ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់​​ក្រប​​ខណ្ឌ​មិត្ត​ហ្វូន​​ខេម​បូឌា​លីក​​ឈាន​ដល់​​សប្តាហ៍​ទី​14

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការប្រកួតបាល់​ទាត់​​ក្រប​ខណ្ឌ​​ Metfone Cambodian League 2011 នៅ​ថ្ងៃ​សៅរ៍ ទី​៦ និង​អាទិត្យ់ ទី​៧ ខាង​​​មុខ​នេះ នឹង​ឈាន​ចូល​ដល់​សប្តាហ៍​​ទី១៤ ហើយ។ ​ក្រុម​ភ្នំ​ពេញ​ក្រោន បើ​ទោះ​បីជា​ប្រកួត​ចាញ់​​ក្រុម​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ក៏ដោយ ក៏​នៅតែ​អាច​​រក្សា​តំណែង​ជួរ​មុខ​គេ​ក្នុង​តារា​ង​ដដែល ​ខណៈ​​ក្រុម​​ព្រះ​ខ័នរាជ្យ

រាជធានីភ្នំពេញ ៖ ការប្រកួតបាល់​ទាត់​​ក្រប​ខណ្ឌ​​ Metfone Cambodian League 2011 នៅ​ថ្ងៃ​សៅរ៍ ទី​៦ និង​អាទិត្យ់ ទី​៧ ខាង​​​មុខ​នេះ នឹង​ឈាន​ចូល​ដល់​សប្តាហ៍​​ទី១៤ ហើយ។ ​ក្រុម​ភ្នំ​ពេញ​ក្រោន បើ​ទោះ​បីជា​ប្រកួត​ចាញ់​​ក្រុម​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ក៏ដោយ ក៏​នៅតែ​អាច​​រក្សា​តំណែង​ជួរ​មុខ​គេ​ក្នុង​តារា​ង​ដដែល ​ខណៈ​​ក្រុម​​ព្រះ​ខ័នរាជ្យ ត្រូវការ​៣​ពិន្ទុ​បន្ថែម​ទៀត​សម្រាប់​ការ​​មក​ជួប​​ក្រុម​ព្រែក​ប្រា​កីឡា​លើក​នេះ​ដើម្បី​បាន​ឡើង​ទៅឈរ​​នៅ​​លេខ​រៀង​ទី៣ ក្នុងតារាង ។

ក្រុម​ភ្នំ​ពេ​ញ​ក្រោន​​ប្រកួត​បាន​១៣​លើក​ក្នុង​នោះ​ឈ្នះ​១០ ស្មើ​២ ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ ​និង​មាន​៣២​ពិន្ទុ វ៉ាគេ​ដាច់​​តែម្តង។ ប៉ុន្តែ​​ទោះ​បីជា​​យ៉ាង​ណាក៏​គេ​នៅមិនទាន់​មាន​ភាព​កក់​ក្តៅ​​នៅឡើយ​ ព្រោះ​ពេល​នេះ​មាន​ក្រុម​ខ្លាំង​មួយ​ចំនួន​ដូច​ជា​ក្រុម​ណាហ្គា​ខប ក្រសួងការ​ពារជាតិ​កំពុង​តែ​​មាន​ពិន្ទុតាម​​​ពី​ក្រោយ​ជាប់​តែម្តង ។ ​ចំណែកក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ ​ពិន្ទុ​របស់​​គេ​នៅ​​ឃ្លាត​ឆ្ងាយ​​ពី​ក្រុម​ភ្នំពេញ​ក្រោន​ ដាច់​តែ​​ម្តង ​ការ​ប្រកួត​​ទាំង​១៣​លើក​រ​បស់​គេ​កន្លង​មក​​នេះ​ឈ្នះ​៦ ស្មើ​២ ​​ចាញ់​៥​ប្រកួត​ មាន​តែ​២០​ពិន្ទុ​ប៉ុណ្ណោះ ។

ក្រុម​ព្រះខ័នរាជ្យ សង្ឃឹម​ថា ​នឹង​អាច​រក​​​បាន​​៣​ពិន្ទុ​បន្ថែម​ទៀត​យ៉ាងងាយ​សម្រាប់ការ​​មក​ប៉ះ​ក្រុម​បាត​តារាង​ព្រែក​ប្រា​កីឡា​លើ​កនេះ ។ កាល​ពី​នៅជុំ​ទី​១ ក្រុមព្រះខ័នរាជ្យ​ធ្លាប់​​បាន​បំបាក់​ក្រុម​ព្រែក​​ប្រា​កីឡា​ឱ្យចាញ់​ ៣-០ ម្តង​រួច​មក​ហើយ ​ដូច្នេះ​សម្រាប់​ការ​​ប្រកួតលើក​នេះ​ក្រុម​ព្រះ​ខ័ន​រាជ្យ នៅតែ​មានជំនឿ​ចិត្ត​១០០​ភាគរយ ក្នុងការ​ដណ្តើម​​ជ័យ​ជម្នះ​​ពី​ក្រុម​ព្រែក​ប្រា​កីឡា ។ បច្ចុ​ប្បន្ន​​ក្រុ​ម​ព្រះ​ខ័ន​រាជ្យ បាន​រក្សាតំណែង​​​លេខ​៤ ក្នុង​តារាង ​​ខណៈ​ក្រុម​​បាល់​ទាត់​ក្រសួង​ការ​ពារ​ជាតិ ស្ថិត​នៅ​លេខ​រៀង​ទី៣ ក្នុងតារាង​​ជា​បណ្តោះ​អាសន្ន ។ ក្រុម​ព្រះ​ខ័ន​រាជ្យ​ ប្រកួត​បាន​​១៣​លើក ឈ្នះ​៦ ស្មើ​៤ ​ចាញ់​៣ មាន​២២​ពិន្ទុ ​ចាញ់​ក្រុម​ក្រសួងការ​ពារជាតិ​​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ។ រីឯ​ក្រុមព្រែក​ប្រា​កីឡា​ស្ថិតនៅ​លេខ​រៀង​ទី៩ ​ក្នុង​តារាង ខណៈ​​ប្រកួតបាន​១៣​លើក​ ឈ្នះ​២ ស្មើ​២ ​ចាញ់​៩ មាន​៨​ពិន្ទុ​ប៉ុណ្ណោះ ។

​ដោយឡែក​សម្រាប់​ថ្ងៃ​អាទិត្យ មាន​២​ប្រកួត​​ទៀត ជើង​​ទី១ ក្រុម​​បៀល​ប្រាយ​​យូណាយ​ធីត​ ជួប​ជា​មួយ​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ ។ ក្រុម​បៀល​ប្រាយ​​យូណាយ​ធីត ពេល​នេះ​កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី​៥ ​ក្នុងតារាង​ ព្រោះថា ការ​ប្រកួត​​ទាំង​១៣​លើក​កន្លង​មក ឈ្នះ​៧ ស្មើ​១ ចាញ់​៥ មាន​២២​ពិន្ទុ ។ ចំណែក​​ក្រុមគិរី​វង់​សុខ​សែន​ជ័យវិញ ប្រកួតបាន​១៣​លើក​ដូចគ្នា ឈ្នះ​៦ ​ស្មើ​២ ចាញ់៥ មាន​២០​ពិន្ទុ។ ក្រុម​ទាំង​២នេះ​មានរបៀប​​លេង​ប្រហាក់​ប្រហែល​គ្នា​ ហើយ​ទាំង​សង​ខាង​សុទ្ធតែ​ត្រូវការ៣​ពិន្ទុ​បន្ថែម​ទៀត​ដូច​គ្នា​​ប៉ុន្តែ​​មិន​ដឹង​​ថា ​ខាង​ណា​មាន​សំណាង​ជាង​ប៉ុណ្ណោះ ។

ក្រុម​ណា​ហ្គា​​ខបសង្ឃឹម​ថា អាចរក្សា​តំណែង​លេខ២ ​ក្នុង​​តារាង​យ៉ាងរឹង​មាំ​បំផុត ដោយ​សារ​តែ​លើក​នេះ​គេត្រូវ​ជួប​ក្រុម​​បាត​តារាង​ឫទ្ធីសែន។ ​ក្រុម​ណាហ្គា​ខប ការ​ប្រកួត​​ទាំង​១៣​លើក​រប​ស់​គេ​​កន្លង​មក​នេះ ​ឈ្នះ​៩ ស្មើ​១ ចាញ់​​​៣​ប្រកួត​ និង​មាន​២៩​ពិន្ទុ ​ស្ថិតនៅលេខ​រៀងទី២ ក្នុងតារាង។ ​សម្រាប់​ការប្រកួតលើក​នេះ ​មិន​ពិបាក​ប៉ុន្មាន​ឡើយ ព្រោះថា ក្រុម​ឫទ្ធីសែន ជា​ក្រុម​បាត​តារាង​​ងាយ​នឹង​យកឈ្នះ​បំផុត ម្យ៉ាងវិញ​ទៀត​កាលពីនៅជុំទី១ ក្រុម ណាហ្គា​ខប ធ្លាប់​​​បាន​លត់​ក្រុម​ឫទ្ធីសែន យ៉ាង​ចាស់ដៃឱ្យចាញ់​១០-១​ឯណោះ ៕