រាជធានីភ្នំពេញ ៖ កីឡាករថៃ តូរ៉ូ មកពីក្លឹបក្រុងប៉ោយប៉ែត បានផ្តួលថៃ ប៊ុនម៉ាង មកពីក្លឹបបុរីនាគរាជឱ្យសន្លប់នៅទឹកទី២ ឯម៉ន គឹមឡុង ម្ចាស់ជើងឯកគុនខ្មែរវគ្គ២មកពីក្លឹបព្រែកឯងកីឡា សងសឹកភេឌី ម៉ឺនសុភា មកពីក្លឹបយុវជនអង្គរមិនបានសម្រេចក្នុងការប្រកួតនៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃអាទិត្យទី១៤ សីហា។
ប៊ុនម៉ាង និងតូរ៉ូ ជាគូប្រកួតដែលធ្វើឱ្យទស្សនិកជនមានការជក់ចិត្តបំផុតព្រោះថា ចាប់តាំងពីគុនគ្រូរហូតដល់ការប្រកួតចាប់ពីទឹកទី១ រហូតទៅ គូនេះធ្វើឱ្យទស្សនិកជនសើចស្ទើរចុកពោះគ្រប់ៗគ្នា។ ប៊ុនម៉ាងខ្ពស់ជាងតូរ៉ូ តែការវាយចេញមិនសូវបានល្អទាល់តែសោះ រីឯស្នៀតជើងវិញ ក៏ប្រើការមិនកើតដែរ។ តូរ៉ូ បានដើរចូលវាយសំដៅមុខប៊ុនម៉ាងពេញៗ និងទាត់សន្ធាប់ធ្វើឱ្យប៊ុនម៉ាងដកថយអែបខ្សែរេញរហូត។ ប៊ុនម៉ាងតស៊ូប្រកួតទាំងវេទនារហូតដល់ចប់ទឹកទី៣ ប៉ុន្តែមិនអាចឆ្លងផុតទឹកទី៤ឡើយ ដោយត្រូវតូរ៉ូវាយឱ្យដួលក្រោកលែងរួចតែម្តង។
ម៉ន គឹមឡុង សង្ឃឹមថា អាចសងសឹកបានសម្រេចក្រោយពីជួបគ្នាលើកទី១ចាញ់ទាំងមិនអស់ចិត្តរួចមក។ ក្នុងការជួបគ្នាលើកនេះ គឹមឡុង ត្រូវម៉ឺនសុភាវាយឱ្យរាប់៨តាំងពីទឹកទី១ម៉្លេះ ប៉ុន្តែសំណាងល្អក្រោយពីអាជ្ញាកណ្តាលរាប់៨រួចគេអាចក្រោកស៊ូប្រកួតបានវិញ។ ទោះជាយ៉ាងណា គឹមឡុង បានត្រឹមតែធ្វើការតស៊ូប្រកួតជាមួយម៉ឺនសុភាទាំងវេទនាបំផុត ទម្រាំបញ្ចប់ទឹកទី៥។ គឹមឡុង បានចាញ់ម៉ឺនសុភា២លើកជាប់គ្នាចំណែកឯម៉ឺនសុភា ដែលបានយកឈ្នះលើកនេះទៀតនោះ ធ្វើឱ្យស្ថិតិនៃជ័យជម្នះរបស់គេកើនបាន១១លើកក្នុងចំណោមការប្រកួតទាំង១១លើកដែរ។
រឿម វណ្ណៈ មកពីក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតឈ្នះពិន្ទុ សុខ ចិន្តា មកពីក្លឹបឃ្លាំងមឿងកីឡា។ អាំង សំអាត មកពីក្លឹបតាព្រហ្មមានជ័យ ប្រកួតឈ្នះពិន្ទុសេង កំសត់ មកពីក្លឹបខេមរិន្ទមានឫទ្ធិ៕
ចែករំលែកព័តមាននេះ