រាជធានីភ្នំពេញ ៖ វគ្គបំប៉នបច្ចេកទេសគ្រូបង្វឹកកីឡាទោចក្រយានដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចាប់តាំងពីថ្ងៃទី៨ សីហា រហូតមកនោះ ត្រូវបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៨ សីហា ឆ្នាំ២០១១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ វគ្គបំប៉ននេះទទួលការបង្ហាត់បង្រៀនពីលោកសាស្ត្រាចារ្យ Houshang Amiri មកពីសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ។
លោកម៉ម ផាន់ណា ប្រធានវគ្គបានរាយការណ៍ឱ្យដឹងថា នេះជាលើកទី១ ហើយដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលនេះឡើងដោយមានសមាគម និងក្លឹបផ្សេងៗចំនួន១៤ចូលរួម និងមានសិក្ខាកាមសរុប២៥នាក់ ។ ហើយវគ្គបំប៉ននេះចែកចេញជា២ផ្នែក គឺផ្នែកទ្រឹស្តីមានរយៈពេល២៣ម៉ោង និងផ្នែកអនុវត្តផ្ទាល់មានរយៈពេល១៣ម៉ោង ។ លោកបានបន្តឱ្យដឹងទៀតថា ឆ្លងកាត់ការអនុវត្តជាក់ស្តែងអស់រយៈពេលជាច្រើនថ្ងៃមកនេះ ឃើញថា សិក្ខាកាមទាំងអស់មានការយល់ដឹងយា៉ងជ្រាលជ្រៅ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ហើយបើតាមការវាយតម្លៃរបស់គណៈគ្រប់គ្រងវគ្គឃើញថា មានសិក្ខាកាម៥នាក់ទទួលបាននិទ្ទេសល្អ ស្មើ២០ភាគរយ និងសិក្ខាកាម២០នាក់ទៀតទទួលបាននិទ្ទេសល្អបង្គួរ ស្មើ៨០ភាគរយ ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ថ្វីដ្បិតតែវគ្គបំប៉ននេះមានរយៈពេលខ្លីតែវាពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយលោកក៏បានធ្វើការវាយតម្លៃទៅលើសិក្ខាកាមដែលបានឆ្លងកាត់វគ្គបំប៉ននេះថា មានសិក្ខាកាមប្រហែល៩០ភាគរយមានការយល់ដឹងបានទូលំទូលាយ ។ លោកសូមឱ្យសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងទាំងនេះទៅបណ្តុះបណ្តាលបន្ត ព្រោះថាការធ្វើបែបនេះ គឺជាការរួមចំណែកក្នុងការចែករំលែកការយល់ដឹងដល់អ្នកជំនាន់ក្រោយ ហើយក៏អាចធ្វើឱ្យអ្នកជំនាន់ក្រោយមានការយល់ដឹងកាន់តែច្បាស់ថែមទៀត ៕
ចែករំលែកព័តមាននេះ