រាជធានីភ្នំពេញ ៖ ខេមរសហព័ន្ធកាយវប្បកម្មកម្ពុជា និងលំហាត់ប្រាណអាណត្តិថ្មីទី១ បានកើតចេញជារូបរាងហើយ ដោយមានសមាជិកគណៈ កម្មការប្រតិបត្តិចំនួន៩រូបកើតចេញពីការសម្រុះសម្រួលឯកភាពគ្នាប្តេជ្ញាតស៊ូធ្វើឱ្យសហព័ន្ធថ្មីមួយនេះមានការរីកចម្រើននាពេលអនាគត ។
ខេមរសហព័ន្ធកាយវប្បកម្មកម្ពុជានិងលំហាត់ប្រាណ ត្រូវបានប្រកាសបង្កើតជាផ្លូវការកាលពីរសៀលថ្ងៃសៅរ៍ទី២០ សីហា នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ ដោយមានការចូលរួមពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអ្នកសារព័ត៌មានជាច្រើនរូបទៀត ។ លោករស្មី សុខមង្គល ត្រូវបានសម្រេចជ្រើសតាំងជាប្រធានសហព័ន្ធនិងជាអគ្គហិរញ្ញឹកផងដែរ ។ លោកខ្លូត រតនា ដែលជាស្ថាបនិកសហព័ន្ធកាយវប្បកម្មតាំងពីឆ្នាំ១៩៩៩មកត្រូវបានជ្រើសរើសជាប្រធានកិត្តិយសដែលកាលនោះមានត្រឹមតែពាក្យថា សហព័ន្ធកាយវប្បកម្មប៉ុណ្ណោះ មិនទាន់បានបញ្ចូលពាក្យលំហាត់ប្រាណដូចពេលនេះទេ ។ ដោយឡែក ចំពោះរចនាសម្ព័ន្ធរបស់គណៈកម្មការប្រតិបត្តិខេមរសហព័ន្ធកាយវប្បកម្មកម្ពុជានិងលំហាត់ប្រាណដែលដឹកនាំដោយលោករស្មី សុខមង្គល នាពេលនេះ បើទោះជាមិនកើតចេញពីការបោះឆ្នោតក៏ដោយ ក៏គេសង្កេតឃើញអ្នកទាំងនោះសុទ្ធតែមានតួនាទីនិងភារកិច្ច រៀងៗខ្លួន ដើម្បីត្រៀមបម្រើការងារឱ្យបានល្អនៅថ្ងៃខាងមុខ ។
លោកវ៉ាត់ ចំរើន បានថ្លែងថា ការកើតឡើងនូវខេមរសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជានិងលំហាត់ប្រាណនាពេលនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវភាពរីកចម្រើននៃវិស័យកីឡានៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ហើយលោកសង្ឃឹមថា សហព័ន្ធមួយនេះនឹងមានការរីកចម្រើននាពេលអនាគត ។ ម្យ៉ាងវិញទៀត ចាប់ពីអាណត្តិទី២ រហូតទៅ គឺត្រូវតែមានការរៀបចំធ្វើមហាសន្និបាតបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការប្រតិបត្តិតាមច្បាប់ទម្លាប់ត្រឹម ត្រូវ។
លោកខ្លូត រតនា បានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ខណៈពេលលោកបានឃើញសហព័ន្ធដ៏កម្សត់មួយនេះដែលកើតចេញពីការតស៊ូយ៉ាងលំបាករបស់លោកអស់ជាច្រើនឆ្នាំមកនោះកើតចេញជារូបរាងយ៉ាងពិតប្រាកដ។ ក្នុងនាមរូបលោកដែលជាអ្នកស្រឡាញ់វិស័យកីឡាមួយនេះ តាំងពីយូរមកហើយនោះ លោកមិនបោះបង់ចោលទេ គឺនឹងខិតខំជួយជាបន្តទៀត ធ្វើយ៉ាងណា ជំរុញបំផុសឱ្យមានការរីកចម្រើនរុងរឿងទៅថ្ងៃអនាគតយ៉ាងឆាប់រហ័សបំផុត ៕
ចែករំលែកព័តមាននេះ