រាជធានីភ្នំពេញ ៖ ជឹម សារ៉ាត់ មកពីក្លឹប កីឡាប្រដាល់ក្រសួងមហាផ្ទៃ ណាត់យស់ សំអាល់ មកពីក្លឹបឃ្លាំងមឿងកីឡា ប្រកួតសងសឹកគ្នានៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN នាថ្ងៃសៅរ៍ទី៦ ខែសីហា នេះម្តងទៀត ។
ជាច្រើនខែមកហើយដែលពួកគេទាំង២នាក់បានជួបគ្នា ហើយសារ៉ាត់ធ្លាប់ចាញ់ពិន្ទុសំអាល់ម្តង ប៉ុន្តែការបរាជ័យរបស់សារ៉ាត់កាលណោះវាប្រផិតប្រផើយពេកទើបធ្វើឱ្យគេដេកមិនលក់បក់មិនល្ហើយចង់សងសឹកវិញ ។ សារ៉ាត់មិនមានស្នៀតអ្វីដែលល្អប៉ុន្មានឡើយ ពេលប្រកួតម្តងៗគឺអាងកម្លាំងបាយសុទ្ធសាធ ប៉ុន្តែសារ៉ាត់ចិត្តរបស់គេហ៊ានកណ្តាប់ដៃពេលវាយចេញម្តងៗធ្ងន់គួរសម បើគេចមិនទាន់អាចគ្រោះថ្នាក់បាន។ តែសំអាល់មិនមែនជាជើងអន់ងាយស្រួលបង្ក្រាបឡើយ ល្បិចប្រយុទ្ធនៅលើសង្វៀនរបស់គេល្អជាងសារ៉ាត់ ក្រៅពីស្នៀតដៃនិងស្នៀតជើងគេអាចប្រើកែងបានយ៉ាងស្ទាត់ជំនាញបំផុត ។ លើកនេះសារ៉ាត់មិនដឹងថាអាចសងសឹកបានឬអត់នោះទេ ។ ហ៊ីម សារ៉ាន់ មកពីក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិ ជួបថៃ ប៊ុនហាន មកពីក្លឹបបុរីនាគរាជ ។ អ្នកប្រដាល់ចាស់វស្សាមួួយគូនេះមិនសូវល្បីល្បាញប៉ុន្មានឡើយ ។ សារ៉ាន់យូរៗលេចមុខនៅលើសង្វៀនម្តង ហើយការប្រកួតក៏មិនសូវធ្វើឱ្យអ្នកមើលមានការចាប់អារម្មណ៍ទៀតផង ។ ស្នៀតប្រយុទ្ធនិងកម្លាំងពួកគេទាំង២នាក់ប្រដំប្រសងគ្នា ប៉ុន្តែសារ៉ាន់ចិត្តសឿងជាង រីឯប៊ុនហានអន់ស្បែកមុខ។ ម្យ៉ាងវិញទៀតប៊ុនហានចូលចិត្តឱ្យគេវាយមុខទាល់តែឈឺ ទើបវាយតបតគេវិញ ។
ផាន់ សារុន មកពីក្លឹបគជសារកីឡា ជួបភិរម្យ ភក្តី មកពីក្លឹបរកាខ្នុរគុនខ្មែរ ។ នឿន សាវឌី មកពីក្លឹបអេភូថងកីឡា ជួបយ៉ាម ផានិត មកពីក្លឹបរស្មីកុមារកំព្រា ។
ដោយឡែកនៅលើសង្វៀនស្ថានីយទូរទស្សន៍CTN ថ្ងៃអាទិត្យវិញ ជ័យ កុសល មកពីក្លឹបសិង្ហកីឡា ជួបពៅ ស័ក្តិសិទ្ធិ ក្នុងឋានៈជាគូទស្សន៍ ទាយ។ ពៅ ស័ក្តិសិទ្ធិ អ្នកប្រដាល់ចាស់វស្សាមកពី ក្លឹបកីឡាប្រដាល់ក្រសួងមហាផ្ទៃម្នាក់នេះពីមុនមកមិនធ្លាប់ជួបកុសលឡើយ ។ លើកនេះ CTN បានផ្តល់ឱកាសឱ្យពួកគេទាំង២នាក់បានសាកកម្លាំងគ្នាម្តង ។ កុសល កម្លាំងរបស់គេខ្លាំងអាចម៉ាត់ចេញបានត្រង់ល្អហើយធ្ងន់ទៀតផង ប៉ុន្តែរាងយឺតបន្តិច។ រីឯស្នៀតជើងរបស់គេក៏គ្រាន់បើណាស់ដែរ អាចមានសង្ឃឹមឈ្នះច្រើនសម្រាប់ការប្រកួតលើកនេះ ព្រោះថាស័ក្តិសិទ្ធិចិត្តរបស់គេមិនសូវហ៊ាន ហើយទំនងជាអាចចាញ់ប្រៀបខាងកម្លាំងទៀតផង ។ ស័ក្តិសិទ្ធិមួយរយៈនេះយីអ៊ុនរបស់គេមិនសូវល្អប៉ុន្មានឡើយ ហើយថែមទាំងមិនសូវលេចមុខនៅលើសង្វៀនទៀតផង។
ឱម សម្រេច មកពីក្លឹបកងទ័ពឆត្រយោង៩១១ ជួបជ័យ ចាន់រ័ត្ន មកពីក្លឹបសិង្ហកីឡា។ យិន បូរិន មកពីក្លឹបឫទ្ធិស័ក្តិកីឡា ជួបវីរៈ ជន មកពីក្លឹបកងពលតូចលេខ៧០ ។
ប៉ុស្តិ៍បាយ័នយុគ យក្សគីល មកពីក្លឹបក្រុងប៉ោយប៉ែត និងទូច រាជសីហ៍ មកពីក្លឹបរស្មីកុមារកំព្រា ត្រូវបានគេរៀបចំឱ្យជម្រះបញ្ជីគ្នានៅលើសង្វៀនស្ថានីយទូរទស្សន៍បាយ័ននាថ្ងៃសៅរ៍ទី៦ ខែសីហា នេះម្តងទៀត។
ប្រហែលជាជាង២ខែមកហើយដែលពួកគេទាំង២នាក់ប្រកួតគ្នា ប៉ុន្តែលទ្ធផលគឺស្មើពិន្ទុុគ្នា ។ ដោយសារតែមិនចង់ឱ្យអ្នកមើលមានមន្ទិលចំពោះលទ្ធផលនេះ គណៈកម្មការរៀបចំការប្រកួតបានសម្រេចផ្តល់ឱកាសឱ្យពួកគេបានសាកកម្លាំងគ្នាម្តងទៀត ។ រវាងគូនេះមិនត្រឹមតែអត់ចេះស្នៀតអ្វីដែលពិសេសនោះទេ ថែមទាំងមានមាឌធាត់ៗដូចគ្នាទៀត ប៉ុន្តែចិត្តសឿង ទោះពួកគេរាងធាត់មែនតែអាចប្រកួតបាន៥ទឹកមិនងាយហត់ឡើយ ។ សម្រាប់ការជួបគ្នាលើកមុន យក្សគីល មានប្រៀបជាងវាយចេញបានច្រើនជាង ហើយភាគច្រើនគឺចំទិសដៅបានល្អទៀតផង ជាពិសេសចាប់ពីទឹកទី១ដល់ទឹកទី៣។ ប៉ុន្តែនៅទឹកទី៤និងទី៥ ទូច រាជសីហ៍ បានវាយបកសងវិញយ៉ាងចាស់ដៃ និងធ្វើឱ្យយក្សគីលស្ថិតក្នុងសភាពទាល់ច្រករហូត ។ ដូច្នេះហើយទើបអាជ្ញាកណ្តាលបានសម្រេចឱ្យស្មើពិន្ទុគ្នា ។ សូយ គា មកពីក្លឹបអូដឹមកីឡាជួប ផាន់ គ្រាន់ មកពីក្លឹបគជសារកីឡា។ ព្រែក បូរិន មកពី ក្លឹបនិរោធមានជ័យ ជួបម៉ៃ សុខនឿន មកពីក្លឹប ចាក់អង្រែ និងម៉ន វរៈ មកពីក្លឹបព្រែកឯងកីឡា ជួប សុខ វរៈ មកពីក្លឹបយុវជនអង្គរ ៕
ចែករំលែកព័តមាននេះ