង​សាស្ត្រា​ចារ្យ​ដែល​មាន​គុណ​វឌ្ឍន៍​ខ្ពស់​ គឺ សញ្ញា​បត្រ​បរិ​ញ្ញា​បត្រ​ជាន់ខ្ពស់​ និង​បណ្ឌិត​ ក៏ដូចជា​​ព័ត៌​មាន​លំអិត​អំពី​កម្ម​វិធី​សិក្សា​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន​​សម្រាប់​ឆ្នាំ​សិក្សា​២០១១-២០១២ ​និង​សៀវ​ភៅ​​សម្ភារ​សិក្សា​​នានា​ផង​ដែរ ។

ថ្មីៗ​នេះ​សាកលវិទ្យា​ល័យ​ហ្សា​ម៉ាន់​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​ជា​មួយ​នឹង​សាកល​វិទ្យា​ល័យ​មួយ​​នៅសហ​រដ្ឋ​អាមេ​រិក​ គឺ North American College ។ កិច្ចព្រម​​ព្រៀង​នេះ នឹង​អនុ​ញ្ញាត​​ឱ្យ​និស្សិត​​របស់​សាកល​វិទ្យា​ល័យ​​ហ្សា​មា៉ន់​​ទៅ​បន្ត​ការ​សិក្សា​​​នៅ ​North American College ​នៅ​ឆ្នាំ​ទី​៣ និង​ទី៤ ​នៅ​ឯ​សហរដ្ឋ​អាមេរិក ​ដោយ​នឹង​ទទួល​បាន​សញ្ញា​បត្រ​២ គឺ​ពី North American College ​ផង ​និង​ពី​សាកល​វិទ្យា​ល័យ​ហ្សា​មា៉ន់​ផង ។ ​សាកល​វិទ្យា​ល័យ​ហ្សា​ម៉ាន់ ​ក៏ បាន​ជួប​ពិភាក្សា​​ជាមួយ​គណៈគ្រប់​គ្រង​​របស់​សាកល​វិទ្យា​ល័យ Texas A&M នៅ​សហ​រដ្ឋអាមេ​រិក ​​ដែល​ផ្នែក​​មួយ​នៃ កិច្ច​ព្រម​ព្រៀង​​នេះ និស្សិត​ឆ្នាំ​ទី​៤ នៃ​មហា​វិទ្យា​ល័យ​អប់រំ​​របស់​សាក​ល​វិទ្យា​ល័យ Texas A&M​​នឹង​ត្រូវ​​ធ្វើ​​ទស្សន​កិច្ច​​មក​កាន់​ព្រះ​រាជា​ណាចក្រ​​កម្ពុជា ​ហើយ​ក៏​ត្រូវ​​ចុះ​ធ្វើ​កម្ម​សិក្សា​​ក្នុងថ្នាក់​ត្រៀម​​​ភាសា​​​អង់​គ្លេស​​នៅ​សាកល​វិទ្យា​ល័យ​ហ្សា​មា៉ន់​រយៈ​ពេល​​បី​សប្តាហ៍​​នៅអំឡុង​ពេល​​​ថ្ងៃ​បុណ្យ​ណូអែល​​​នា​ពេល​ខាង​មុខ​នេះ​ដែល​​ជា​ពេល​វិស្សម​កាល​នៅ​សហ​រដ្ឋ​អាមេ​រិក​ ។ និស្សិត​ក៏​នឹង​មាន​ឱកាស​រៀន​ភាសា​ខ្មែរ​នៅអំឡុង​ពេល​​ដែល​ពួកគេ​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ។ ​បន្ថែម​ពី​នេះ​ទៀត វិទ្យា​សា្ថន​ Norman Borlaug របស់​សាកល​វិទ្យា​ល័យ​ Texas A&M ក៏​នឹង​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​សាកលវិទ្យា​ល័យ​ហ្សា​មា៉ន់​​សម្រាប់​គម្រោង​​អភិវឌ្ឍន៍​​ទាក់​ទង​នឹង​បញ្ហា​សំណង់​​សីុវិល​​នៅ​ប្រទេស​កម្ពុជា ។

សាកល​វិទ្យា​ល័យ​ហ្សាម៉ាន់​​ក៏​ផ្តល់​ផង​ដែរ នូវ​វគ្គ​សិក្សា​ភា​សា​អង់​គ្លេស​​​នៅ​ពេល​ល្ងាច​​ដែល​វគ្គ​សិក្សា​នេះ មាន​ចំនួន​៤​ដង​​ក្នុង​មួយ​ឆ្នាំ ។ នៅ​ខែ​តុលា​​ខាង​មុខ​នេះ សាកល​វិទ្យា​ល័យ​​ហ្សា​ម៉ាន់​​ក៏​នឹង​មាន​បើក​វគ្គ​ប​ង្រៀន​​ភា​សា​ចិន​​ផង​ដែរ ។

សម្រាប់​ឆ្នាំ​សិក្សា​​២០១១-២០១២ នេះ​សាកល​វិទ្យា​ល័យ​​ហ្សា​ម៉ាន់​​នឹង​ផ្តល់​​ជូន​អាហារូប​ករណ៍​​ដល់​​សិស្ស និស្សិត​កម្ពុជា​ចំនួន​៣០០​នាក់។ ការ​ប្រឡង​​អាហារូប​​ករណ៍​​នេះ​នឹង​ធ្វើឡើង​​នៅ​ថ្ងៃ​ទី​៣ កញ្ញា ​នា​វេលា​ម៉ោង​១០​ព្រឹក​នៅ​អគារ​​សាកល​វិទ្យា​ល័យ​ហ្សា​មា៉ន់ ។ ​សិស្ស និស្សិត​ទាំង​អស់​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​ទាក់​​ទង​​ទៅ​​កាន់​​ទូរស័ព្ទ​​លេខ​០២៣ ៩៩៦ ១១១ ។ ​សាកល​វិទ្យា​ល័យ​​ហ្សា​ម៉ាន់​​នឹង​ចាប់​បើក​បវេសន​កាល​នៅ​ថ្ងៃ​ទី​១០ តុលា ខាង​មុខ​នេះ ៕