ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​សន្តិ​បណ្ឌិត ឡូយ សុ​ផាត ដឹកនាំ​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ខេត្តស្ទឹងត្រែង វេរ​ប្រគេន​ទៀន​ព្រះ​វស្សា​ដល់​១៧​វត្ត ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា

6 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ក្នុង​ស្មារតី​លើក​ស្ទួយ និង​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ នា​ព្រឹក​ថ្ងៃ​ព្រ​ហស្ប​តិ៍ ៨​រោច ខែ​ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៦ ត្រូវជា​ថ្ងៃសីល ពិធីបុណ្យ​វេរ​ប្រគេន​ទៀន​ព្រះ​វស្សា និង​បរិក្ខា​រ​ផ្សេង​ៗ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​អធិកអធម ក្រោម​គំនិត​ផ្ដួចផ្ដើម​ដ៏​ជ្រះថ្លា​របស់ ឯកឧត្តម​សន្តិ​បណ្ឌិត ឡូយ សុ​ផាត ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា រួម​ជាមួយ​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ក្នុង​ខេត្តស្ទឹងត្រែង​។

កម្មវិធី​បុណ្យ​ទាន​ដ៏​មាន​សទ្ធា​ជ្រះថ្លា​នេះ ត្រូវ​បាន​រៀបចំ​រួម​គ្នា​នៅ​ក្នុង​វត្ត​ស្រះ​កែវ​មុនី​វណ្ណ (​ហៅ​វត្ត​លើ​) ដើម្បី​វេរ​ប្រគេន​ទៀន​ព្រះ​វស្សា ព្រមទាំង​បច្ច័យ និង​ទេយ្យទាន ដល់​វត្ត​អារាម​សរុប​ចំនួន ១៧​វត្ត នៅ​ក្នុង​ខេត្តស្ទឹងត្រែង សំរាប់​ប្រើប្រាស់​ក្នុង​កំឡុង​ពេល​ព្រះ
សង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស (៣​ខែ​) តាម​វិន័យ​ព្រះពុទ្ធ​សាសនា​។

ក្រៅពី​ទៀន​ព្រះ​វស្សា​ដែល​ជា​ប្រ​ที​ប​បំភ្លឺ​ផ្លូវធម៌ ឯកឧត្តម​សន្តិ​បណ្ឌិត និង​ក្រុមការងារ ព្រមទាំង​ពុទ្ធបរិស័ទ ក៏​បាន​នាំ​យក​នូវ​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ជា​ច្រើន​ទៀត ទៅ​ប្រគេន​ដល់​វត្ត​ទាំង​១៧ នោះ រួម​មាន​៖​អង្ករ​, មី​, ទឹក​សុទ្ធ​, ភេសជ្ជៈ​,​ទឹកត្រី​, ទឹកស៊ី​អ៊ី​វ​, ប្រេងឆា​, អំបិល​, ខ្ទឹម​, ប៊ី​ចេ​ង​, តែ​,​សាប៊ូ ព្រមទាំង​ថវិកា​មួយ​ចំនួន​ធំ ដើ​ម្ប​ជួយ​សម្រួល​ដល់​ចង្ហាន់ និង​ការ​លះបង់​របស់​ព្រះសង្ឃ​ក្នុង​កំឡុង​ពេល​ប្រតិបត្តិ​ធម៌​វិន័យ​។

ពិធី​ចូល​កាន់​ព្រះ​វស្សា គឺជា​ប្រពៃណី​ទំនៀមទម្លាប់ដ៏​ល្អ​ផូរផង់​របស់​ពុទ្ធសាសនិក​ខ្មែរ​តាំងពី​បុរាណកាល​មក​។ ការ​ប្រគេន​ទៀនវស្សា និង គ្រឿង​ឧបភោគ​បរិភោគ​នា​ពេល​នេះ មិន​ត្រឹមតែ​ជា​ការ​បំពេញ​បុណ្យ​កុសល​តាម​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ស្តែង​ឲ្យ​ឃើញ​ពី​កម្លាំង​សាមគ្គីភាព និង​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុង​ការ​រួមចំណែក​ថែរក្សា វប្បធម៌ ប្រពៃណី និង​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធ​សាសនា​ឱ្យ​ស្ថិតស្ថេរ​ចីរកាល​តទៅ​៕