ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ប្រកួត​ប្រដាល់​នៅ​លើរេញ​ទូរទស្សន៍ ​CTN ​បាយ័ន​ និង​ TV3

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ន សាម៉េត មក​ពី​ក្លឹប​ព្រែក​ឯង​កីឡា​គេច​មិន​ផុត​​ពី​ហាលខោ​ឡើយ​ បន្ទាប់​ពី​បាន​ប្រកួត​ចាញ់​ពិន្ទុ​ ឯម លី​ថូ មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ​​ដោយ​ពិន្ទុ​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​១២ សីហា ដែល​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ា​បាវ​ទម្ងន់​៥៤​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​ CTN។ សម្រាប់​ពូល​Bសាម៉េត​បាន​ចាញ់​២​លើក​រួច​មក​ហើយ​

រាជធានីភ្នំពេញ ៖ ម៉ន សាម៉េត មក​ពី​ក្លឹប​ព្រែក​ឯង​កីឡា​គេច​មិន​ផុត​​ពី​ហាលខោ​ឡើយ​ បន្ទាប់​ពី​បាន​ប្រកួត​ចាញ់​ពិន្ទុ​ ឯម លី​ថូ មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ​​ដោយ​ពិន្ទុ​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​១២ សីហា ដែល​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ា​បាវ​ទម្ងន់​៥៤​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​ CTN។

សម្រាប់​ពូល​Bសាម៉េត​បាន​ចាញ់​២​លើក​រួច​មក​ហើយ​ ដូច្នេះ​គេ​ទើប​តែ​រក​បាន​២​ពិន្ទុ​ប៉ុណ្ណោះ។​ ចំណែក​ឯម​​ លី​ថូ ឈ្នះ​​២​ប្រកួត​ជាប់​គ្នា​មាន​៦​ពិន្ទុ​នៅក្នុង​ដៃ​រួច​ទៅ​ហើយ​។
ពុទ្ធ​ សំអូន មក​ពី​ក្លឹប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន​ទំនង​គេច​មិន​ផុត​ពី​​ហាល​ខោ​ដែរ ខណៈ​ពេល​ដែល​​ប្រកួត​ចាញ់​ពិន្ទុ​លាប សំណាង មក​ពី​ក្លឹប​កង​​ពល​តូច​លេខ​៧០​ដោយ​ពិន្ទុ​លើក​នេះ​ទៀត​។ ពុទ្ធ​ សំអូន ប្រកួត​បាន​៣​លើក​អត់​ដែល​ឈ្នះ​ មាន​៣​ពិន្ទុ​ រី​ឯ​លាប សំណាង​ ប្រកួត​បាន​២​លើក​អត់​ដែល​ចាញ់​មាន​៦​ពិន្ទុ​ ដូច្នេះ​គេ​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ផុត​ពី​វគ្គ​ជម្រុះ​នេះ​​។

គូ​ប្រកួត​មិត្ត​ភាព​ឆាំ រ៉ែម មក​ពី​ក្លឹប​សិង្ហ​កីឡា​ប្រកួត​ឈ្នះ​ម៉ៅ រិទ្ធី មក​ពី​ក្លឹប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​​ដោយ​ពិន្ទុ​។ ម៉ាត់​ ឆ្វេង​ មក​ពី​ក្លឹប​ក្រសួង​កសិ​កម្ម​យក​ឈ្នះ​ហ៊ុន ឈុនហេង មក​ពី​ក្លឹប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ដោយ​ពិន្ទុ​។

ឌុន រដ្ឋា ត្រូវ​អាជ្ញា​កណ្តាល​បញ្ឈប់​ទឹក​ទី​៤

ឈិត ង៉ុយ មក​ពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​កសិកម្ម​យក​ឈ្នះ​រស់ ស៊ីណាត មក​ពី​ក្លឹប​និរោធ​មាន​ជ័យ​បាន​ដោយ​ពិន្ទុ​ប្រកួត​នៅ​​លើ​សង្វៀន​ប៉ុស្តិ៍​បាយ័ន​កាល​ពី​រសៀល​​ថ្ងៃ​សៅរ៍​ ទី​១៣​សីហា។ ឈិត ង៉ុយ ពូកែ​ស្នៀត​កណ្តាប់​ដៃ​ និង​កែង​បាន​បើក​ការ​វាយ​សំរុក​ទៅ​លើ​រស់ ស៊ី​ណាត​តាំង​ពី​ទឹក​ទី២​ម្ល៉េះ​។ ចំណែក​ស៊ីណាត​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​ ប៉ុន្តែ​ចិត្ត​គេ​អន់​បន្តិច ​ហើយ​ចាញ់​ប្រៀប​ឈិត ង៉ុយ ត្រង់​​មិន​ហ៊ាន​ចូល​កៀក​។ ទឹក​ទី​៤ និង​ទី​៥​ឈិត ង៉ុយ ធ្វើ​ឱ្យ​ស៊ីណាត​ ដក​ថយ​អែ​ប​ខ្សែ​រេញ​រហូត​ តែ​ទោះ​ជា​យ៉ាង​ណា​​ក្តី​ស៊ីណាត​ធ្វើ​ឱ្យ​​ឈិត ង៉ុយ ឈ្នះ​ទាំង​វេទនា​បន្តិច​​។

ឌុន រដ្ឋា មក​ពី​ក្លឹប​អេភូថង​អត់​សមត្ថ​ភាព​​ត្រូវ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​៤​សម្រាប់​ការ​មក​ប៉ះ​សូយ វីរៈ មក​​ពី​ក្លឹប​អូដឹម​កីឡា​លើក​នេះ​។ ផល ប៊ុនម៉ៅ មក​ពី​ក្លឹប​បូរី​រាជ​សីហ៍​មាន​រឹទ្ធិ​ យក​ឈ្នះ​សូយ សុផាត​ មក​ពី​ក្លឹប​អូដឹម​កីឡា​​ដោយ​ពិន្ទុ​។ ឃឹម​ បូរ៉ា មក​ពី​ក្លឹប​រស្មី​ភូមិ​គាប ខេត្ត​បន្ទាយ​មាន​ជ័យ​​វាយ​ផ្តួល​ឃុន រ៉ាត់ មក​ពី​ក្លឹប​ពហុ​ចំរើន​វិទ្យា​ឱ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី​៣។​

អូត​ ភូថង ចាញ់ ឡុង​ សុវណ្ណ​ឌឿន ដោយ​ពិន្ទុ​

ឡុង សុវណ្ណ​ឌឿន​ មក​ពី​ក្លឹប​សាល​វ័ន្ត​កីឡា​ធ្វើ​ឱ្យ​អូត​ ភូថង​ អ្នក​ប្រដាល់​ចាស់​វស្សា​នៃ​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ចាញ់​ការ​ប្រកួត​​ដោយ​ពិន្ទុ​ទាំង​មិន​អស់​ចិត្ត​សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀនប៉ុស្តិ៍​លេខ​៣កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៣ សីហា ខណៈ​ពេល​ដែល​ឃឹម ឌីម៉ា មក​ពី​ក្លឹប​រស្មី​ភូមិ​គាប ខេត្ត​បន្ទាយ​មាន​ជ័យ​ សង​សឹក​សំរិទ្ធ សុភាព មក​ពី​ក្លឹប​ក្រសួង​កសិ​កម្ម​មិន​បាន​សម្រេច​គឺ​បាន​ត្រឹម​តែ​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ។

កណ្តាប់​ដៃ​សុវណ្ណឌឿន ម៉ាត់​ចូល​មុខ​អូត​ភូថង ពេញៗ​តាំង​ពី​ទឹក​ទី​១​ម្ល៉េះ​ ហើយ​នៅ​ក្នុង​ទឹក​ទី​២​សុវណ្ណ​ឌឿន បាន​វាយ​សន្ធាប់​រហូត​ធ្វើ​ឱ្យ​អូត​ ភូថង​​ ដួល​ទាំង​ជំហរ ហើយ​ត្រូវ​អាជ្ញា​កណ្តាល​រាប់​៨​ម្តង​។ ប៉ុន្តែ​អូត​ ភូថង​ ត្រូវ​កាន់​តែ​ខ្លាំង​ កាន់​តែ​ដើរ​ចូល​ ហើយ​ម៉ាត់ និង​ទាត់​សង​វិញ​ទាំង​ពុះ​កញ្ជ្រោល​ដោយ​មិន​ចង់​ប​រា​ជ័យ​ក្រោម​ស្នា​ដៃ​អ្នក​លេង​ស្រករក្រោយ​ ម្នាក់​នេះ​ឡើយ​។​ ប៉ុន្តែ​ការ​ដើរ​ចូល​ទាំង​ងងើល​របស់​អូត​ ភូថង មិ​ន​ខុស​ពី​ផ្ទាំង​សីុប​របស់​សុវណ្ណ​ឌឿន​ឡើយ​។

សុវណ្ណឌឿន អន់​ទឹក​ទី​៤​បន្តិច​ តែ​នៅ​ទឹក​ទី​៥​បាន​បើក​យុទ្ធ​នា​ការ​វា​យ​សំរុក​សា​ជា​ថ្មី​ទៅ​លើ​អូត​ ភូថង រហូត​ទាល់​តែ​អាច​យក​ឈ្នះ​ពិន្ទុ​ទាំង​លំបាក​បន្តិច​។ ឃឹម ឌី​ម៉ា ដែល​ធ្លាប់​ចាញ់​សុភាព​ម្តង​រួច​មក​ហើយ​នោះ​គេ​សង្ឃឹម​ថា នឹង​អាច​សង​សឹក​បាន​សម្រេច​ តែ​ទី​បំផុត​បាន​​ត្រឹម​តែ​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ។​ ​គូ​នេះ​មាន​ល្បិចប្រយុទ្ធ​ពេញ​ខ្លួន​ដូច​គ្នា គឺ​មិន​អាច​​ធ្វេស​ប្រហែស​បាន​ឡើយ។ ចាប់​តាំង​ពីទឹក​ទី​១​ដល់​ទឹក​ទី​៥​ទាំង​សង​ខាង​គឺ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ណាស់​។ ចំណែក​ឌី​ម៉ា​ ដែល​ពូកែ​ស្នៀត​កែង និង​ជង្គង់​នោះ​មិន​ហ៊ាន​ចូល​កៀក​ឡើយ​ ទី​បំផុត​គេ​បាន​ត្រឹម​តែ​ទទួល​លទ្ធ​ផល​ស្មើ​ពិន្ទុ​ជាមួយ​សុភាព​ប៉ុណ្ណោះ។

ឃឹម ពេជ្រ​ចិន្តា មក​ពី​ក្លឹប​បូរី​នាគ​រាជ​យក​ឈ្នះ​ពិន្ទុ​ជឹម តារ៉ា មក​ពី​ក្លឹប​សិង្ហ​កីឡា​។ ចាន់​ រតនៈ មក​ពី​ក្លឹប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ព្រះ​វិហារ​ឈ្នះ​ពិន្ទុ​សល់​ប៊ុន អ៊ឹម មក​ពី​ក្លឹប​អាស៊ី​កីឡា។​ ស៊ិន​ សល់​ មក​ពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​ត្រូវ​ហាល​ខោ​នៅ​ត្រឹម​ជុំ​ទី​១​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​សាកល​អាជីព​ទម្ងន់​៦៥​គីឡូ​ក្រាម​ បន្ទាប់​ពី​ចាញ់​យឹម ឌៀប មក​ពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​នៅ​ត្រឹម​ទឹក​ទី​៣ ៕