កាលពីពេលថ្មីៗកន្លងទៅនេះ Cellcard បានរៀបចំពិធីប្រគល់ជំនួយផ្សេងៗដែលមានដូចជា ទូរស័ព្ទ និងឧបករណ៍ភ្ជាប់អីុនធើរណេត រួមនឹងការហៅទូរស័ព្ទចេញ និងការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃដល់ជ័យលាភីពានរង្វាន់ឥន្ទ្រទេវីនៃក្តីសង្ឃឹមឆ្នាំ២០១១ គឺកញ្ញា លឹម លីដា ដើម្បីគាំទ្រដល់ដំណើរការរបស់អង្គការស្ម័គ្រចិត្តសម្រាប់ការអភិវឌ្ឍន៍សហគមន៍ (VCD) ។
កញ្ញាលឹម លីដា អាយុ២២ឆ្នាំ គឺជាជ័យលាភីពានរង្វាន់ឥន្ទ្រទេវីនៃក្តីសង្ឃឹមសម្រាប់អ្នកជោគជ័យវ័យក្មេងឆ្នាំ២០១១ ។ ជ័យលាភីនេះ ត្រូវបានប្រគល់ទៅកញ្ញា ដោយយោងទៅលើការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍របស់នាងក្នុងវិស័យអប់រំ បរិស្ថាន និងគម្រោងសម្រាប់ការអភិវឌ្ឍន៍ដែលមានចីរភាព ។
លីដា បានចូលជាសិស្សស្ម័គ្រចិត្តនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយ ។ បច្ចុប្បន្ននេះ នាងបានដឹកនាំអង្គការផ្ទាល់របស់នាងឈ្មោះ អង្គការស្ម័គ្រចិត្តសម្រាប់ការអភិវឌ្ឍន៍សហគមន៍ ដែលមានសមាជិក៤៩នាក់ ។ អង្គការស្ម័គ្រចិត្តសម្រាប់ការអភិវឌ្ឍន៍សហគមន៍អនុវត្តគម្រោងតូចៗនៅក្នុងសហគមន៍របស់នាង និងសហគមន៍ផ្សេងទៀតដែលនៅជិតៗនោះ ។
លោកកាយ ឡូត នាយកគ្រប់គ្រងប្រតិបត្តិការរបស់ Cellcard បានមានប្រសាសន៍ថា លីដា បានចូលរួមក្នុងការផ្លាស់ប្តូរសហគមន៍របស់នាងគួរឱ្យកត់សម្គាល់ ។ ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទនាំមុខគេ យើងពិតជាអបអរសាទរ និងលើកទឹកចិត្តចំពោះគំនិតផ្តួចផ្តើមនេះ។ ហើយនេះគឺជាកិត្តិយសមួយដែលយើងបានចូលរួមចំណែកគាំទ្រក្នុងការខិតខំប្រឹងប្រែងរបស់នាងដើម្បីឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ។
កញ្ញាលីដា និងសមាជិកដទៃទៀតកំពុងបើកបង្រៀនភាសាអង់គ្លេសចំនួន៦ថ្នាក់នៅក្នុងអនុវិទ្យាល័យជន្លៀសដៃ ព្រមទាំងដំណើរការគម្រោងប្រមូលសំរាមនៅក្នុងភូមិចំនួន៨ផ្សេងទៀត ដូចជាភូមិជន្លៀសដៃ ភូមិតាមាក់ ភូមិរុន ភូមិដំរីស្លាប់ ភូមិព្រះលាន ភូមិគោកថ្នោត ភូមិខ្នាចូរ និងភូមិឈូករ័ត្ន ។ ហើយថ្មីៗនេះ នាងបានចាប់ផ្តើមគម្រោងចិញ្ចឹមត្រី និងដាំបន្លែ ។
កញ្ញាលឹម លីដា ឱ្យដឹងថា បច្ចុប្បន្ននេះ ពួកយើងកំពុងពង្រីកទំហំការងាររបស់យើង ដោយបង្កើតជាគម្រោងមុខរបរតូចៗមួយចំនួនដូចជា ចិញ្ចឹមត្រី ដាំបន្លែ និងគម្រោងអនាម័យសហគមន៍ ។ ការទទួលបានបណ្តាញទំនាក់ទំនងប្រកបដោយទំនុកចិត្ត ពោលគឺបណ្តាញទូរស័ព្ទ និងអ៊ីនធើរណេតរបស់ Cellcard ពិតជាមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ពួកយើងក្នុងការបន្តការងាររបស់យើងប្រកបដោយជោគជ័យ ។ តាងនាមឱ្យអង្គការស្ម័គ្រចិត្តសម្រាប់ការអភិវឌ្ឍន៍សហគមន៍ទាំងមូល ខ្ញុំសូមសម្តែងការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ របស់ Cellcard ។
លោកកាយ ឡូត បានបញ្ជាក់បន្ថែមទៀតថា លីដា គឺជាគំរូដ៏ល្អមួយរូប ។ ទង្វើរបស់នាង ពិតជាបានបង្ហាញថា រាល់ការចូលរួមក្នុងសង្គមទាំងអស់ទោះតូចក្តី ធំក្តី សុទ្ធតែមានសារសំខាន់អាចបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។
ដើម្បីទទួលបានព័ត៌មានបន្ថែមពីអង្គការស្ម័គ្រចិត្តសម្រាប់ការអភិវឌ្ឍន៍សហគមន៍ (VCD) ឬចូលរួមវិភាគទាន សូមចូលទៅកាន់ www.yvcd.wordpress.com៕
ចែករំលែកព័តមាននេះ