ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«មិនមែនឱ្យតែបវរកញ្ញាសុទ្ធតែដើរផ្លូវកា.ត់នោះទេ»! ឆន ស្រីណែត ប្រកាសច្បាស់ៗមិនដោះដូរឧត្តមគតិដើម្បីលុយឡើយ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញា​ឆ​ន ស្រី​ណែ​ត ទម្លាយ​ឱ្យ​ដឹង​ថា​បុរស​មួយ​ចំនួន​តែងតែ​ខ​ល និង​ឆាត​សួរនាំ​សុំ​រាប់អាន ណាត់​ញ៉ាំ​បាយ ជា​ពិសេស​និយាយ​ចរចា​សួរ​ពី​តម្លៃ​ខ្លួន​របស់​នាង​។ នាង​ថា​ធ្វើ​បែប​នេះ​ហាក់បីដូចជា​រូប​នាង​ជា​ស្រី​រកស៊ី​លក់ខ្លួន ។

កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦ តាម​រយៈ​វី​ដែ​អូ​ឃ្លី​ប​បង្ហោះ​លើ​បណ្តាញ​សង្គម ឆ​ន ស្រី​ណេ​ត អះអាង​ថា ថ្មី​ៗ​នេះ​នាង​បាន​ទទួល​ឆាត​ពី​បុរស​ខ្មែរក្រោម​ម្នាក់​សួរ​នាង​ហាក់បីដូចជា​នាង​ជានា​រី​លក់​ផ្លូវភេទ ឬ​រកស៊ី​ផ្លូវភេទ ដោយ​សួរ​ពី​តម្លៃ​ខ្លួន​របស់​នាង ។ នាង​ថា​«​រឿង​នេះ​មិនមែន​តែ​ម្តង​ទេ ប៉ុន្តែ​វា​កើត​ឡើងជា​ច្រើន​ដង ហើយ​ក៏​មាន​បុគ្គល​មួយ​ចំនួន​ទៀត​ដែរ ដូច្នេះ​ថ្ងៃនេះ​នាង​ខ្ញុំ​សុំ​និយាយ​តែ​ម្តង ដើម្បី​ឲ្យ​បុគ្គល​មួយ​ចំនួន​នោះ​បានដឹង ហើយ​បញ្ឈប់​ការ​ឆាត​មក​ខ្ញុំ​សួរនាំ​រឿង​នេះ​បន្ត​ទៀត ។

មាន​បុគ្គល​មួយ​ចំនួន មិនមែន​ទាំងអស់​ឡើយ តែងតែ​គិត​ថា អ្នក​ដែល​ប្រឡូក​ក្នុង​ផ្នែក​បវរកញ្ញា​សុទ្ធតែ​ដើរ​លើ​ផ្លូវ​បែប​នេះ ។ ការ​គិត​បែប​នេះ​គឺ​វា​មិន​ត្រូវ​ទេ ដូច​នាង​ខ្ញុំ​ជាដើម​គឺ​មិនមែន​ជា​មនុស្ស​បែប​នោះ​ឡើយ ។

ឧត្តមគតិ​របស់​នាង​ខ្ញុំ​មិនមែន​ដោះ​ដូរ​ដោយសារ​លុយ​នោះ​ឡើយ ហេតុ​អ្វី​ក៏​បុគ្គល​ទាំងនោះ​ឆាត​មក​សួរ​តម្លៃ​ខ្លួន​ខ្ញុំ​បែប​នេះ ដោយ​មិន​ឲ្យ​តម្លៃ​មក​លើ​ខ្ញុំ ទាំង​ដែល​នាង​ខ្ញុំ​មិន​ដែល​គិត​ពី​រឿង​ដើរ​ផ្លូវ​កាត់​បែប​នេះ​ឡើយ ។

ប្រសិនបើ​ទាក់ទង​នាង​ខ្ញុំ​ឲ្យ​ធ្វើ​ការងារ​អ្វី​ដែល​ប្រើ​កម្លាំង​ញើស​ឈាម ឬ​ការងារ​សុចរិត​គឺ​នាង​ខ្ញុំ​ធ្វើ ប៉ុន្តែ​សម្រាប់​ការងារ​ស្មោកគ្រោក​នោះ​គឺ​នាង​ខ្ញុំ​មិន​ធ្វើ​ឡើយ ។

រឿង​លុយ​អ្នក​ណា​ក៏​ចង់បាន​ដែរ ប៉ុន្តែ​មនុស្ស​ទាំង​គ្នា​មិនមែន​សុទ្ធតែ​អ​ញ្ចឹ​ង​ទេ ហើយ​មក​ប៉ះ​ខ្ញុំ​បែប​នេះ​គឺ​ច្រឡំ​ហើយ ដោយ​ខ្ញុំ​មិន​ធ្វើ​បែប​នេះ​ឡើយ ទោះបីជា​ឲ្យ​លុយ​នាង​ខ្ញុំ​ច្រើន​យ៉ា​ណា​ក៏​ដោយ​ក៏​មិន​អាច​ទិញ​ខ្ញុំ​បាន​ទេ​» ។

ឆ​ន ស្រី​ណេ​ត ថា មិនមែន​នាង​ប្រកាន់​ឫកពា​ខ្ពស់​អ្វី​ឡើយ ប៉ុន្តែ​ដាច់ខាត​នាង​មិន​លក់​ឧត្តមគតិ​ទេ ព្រោះ​នាង​មិនមែន​យក​របស់​ក្រៅ​ខ្លួន​ជា​រឿង​សំខាន់ ។ ដូច្នេះ​ហើយ​នាង​មិន​ដែល​មានចិត្ត​ហក់លោត ឬ​លោភលន់​អ្វី​ខ្លាំង​ឡើយ ។ ទោះបីជា​មាន​អ្នក​ណា​ឲ្យ​តម្លៃ​ច្រើន​កប់​ពពក​ប៉ុនណា​ក៏​ដោយ ក៏​នាង​មិន​ធ្វើ​តាម​ផ្លូវ​ស្មោកគ្រោក​នោះ​ទេ ។

ឆ​ន ស្រី​ណេ​ត ស្នើ​ឲ្យ​បុរស​ទាំងនោះ​ឈប់​ឆាត​សួរនាំ​នាង​ពាក់ព័ន្ធ​នឹង​តម្លៃ​ខ្លួន​ទៀត ព្រោះ​នាង​មិនមែន​ជា​អ្នក​រកស៊ី​ផ្លូវភេទ​ទេ ។ នាង​ជា​អ្នកធ្វើការ​ជាមួយ​ខួរក្បាល និង​កម្លាំង​ញើស​ឈាម​ផ្ទាល់​ដោយ​ភាព​ត្រឹមត្រូវ និង​ស្អាតស្អំ ៕