រាជធានីភ្នំពេញ ៖ នៅសមាគមសិល្បករខ្មែរក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ មានរៀបចំពិធីប្រកាសជាផ្លូវការប្រធាន អនុប្រធានក្រុមប្រឹក្សាសមាជិកសមាគមសិល្បករខ្មែរអាណត្តិទី៣ ក្រោមអធិបតីភាពលោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជា រតនា ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមពីសិល្បករ-សិល្បការិនី អ្នកចម្រៀងសម័យនិងបុរាណ តារាភាពយន្ត តន្ត្រីករជិត១០០នាក់ ។
នៅក្នុងពិធីប្រកាសនិងទទួលត្រាសមាគមនោះ លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរទើបជាប់ឆ្នោតមានប្រសាសន៍ថា រយៈពេល២ខែកន្លងមកនេះ លោកទទួលថវិកាពីសប្បុរសជនមួួយចំនួន ជាពិសេសទទួលពីលោកអភិបាលរាជធានីភ្នំពេញ ចំនួន៥០០ដុល្លារ សម្រាប់ទិញសម្ភារ និងធ្វើស្លាកសមាគម ព្រមទាំងរៀបចំតុបតែងរូបថតសិល្បករ-សិល្បការិនី ចាស់ៗនៅក្នុងសមាគម។ ថ្មីៗនេះ សមាគមសិល្បករខ្មែរទទួលបានអំណោយថវិកាចំនួន១០.០០០ដុល្លារពីលោកបណ្ឌិតជា រតនា ទីប្រឹក្សារាជរដ្ឋាភិបាលដោយយកមកចែកជូនសិល្បករ-សិល្បការិនីចាស់ជរា និងមានជំងឺចំនួន៣៣នាក់ ក្នុងម្នាក់ៗទទួលបាន១លានរៀល។ ថវិកាដែលនៅសល់បានតម្កល់ទុកចំណាយផ្សេងៗក្នុងសមាគម។
លោកសុះ ម៉ាច បានមានប្រសាសន៍ថា លោកចង់ឱ្យសិល្បករ-សិល្បការិនី ទាំងអស់ចេះសាមគ្គីគ្នា ជួយគ្នាលើកស្ទួយអភិរក្សអភិវឌ្ឍវិស័យសិល្បៈជាតិទាំងអស់គ្នា ។ ត្រូវចេះជួយសិល្បករ-សិល្បការិនីដែលជួបប្រទះនឹងទុក្ខលំបាក។
លោកសុះ ម៉ាច បានសំណូមពរដល់ព្រឹទ្ធាចារ្យសិល្បករ-សិល្បការិនីចាស់ៗឱ្យផ្ទេរចំណេះដឹងដល់អ្នកសិល្បៈជំនាន់ក្រោយដើម្បីបន្តថែរក្សា និងផ្ទេរទៅឱ្យកូនចៅជំនាន់ក្រោយបន្តទៀត ។
លោកថៃ នរៈសត្យា មានប្រសាសន៍ថា លោកមានការចាប់អារម្មណ៍ចំពោះលោកសុះ ម៉ាច ជាអ្នកដឹកនាំសមាគមថ្មីដែលទទួលបន្ទុកបន្តពីអ្នកដឹកនាំចាស់បន្សល់ទុកទាំងល្អនិងមិនល្អជា ច្រើន ។ លោកសុះ ម៉ាច និងថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរនឹងជួបការលំបាកជាមិនខាន។ ជាធម្មតាកន្លែងធ្វើការមួយដែលមានរឿងធ្លុះធ្លាយមិនងាយជួសជុលទេ ដូច្នេះហើយលោកសុះ ម៉ាច នឹងទទួលបន្ទុកកិច្ចការលំបាកច្រើនទៀតដែលត្រូវធ្វើ។
លោកថៃ នរៈសត្យា មានប្រសាសន៍ថា សិល្បករ-សិល្បការិនីត្រូវចេះសាមគ្គីចេះគោរពគ្នាទៅវិញទៅមក ក្នុងភាពថ្លៃថ្នូរ ព្រោះជាកម្លាំងទ័ពស្រួចមួយនៅក្នុងចលនាសង្គ្រាមចិត្តសាស្ត្រដូច្នេះត្រូវចេះទទួលខុសត្រូវខ្លួនឯង ។
លោករដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវសិល្បករ-សិល្បការិនីឱ្យចុះឈ្មោះជាសមាជិកសមាគមឱ្យបានច្រើនដើម្បីចែករំលែកចំណេះដឹងវិជ្ជាជីវៈពីគ្នាទៅវិញទៅមក និងផ្ទេរចំណេះដឹងឱ្យទៅក្មេងជំនាន់ក្រោយជួយអភិរក្សថែរក្សា និងអភិវឌ្ឍន៍បន្តទៀត ។ សិល្បករ-សិល្បការិនីជំនាន់ក្រោយត្រូវចេះសុំព្រឹទ្ធាចារ្យរៀមច្បងចាស់ៗឱ្យផ្ទេរចំណេះដឹងសិល្បៈមកឱ្យខ្លួនដើម្បីថែរក្សា អភិរក្សឱ្យនៅគង់វង្សតទៅក្មេងជំនាន់ក្រោយៗទៀត។
លោកថៃ នរៈសត្យា ស្នើឱ្យសិល្បករ-សិល្បការិនីត្រូវចេះយល់ដឹងខ្លួនឯង ធ្វើយ៉ាងណាស្លៀកពាក់ឱ្យបានសមរម្យថ្លៃថ្នូរទៅតាមទំនៀមទម្លាប់ប្រពៃណីវប្បធម៌ជាតិ ៕
ចែករំលែកព័តមាននេះ