ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​ដំរីព្រៃ​៦​ក្បាល វាយលុក​បំផ្លា.ញ​រោង​អ្នកនេសាទ និងបណ្ដាល​​ឱ្យ​កុមារ​ម្នាក់​ស្លា.ប់ និង​ម្តាយ​រង​របួសធ្ងន់​​នៅ​ខេត្តព្រះ​វិហារ

1 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ ​គ្រោះ​ថ្នាក់​​ដ៏​រន្ធត់​មួយ​​បាន​កើតឡើង​ចំពោះ​ពលរដ្ឋ​ស៊ីឈ្នួល​រក​ត្រី ដោយ​សារ​​ហ្វូង​ដំរីព្រៃ​ចំនួន​៥ ទៅ​៦​ក្បាល បាន​ចូល​មក​វាយ​កម្ទេច​រោង​កៅស៊ូ និង​ដេញ​ជាន់​​អ្នក​ភូមិ បណ្ដាល​ឱ្យ​កុមា​រា​អាយុ​១១ឆ្នាំ​ម្នាក់​ស្លា​ប់​បាត់បង់​ជីវិត និង​ម្ដាយ​រង​របួសធ្ងន់ ខណៈ​ពួក​គេ​កំពុង​សម្រាក​ក្រោយ​ពេល​ដាក់​លប​ត្រី​នៅ​តាម​ដងស្ទឹង​ក្នុងស្រុក​ជាំ​ក្សាន្ត​ ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្តបាន​បញ្ជាក់​ថា ​ហេតុការណ៍​នេះ​​បាន​កើតឡើង​​នៅ​វេលា​ម៉ោង​២០​ និង​១០​នាទី​​ថ្ងៃ​​ទី​១៣ តុលា ២០២៦ នៅ​ចំណុច​កញ្ចាំង ស្ថិត​ក្នុ​ង​​ភូមិសាស្ត្រ​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ថា មុន​ពេល​កើតហេតុ ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់(​រួម​មាន ​ប្ដី ប្រពន្ធ កូន​ និង​អ្នក​រួម​ដំណើរ​) បាន​ឡើង​ទៅ​បោះបង្គោល ​ប្រក់​តង់​កៅស៊ូ និង​ដាក់​លប​/​ដាក់​ពង​រក​ត្រី​នៅ​តាម​ដងស្ទឹង​ ។ លុះដល់​ពេល​យប់​ជ្រៅ ខណៈ​ដែល​ពួក​គាត់​កំពុង​ដេក​លក់ ស្រាប់តែ​មាន​ហ្វូង​សត្វ​ដំរីព្រៃ​ចំនួន​៥ ទៅ​៦​ក្បាល ចូល​មក​វាយដំ​បូល​តង់​កៅស៊ូ និង​កម្ទេច​រោង​យ៉ាង​កម្រោល ។

លោក ចិន ខន្តី អភិបាលស្រុក​ជាំ​ក្សាន្ត ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ទី​១​-ឈ្មោះ មុំ សុខ​ហេង ភេទ​ប្រុស អាយុ​១១​ឆ្នាំ ត្រូវជា​កូន និង​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ បាន​ស្លាប់​បាត់បង់​ជីវិត​តាម​ផ្លូវ ​ខណៈ​កំពុង​ដឹក​យក​មក​សង្គ្រោះ​។ ជន​រង​គ្រោះ​ទី​២-ឈ្មោះ ធិ​ន ជិត ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ត្រូវជា​ម្ដាយ បាន​រង​របួសធ្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មណ្ឌល​សុខភាព​តា​កឹង មុន​នឹង​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តព្រះវិហារ (​មន្ទីរពេទ្យ ១៦ មក​រា​) ​។ ​ចំណែក​សមា​ជិកគ្រួសារ និង​អ្នក​រួម​ដំណើរ​ផ្សេង​​ទៀត រួម​មាន​ស្វាមី និង​កូន​ម្នាក់ទៀត គឺ​ពុំ​បាន​រង​របួស ឬ​មាន​បញ្ហា​អ្វី​នោះ​ឡើយ ដោយ​បាន​រត់គេច​ខ្លួន​រួច​ពី​គ្រោះថ្នាក់​ ។

លោក មុត មូល អាយុ​៤០​ឆ្នាំ ជា​អ្នក​រួម​ដំណើរ ​និង​ដេក​នៅ​កន្លែង​កើតហេតុ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពេល​ពួក​យើង​កំពុង​ដេក​លក់ ស្រាប់តែ​ឮ​សំឡេង​ដំរី​មក​វាយដំបូល​តង់​ប្រាវ​ៗ រួច​ក៏​ឮ​សំឡេង​មីង​ជិត​ស្រែក​ឱ្យ​ជួយ​ ។ ពេល​ខ្ញុំ​ងើប​មក ក៏​ឃើញ​មីង​ជិត​និង​កូនរង​របួសធ្ងន់​ទៅ​ហើយ ចំណែក​ខ្ញុំ និង​អ្នក​ផ្សេង​ទៀត​រត់​រួចខ្លួន​ទាន់​ ។

សូម​បញ្ជាក់​បន្ថែម​ថា ហ្វូង​ដំរីព្រៃ​ចំនួន​៦​ក្បាល​នេះ បាន​ចូល​មក​លុកលុយ និង​រកស៊ី​នៅ​ក្នុងភូមិ​សាស្ត្រ​មូលដ្ឋាន​ស្រុក​ត្បែងមានជ័យ ចាប់តាំងពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០២៦ មក​ម្ល៉េះ ​​ក្រៅពី​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ពួក​វា​ក៏​បាន​ចូល​មក​បំផ្លាញ និង​ស៊ី​ដំណាំ​របស់​ពលរដ្ឋ​យ៉ាងដំណំ រួម​មាន ស្រូវ ពោត និង​ដូង​ជាដើម ហើយ​បច្ចុប្បន្ន​ហ្វូង​ដំរីព្រៃ​ទាំងនោះ​បាន​ដើរ​ឆ្លង​ទៅ​ដល់​ស្រុក​ជាំ​ក្សាន្ត កំពុង​បង្ក​ហានិភ័យ​សុវត្ថិភាព​ចំពោះ​ប្រជាពលរដ្ឋ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ អាជ្ញាធរ​ក៏​បាន​លើក​ឡើង​ថា ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​សត្វ​ដំរីព្រៃ​ចេញ​មក​យាយី និង​ប៉ះពាល់​ដល់​សុវត្ថិភាព​ប្រជាពលរដ្ឋ គឺ​បណ្តាល​មក​ពី​ការ​គំរាមកំហែង​ដល់​ជម្រក​ធម្មជាតិ​របស់​ពួក​វា តាមរយៈ​សកម្មភាព​មនុស្ស ដូច​ជា ការ​ទន្ទ្រាន​ដី​ព្រៃ ការ​រុករក​រ៉ែ និង​ការ​កាប់​ឈើ​ខុសច្បាប់ ដែល​បាន​បំផ្លាញ​ទីជម្រក ព្រមទាំង​ប្រភព​ទឹក និង​ចំណីអាហារ​របស់​ពួកវា​។

ដើម្បី​ការពារ​កុំឱ្យ​មាន​គ្រោះ​មហន្តរាយ​ជាយថាហេតុ​បន្ថែម​ទៀត អាជ្ញា​ធរមាន​សមត្ថកិច្ច និង​រដ្ឋបាល​មូលដ្ឋា​ន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​ អ្នក​ដែល​តែងតែ​ចេញចូល​ព្រៃ ឬ​ប្រកប​របរ​នេសាទ​តាម​ដងស្ទឹង ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត និង​ជៀសវាង​ការ​ស្នាក់​នៅ​ពេល​យប់​ក្នុង​តំបន់​ស៊ាំ​ញ៉ាំ ឬ​តំបន់​ដែល​ធ្លាប់​មាន​វត្តមាន​ហ្វូង​ដំរីព្រៃនេះ ៕