ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះអន្តរាគមន៍បន្ទាន់ យកគ្រឿងចក្រស្តារប្រឡាយ និងដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវវស្សាប្រជាកសិករចំនួន ៥៣០ហិកតា

4 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួល​បាន​នូវ​សេចក្តីរាយការណ៍​ពី​ប្រជា​កសិករ ដែល​ប្រកប​មុខរបរ​ធ្វើស្រែ​ប្រាំង និង​ស្រែវស្សា ថា​មានការ​ខ្វះខាត​ទឹក ដោយសារ​តែ​មេឃ​រាំងភ្លៀង​អស់​រយៈពេល​យូរថ្ងៃ ទើប​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​ក្រុមការងារ ចុះ​ពិនិត្យ​មើល ការ​ស្តារ​ប្រឡាយ​សម្រួល​ផ្លូវទឹក និង​ការ​ដាក់​ម៉ាស៊ីនបូមទឹក ដើម្បី​ជួយ​អន្តរា​គម​ន៍​សង្គ្រោះ​ស្រូវ​វស្សា​របស់​ប្រជា​កសិករ ចំនួន​៥៣០​ហិច​តា ស្ថិត​នៅ​ក្នុង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​ទាំង​ដំណាំ​ស្រូវប្រាំង និង​ស្រូវ​វស្សា ពិតជា​ត្រូវការ​ទឹកជា​ចាំបាច់​ណាស់ ដើម្បី​ឱ្យ​ដើមដង​នៃ​ដំណាំ​នេះ អាច​ដុះ​លូតលាស់​បាន​ល្អ លុះដល់​ពេល​ប្រមូល​ផល​ក៏​ទទួល​បាន​ទិន្នផល​ខ្ពស់​ដែរ​។ តែ​រហូត​មក​ដល់​ពេល​នេះ ផ្ទៃមេឃ​ហាក់ដូចជា​រាំងភ្លៀង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទឹកស្ទឹង ទឹកអូរ និង​ទឹក​ប្រឡាយ​មួយ​ចំនួន​រីង​ខះ មិនសូវ​មានទឹក​ច្រើន​គ្រប់គ្រាន់ ដើម្បី​បូម​ដាក់​ស្រែក​របស់​ខ្លួន​នោះ​ទេ ។

ប្រភព​បន្ត​ទៀត​ថា គ្រាន់តែ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន មិន​បង្អង់​យូរ​ឡើយ គឺ​ឆ្លៀតពេល​ថ្ងៃ​ឈប់​សម្រាក​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក ព្រមទាំង​មន្ទីរ​មួយ​ចំនួន​ទៀត ឱ្យ​ប្រញាប់​យក​គ្រឿងចក្រ និង​ម៉ាស៊ីនបូមទឹក ទៅ​បូម​ស្រោចស្រព​ដាក់​ស្រែ​របស់​ពួក​គាត់ ដើម្បី​កុំឱ្យ​ងាប់​ខូចខាត ។

លោក​ជំ​ទាំ​វ​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​មួយ​ចំនួន ត្រូវ​ស្តារ​ប្រឡាយ និង​ជីក​ប្រឡាយ​បង្ហូរទឹក​បន្ថែម​ទៀត ដើម្បី​ឱ្យ​ទឹក​ហូរ​ដល់​ក្បែរ​ស្រែ​ប្រជាពលរដ្ឋ​ដែល​នៅ​ឆ្ងាយ​ពី​ប្រឡាយ​ទឹក អាច​នឹង​បូម​ស្រោច​ឱ្យ​បាន​គ្រប់​ៗ គ្នា​។ លោក​ជំទាវ ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ ដែល​មាន​ស្រែ​នៅ​ក្បែរ​ប្រឡាយ​ទឹក ចេះ​ចែករំលែក​ទឹក​ដល់​អ្នក​ដែល​នៅ​ក្បែរ​ៗ​ខ្លួន គឺ​អ្នក​នៅ​ឆ្ងាយ​ពី​ប្រឡាយ​ទឹក ដើម្បី​បូមទឹក​បង្ហូរ​ដាក់​ស្រែ​គ្រប់​ៗ​គ្នា​ផង​ដែរ​។

ម្យ៉ាងវិញទៀត លោក​ជំទាវ​ក៏​ស្នើ​សុំ​ឱ្យ​កសិករ ដែល​ជួប​ទុក្ខ​លំបាក​ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះ​ទឹក​បូម​ដាក់​ស្រែ​នេះ ប្រញាប់​រាយការណ៍​ជូន​ដល់​ក្រុមការងារ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា កុំឱ្យ​ងាប់​ខូចខាត ដែល​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​។

លើស​ពី​នេះ កសិករ​ទាំងអស់ ត្រូវ​តែ​យល់​ច្បាស់​ពី​របៀប​ធ្វើស្រែ​ប្រាំង និង​ស្រែវស្សា ដោយ​ត្រូវ​មាន​ភ្លឺ​បិទ​ខ្ទប់​ជុំវិញ ដើម្បី​កុំឱ្យ​ទឹក​ហូរ​ចោល​ពេល​បូម​ដាក់​ពេញ​ស្រែ ជា​ពិសេស​កសិករ ត្រូវ​តែ​យកចិត្តទុកដាក់​ថែទាំ​ស្រែ​ស្រូវ​របស់​ខ្លួន​ឱ្យ​បាន​ដិត​ដល់ ដោយ​ត្រូវ​បោចស្មៅ ដាក់​ជី និង​ការពារ​កុំឱ្យ​សត្វល្អិត​ចង្រៃ​ចូល​ទៅ​ស៊ី​បំផ្លាញ​ដល់​ដំ​ណា​របស់​ខ្លួន​នោះ​ឡើយ​។ បើសិនជា​ធ្វើស្រែ​លេង​ៗ ដោយ​មិន​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​កម្លាំង​ទេ ការ​ប្រមូល​ផល​ក៏​ទទួល​បាន មិន​គ្រប់​ចំនួន​តាម​អ្វី​ដែល​ខ្លួន​កំណត់​នោះ​ដែរ ។

ចំណែក​កសិករ​ម្នាក់ ឈ្មោះ ម៉ៅ ភេទ​ប្រុស បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើស្រែ​ជាង​២​ហិ​កតា នៅ​ក្នុង​ដីស្រែ​របស់​ខ្លួន លុះ​មេឃ​រាំងភ្លៀង​រយៈពេល​យូរ​បណ្តាល​ឱ្យ​ខ្វះ​ទឹក ណាមួយ​ស្រែ​នៅ​ឆ្ងាយ​ពី​ប្រឡាយ​លំបាក​បូមទឹក​ដាក់​ស្រែ​របស់​ខ្លួន ។ តែ​នៅ​ពេល​នេះ ខាង​លោក​នឹង​ទទួល​បាន​ទឹក​គ្រប់គ្រាន់ ព្រោះ​លោក​ជំទាវ​អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ ចុះ​ទៅ​ស្តារ និង​ជីក​ប្រឡាយ​បង្ហូរទឹក​បន្ថែម​ទៀត ហើយ​សង្ឃឹមថា នឹង​មានទឹក​គ្រប់គ្រាន់ ធ្វើ​ឱ្យ​ស្រូវ អាច​ដុះ​លូតលាស់​បាន​យ៉ាង​ល្អ និង​ទទួល​បាន​ផល​ច្រើន​នា​ឆ្នាំ​នេះ​ថែម​ទៀត ៕