ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​សភាព​​គូប្រ​ដាល់​​ នៅ​លើ​សង្វៀន​​ទូរទស្សន៍​ ប៉ុស្តិ៍បា​យ័ន​ ​និង TV5

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កី​ឡា​ករឡុង សុវណ្ណ​ឌៀន មក​ពី​ក្លឹប​​សាល​វ័ន្ត​កី​ឡា ​និង​អ៊ុំ វិរៈ​មក​ពី​ក្លឹប​កង​ទ័ព​ឆត្រ​យោង​​៩១១ ជួប​គ្នា​នៅ​ជុំ​ទី​១ ក្នុង​លក្ខណៈ​ជម្រុះ​​វិល​ជុំ​ដណ្តើម​ខ្សែ​ក្រ​វាត់ នៅ​សង្វៀន​ទូរ​ទស្សន៍​បា​យ័ននា​ថ្ងៃ​សុក្រ ទី​២៦ សី​ហា​​ខាង​មុខ​នេះ។ រវាងគូ​នេះ​ទើប​តែ​ជួប​គ្នា​ជា​លើ​ក​ទី​១​​ ទាំង​សងខាង​​​នៅ​មិន​ទាន់​​​រក​បាន​១​ពិន្ទុ​ម្នាក់​ដូច​គ្នាទៀត។

រាជធានី​ភ្នំពេញ ៖ កី​ឡា​ករឡុង សុវណ្ណ​ឌៀន មក​ពី​ក្លឹប​​សាល​វ័ន្ត​កី​ឡា ​និង​អ៊ុំ វិរៈ​មក​ពី​ក្លឹប​កង​ទ័ព​ឆត្រ​យោង​​៩១១ ជួប​គ្នា​នៅ​ជុំ​ទី​១ ក្នុង​លក្ខណៈ​ជម្រុះ​​វិល​ជុំ​ដណ្តើម​ខ្សែ​ក្រ​វាត់ នៅ​សង្វៀន​ទូរ​ទស្សន៍​បា​យ័ននា​ថ្ងៃ​សុក្រ ទី​២៦ សី​ហា​​ខាង​មុខ​នេះ។

រវាងគូ​នេះ​ទើប​តែ​ជួប​គ្នា​ជា​លើ​ក​ទី​១​​ ទាំង​សងខាង​​​នៅ​មិន​ទាន់​​​រក​បាន​១​ពិន្ទុ​ម្នាក់​ដូច​គ្នាទៀត។ ទាំង​​សុវណ្ណ​ឌៀននិងអ៊ុំ វិ​រៈ សុទ្ធ​​តែ​ជា​អ្នក​ប្រ​ដាល់​ជើង​​ថ្មី​ដូច​គ្នា ស្នៀត​ប្រ​យុទ្ធ​នៅ​លើ​សង្វៀន​អា​ច​ប្រើ​ការ​បាន​ទាំង​ស្នៀង​ជើង និង​ស្នៀត​កណ្តាប់​ដៃ​​គឺពូកែ​ដូច​គ្នា​។ អ្នក​ស្នេ​ហាកី​ឡា​ប្រ​ដាល់ក៏​ចាំ​មិន​ភេ្លចទេ​រវាង​គេ​ទាំង​២​សុទ្ធ​តែ​ធ្លាប់​បាន​​​ធ្វើ​ឱ្យ​​អូត​ភូ​​ថង​​មក​ពី​ក្លឹប​កី​ឡា​ប្រ​ដាល់​ក្រ​​សួង​ការ​​ពារ​ជាតិ​បាន​ចាញ់​នៅ​ក្រោម​កណ្តាប់​ដៃ​​ម្តង​រួច​មកហើយ​។ ​សុវណ្ណ​ឌៀន ស្នៀត​​ជើង និង​ស្នៀត​ដៃ​របស់​​គេ​វាយ​ចេញ​មិន​សូវ​រហ័ស​​មែនតែ​មាន​ទម្ងន់ធ្ងន់​ ប៉ុន្តែ​ចិត្ត​របស់​គេ​មិន​សូវ​សឿង​ប៉ុន្មាន​ឡើយ​។ អ៊ុំ​ វិរៈ ពូកែ​ស្នៀត​ជើង និង​ស្នៀ​ត​ដៃ​​កម្លាំង​ស៊ុ​​ហ្វខ្លាំង​អាច​ស៊ូ​ប្រ​កួត​បាន​៥​ទឹក​​​ពេញ​មិន​លំ​បាក​ទេ។ លោក​ហង្ស ស៊ឺន គ្រូ​បង្វឹក​របស់​វិរៈ​បាន​ប្រាប់​ថា ​បើ​វិរៈ​ការ​ពារ​ផ្នែក​ខាង​លើ​បាន​ល្អ​បន្តិច​​គេ​នឹង​អាច​មាន​សង្ឃឹម​ច្រើន​សម្រាប់​ការ​ជួប​គ្នា​លើ​កនេះ​។​

គូ​ប្រ​កួត​មិត្ត​ភាព​វិញ ឈឿន​ ឆៃ​ដែន ​មក​ពី​ក្លឹប​និរោធមាន​ជ័យ ជួប​ខុម ពិសិដ្ឋ មក​ពី​ក្លឹប​​អូ​ដឹម​កី​ឡា។​ ​គូ​នេះអត់​ធ្លាប់​ជួប​គ្នា​ពី​មុន​មកទេ។ ​សម្រាប់​ការ​ប៉ះ​គ្នា​រវាង​គេ​ទាំង​២​លើ​ក​នេះ ទាំង​សងខាង​សុទ្ធ​តែ​មិន​ហ៊ាន​ក្អេង​ក្អាង​ទុក​​​មុន​បាន​ដូ​ច​គ្នា​​ ព្រោះ​ថា​ទាំង​ល្បិច​ប្រ​យុទ្ធ​ទាំង​កម្លាំង គឺ​ល្អ​ប្រ​ហាក់​ប្រ​ហែល​គ្នា​ ដូច្នេះ​អ្នក​ណា​ខ្លាំង​ ឬ​​ខ្សោយ​នោះ​មាន​តែ​រង់​ទស្ស​នាការ​ប្រ​កួត​ថ្ងៃ​នោះ​មក​ដល់​សិន​​ទើប​អាច​ដឹង​បាន​។ ថៃ ណារិន មក​ពី​ក្លឹប​ប៉ោយ​ប៉ែត ជួប​​​រស់ ណាត មក​ពី​ក្លឹប​និរោធ​មាន​ជ័យ​។ ឃឹម ក្តី មក​ពី​ក្លឹប​កី​ឡា​ប្រ​ដាល់​ក្រសួង​ការ​ពារ​ជាតិ​​ជួប​ម៉ៃ​ សុខលឹម មក​ពី​ក្លឹប​ចាប់​​អង្រែ​។​

ចំណែក​នៅឯTV5 ឯណោះ​វិញសរ សី មក​ពី​​ក្លឹប​កី​ឡា​ប្រ​ដាល់​ក្រសួង​ការ​ពារ​ជាតិ​ជួប​​វង្ស ស៊ី​ថៃ មក​ពី​ក្លឹប​​កង​ពល​តូចលេខ​៧០ នៅ​ថ្ងៃ​អាទិត្យ ទី​២៨ សីហា ខាង​មុខ​នេះ​។​
រវាង​គូ​នេះ​សុទ្ធ​តែ​កំពូល​អ្នក​ប្រ​ដាល់​​ដែល​ចូល​ចិត្ត​​​ប្រើ​កម្លាំង​បាយ​ដូច​គ្នា សម្រាប់​អ្នក​ដែល​ធ្លាប់​តាម​ដាន​ទស្សនា​ភាគ​ច្រើន​ក៏​មិន​សូវ​ជា​មាន​ការ​ចាប់​អារម្មណ៍​ប៉ុន្មាន​ដែរ​​។ ស៊ី​ ថៃ​អាង កម្លាំង​បាយ​តែ​២-៣​ទឹក​ដំបូង​​ប៉ុណ្ណោះ តែ​កាល​​ណា​គេ​ខ្លាំង​ដែរ​ចូល​ដល់​ទឹក​ទី​៥ ​ច្បាស់​ជាទៅលែង​រួច​ហើយ​ ប៉ុន្តែ​ស៊ី​​ថៃមាន​ស្បែក​មុខក្រាស់​គួ​រសម គឺ​វាយ​មិន​ចេះ​ឈឺ​ឡើយ​។ ចំណែក​សរ សី ស្បែក​មុខ​របស់គេ​​កាន់​តែ​ក្រាស់​ថែម​ទៀត ​ម្យ៉ាង​ទម្លាប់​របស់​គេ​វាយ​កាន់​តែ​ឈឺ​​កាន់​តែ​ដើរ​ចូល​។ គូនេះ​បើ​សិន​ជាទាំង​សង​ខាង​ប្រ​កួត​​អស់​ពី​សមត្ថ​ភាព​អាច​​ធ្វើ​ឱ្យ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ​កក្រើក​រញ្ជួយ​មិន​ខាន។​

ព្រំ សំណាង មក​ពីក្លឹប​កង​ទ័ព​ឆត្រ​យោង​៩១១​​ចង់​សាក​កម្លាំង​ជា​មួយ​អូត​ភូ​ថងមក​ពី​ក្លឹប​​យោ​ធ​ពល​ខេ​ម​រ​ភូមិន្ទ​។ ព្រំ​សំណាង​ទើប​តែ​​លេច​មុខ​នៅ​លើ​សង្វៀ​ន​មិន​សូវ​យូ​រប៉ុន្មាន​ឡើយ​ តែល្បិច​ប្រ​យុទ្ធ​នៅ​លើ​សង្វៀន​របស់​​គេ​ក្រាស់​គួរ​សម​ លើក​នេះ​គេ​ចង់​សាក​កម្លាំង​ជា​មួយ​អ្នក​ប្រ​ដាល់​ចាស់​វស្សា​អូត​ភូ​ថងតែមិន​ដឹង​ថា ​អាច​ទៅ​រួច​​ឬ​អត់​ទេ។ ប៉ុន្តែ​អូត​ភូ​ថង​ពេល​នេះ​ក៏​​មិន​ខ្លាំង​ដូច​មុន​ទៀត​ដែរ ​ស្នៀត​កែង​​និង​ជង្គង់​របស់​គេ​ដែល​ធ្លាប់​តែ​ល្បី​ពី​មុន​មក​នោះ គឺ​ប្រើ​ការ​​លែង​កើត​ទៀត​​​ហើយ​។ ប៉ុន្តែ​កណ្តាប់​ដៃ​របស់​គេ​អាច​ប្រើ​ការ​បាន​ខ្លះ។ ចាំ​មើ​ល​គូ​នេះ​ជើង​ចាស់​​ស៊ី​ជើង​ថ្មី ឬ​ជើង​ថ្មី​ញ៉ាំជើង​ចាស់​។​

ប្រាក់ មករា មក​ពី​ក្លឹប​​រស្មី​កុមារ​កំព្រា ជួប​ហួន​ សុខ មក​ពី​ក្លឹប​សិង្ហ​​កី​ឡា។ ហ៊ុន ​​ឈុន​លាង ​មក​ពី​ក្លឹប​តា​ព្រហ្ម​មាន​ជ័យ​ជួប​យិន​ បូរិន មក​ពី​ក្លឹប​​កង​ពល​ធំ​អន្ត​រា​គមន៍​លេខ​៣​ព្រះ​វិហារ៕