ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ន យូ​ប៊ី​ន អំពាវនាវ​ក្នុង​នាម​ទូត​សុច្ឆន្ទៈមហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ស៊ីន យូ​ប៊ី​ន បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​សហការ និង​ចាប់ដៃ​គ្នា កសាង​ភាពយន្ត​កម្ពុជា ដើម្បី​បង្ហាញ​អត្តសញ្ញាណ និង​ព្រលឹង​ជាតិ​ទៅ​កាន់​ពិភពលោក ។

ការ​លើក​ឡើង​ពី​តារា​ស្រី​រូប​នេះ​ធ្វើ​ឡើង ក្នុង​ខណៈ​ពេល​ដែល​នាង​ត្រូវ​បាន​ជ្រើសរើស​ជា​ថ្មី​ជា​ទូត​សុច្ឆន្ទៈ​នៃ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០២៦ ។

សុ​ី​ន យូ​ប៊ី​ន ចាត់​ទុក​ថា គឺជា​កិត្តិយស​មួយ​ដែល​នាង​បាន​បន្ត​តួនាទី​ជា​ទូត​សុច្ឆន្ទៈ​នៃ​មហោស្រព​ភាពយន្ត​ជាតិ​ខ្នាត​ខ្លី​លើក​ទី​៥ ជា​លើក​ទី​២ ។ នាង​បាន​ថ្លែងអំណរគុណ​សម្រាប់​ការ​បន្ត​ផ្តល់​ទំនុកចិត្ត និង​ឱកាស​ដ៏​មាន​តម្លៃ​នេះ​សម្រាប់​រូប​នាង ។
កញ្ញា​សុ​ី​ន យូ​ប៊ី​ន បាន​លើក​ឡើង​ថា​«​ខ្ញុំ​សូម​ស្នើ​ឱ្យ​មានការ​ចូលរួម​ចាប់ដៃ​គ្នា ដើម្បី​កសាង​វិស័យ​ភាពយន្ត​កម្ពុជា បង្ហាញ​អត្តសញ្ញាណ​របស់​យើង បង្ហាញ​ដួង​ព្រលឹង​ជាតិ​យើង​ទៅ​កាន់​ពិភពលោក តាម​រយៈ​ភាពយន្ត ។

នាង​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន ដើម្បី​ចូលរួម​ចំណែក​ឱ្យ​បាន​កាន់តែ​សកម្ម​ជាមួយ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា ។

ការ​ចូលរួម​នេះ​មិន​ត្រឹមតែ​ជា​ការ​គាំទ្រ​ដល់​ផលិតករ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​រួម​គ្នា​នាំ​យក​អត្តសញ្ញាណ​ជាតិខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ភាព​ភាពយន្ត ។ មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​៥ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​សាលសន្និសីទ​ចតុម្មុខ និង​តាម​បណ្តា​រោង​ភាពយន្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ពាក្យស្លោក​៖«​ភាពយន្ត​ខ្នាត​ខ្លី ជា​ជំហាន​ឆ្ពោះទៅ​ភាពយន្ត​ខ្នាត​វែង​» ។

មហោស្រព​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី ផិត​ករ និង​អ្នក​បង្កើត​ភាពយន្ត​កម្ពុជា បង្កើត​ឱកាស​សម្រាប់​ការ​បង្ហាញ​ស្នាដៃ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​និង​កា​រត​ភ្ជាប់​រវាង​អ្នកជំនាញ​ក្នុង​វិស័យ​ភាពយន្ត ព្រមទាំង​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន ។

បើ​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ព្រឹក​ថ្ងៃ​ទី ២៤ ខែសីហា ឆ្នាំ​២០២៦ នៅ​រោង​ភាពយន្ត Fable Cinema គណៈកម្មការ​រៀបចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​៥ បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន និង​ធ្វើ​បទ​បង្ហាញ​ជូន​អ្នក​ឧបត្ថម្ភ​កម្មវិធី ដៃគូ​សហការ និង​ផលិតករ​វ័យក្មេង ដើម្បី​ផ្សព្វផ្សាយ​ជា​ផ្លូវការ​អំពី​ការ​រៀបចំ​មហោស្រព និង​សកម្មភាព សំខាន់​ៗ​នៃ​មហោស្រព​ឆ្នាំ​២០២៦ ។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ឯក ប៊ុ​ន​ថា អនុរដ្ឋលេខាធិការ តំណាង​លោក​ជំទាវ​បណ្ឌិត​សាស្ត្រាចារ្យ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​វត្តមាន​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ផលិតករ​ភាពយន្ត តំណាង​រោង​ភាពយន្ត ក្រុមហ៊ុន​សហការ​ឧបត្ថម្ភ ដៃគូ និង​អ្នក​សារព័ត៌មាន​សរុប​១០០​នាក់ ៕