រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិ ដែលរៀបចំឡើង១ខែម្តងនៅលើសង្វៀនស្តាតចាស់ហើយចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍អប្សរានោះ បានវិលមកវិញទៀតហើយនៅថ្ងៃសៅរ៍ ទី២៧ សីហា ចុងសប្តាហ៍នេះ ។ សម្រាប់ការប្រកួតលើកនេះផងដែរ មានកីឡាករបរទេសចំនួន៥នាក់ប្រកួតជាមួយកីឡាករកម្ពុជា និង១គូទៀតជាកីឡាករកម្ពុជា ។
សែន រ៉ាឌី កីឡាករជើងខ្លាំងមកពីក្លឹបកីឡាប្រដាល់ក្រសួងកសិកម្ម ត្រូវបានផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករសែនឆៃ សរ៉ាត់ណាដេត មកពីប្រទេសថៃ ។ សែន រ៉ាឌី ជាជើងខ្លាំងដែលមានល្បិចប្រយុទ្ធទៅលើសង្វៀនក្រាស់បំផុត និងមានភាពអត់ធ្មត់ព្រមទាំងចិត្តហ៊ានទៀតផង ប៉ុន្តែគេនៅមិនទាន់ដឹងថា ការជួបកីឡាករថៃលើកនេះមានសំណាងឬក៏អត់នោះទេ ។
សំរិទ្ធ សុភាព មកពីក្លឹបប្រដាល់ក្រសួងកសិកម្ម ជួបប្រកួតជាមួយកីឡាករជិតត្រាផន មកពីប្រទេសឡាវ ។ សុភាព មួយរយៈកន្លងមកនេះកំពុងតែមានឈ្មោះបោះសំឡេងនៅលើសង្វៀនយ៉ាងខ្លាំង ហើយលើកនេះគេមានឱកាសបានសាកកម្លាំងជាមួយជើងខ្លាំងមកពីឡាវ ខណៈពួកគេមិនមានប្រវត្តិធ្លាប់ប៉ះគ្នាពីមុនមកឡើយ ។
ឈិត ង៉ុយ កំពូលកីឡាករជើងខ្លាំងទម្ងន់ស្រាលមកពីក្លឹបក្រសួងកសិកម្ម ជួបប្រកួតជាមួយកីឡាករផេត អាណាន់ សរុងចារើន មកពីប្រទេសថៃ ។ ប្រវត្តិរបស់ឈិត ង៉ុយ មួយរយៈមកនេះមានភាពល្បីល្បាញគួរសម ម្យ៉ាងវិញទៀតនៅស្រុកខ្មែរគ្រប់អ្នកប្រដាល់ដែលមានទម្ងន់៥៤គីឡូក្រាមគ្មាននរណាអាចយកឈ្នះគេបានឡើយ ប៉ុន្តែគេមិនទាន់ហ៊ានទាយទុកជាមុនអំពីលទ្ធផលចុងក្រោយសម្រាប់ការមកប៉ះកីឡាករថៃលើកនេះឡើយ ។
ទិត្យ សុវណ្ណគិរី មកពីក្លឹបក្រសួងកសិកម្មជួបប្រកួតជាមួយកីឡាករង្វៀន ជិន ស៊ុយញិត មកពីប្រទេសវៀតណាម ។ កីឡាការិនីសំ សំណាង មកពីខេត្តបាត់ដំបង ជួបកីឡាការិនី ង្វៀន ធិង៉ុកលិញ មកពីប្រទេសវៀតណាម។ ផុន ផាន់ណា មកពីក្លឹបក្រសួងកសិកម្ម ជួបវ៉ាន់ ចាន់វ៉ៃ មកពីក្លឹបសិង្ហកីឡា ៕
ចែករំលែកព័តមាននេះ