ក្រុមគ្រួសារកវី គង្គ ប៊ុនឈឿន ស្នើអុ្នកធ្វើបទចម្រៀង AI បញ្ឈប់ការយកបទមរតកដើមទៅក្រឡៃថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមគ្រួសាររបស់កវី លោក គង្គ ប៊ុនឈឿន បានចេញមុខស្នើសុំដល់អ្នកធ្វើបទចម្រៀងបែប AI ឱ្យបញ្ចប់យកបទដែលជាមរតកយកដើមទៅក្រឡៃថ្មី ដោយសារការធ្វើបែបនេះ វានាំឲ្យបាត់សភាពម្ចាស់បទដើម និងធ្វើឱ្យបាត់តម្លៃ ហើយមានភាពច្របូកច្របល់ ។

ការស្នើសុំពីសាច់ញាតិរបស់កវី គង្គ ប៊ុនឈឿន នាពេលនេះ បានធ្វើឡើង បន្ទាប់ពីមួយរយៈចុងក្រោយនេះ គេឃើញមានការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប AI ផលិតចេញជាបទចម្រៀងបង្ហោះចូលក្នុងបណ្តាញសង្គមនានា ដោយនៅក្នុងនោះ គេឃើញទាំងការយកបទថ្មី និងបទចាស់ៗពីដើមយកមកកាឡៃថ្មីផងដែរ ។
ដោយសារឃើញមានបទខ្លះ ក៏មានបទដែលនិពន្ធដោយលោក គង្គ ប៊ុនឈឿន នោះ ក្រុមគ្រួសាររបស់លោកបានចេញមុខសម្តែងការមិនពេញចិត្ត ដ្បិតការធ្វើបែបនេះ វាជាការរកកម្រៃលើកម្លាំងញើសឈាមម្ចាស់និពន្ធ ជាពិសេស រំលោភលើកម្មសិទ្ធបញ្ញាផងដែរ ។

កូនស្រីរបស់កវី គង្គ ប៊ុនឈឿន គឺអ្នកនាង ប៊ុនឈឿន សូរីវិល័យ បានបង្ហោះសំណេរបង្ហោះលើបណ្តាញសង្គមថា នាងខ្ញុំសុំឆ្ងល់ថា អ្នកនិពន្ធ AI ទាំងឡាយ បើបានធ្វើAI ហើយសុំធ្វើជាចម្រៀងAI ថ្មីតែម្ដងទៅ ទាំងបទភ្លេង និងទំនុកច្រៀង ហើយសូមកុំយកបទមរតកដើមទៅក្រឡៃ ដើម្បីឲ្យបាត់សភាពម្ចាស់បទម្ចាស់ដើមគេ ។
នាងបន្តថា ខ្លះដូរភាសាទៀត យកកម្រៃលើកម្លាំងញើសឈាមដែលគេមានស្រាប់ ធ្វើឱ្យបាត់តម្លៃហើយច្របូកច្របល់ពេញហ្នឹង បាត់អស់កម្មសិទ្ធិបញ្ញា។ ប៉ុណ្ណឹងហើយ នៅមិនដាក់ឈ្មោះអ្នកនិពន្ធនឹងអ្នកចម្រៀងដើមគេទៀត ។

នាងបន្ថែមថា សូមបងប្អូនអ្នកនិពន្ធAI ទាំងឡាយ មេត្តាគិតដល់រឿងនេះផង សូម្បីតែពួកខ្ញុំជាម្ចាស់ក៏មិនយកបទខ្លួនទៅធ្វើAIអញ្ចឹងដែរ មិនពិបាកទេ តែខ្ញុំមិនធ្វើទេ ព្រោះខ្ញុំរក្សាសភាពមរតកដើម ហើយនិងឲ្យតម្លៃទៅអ្នកនិពន្ធ និងអ្នកចម្រៀងដែលគាត់មានសមត្ថភាពពិតប្រាកដ និងជួយគាំទ្រនិងផ្ដល់ការងារដល់បងប្អូនសិល្បករតន្ត្រីករយើង ។
បញ្ជាក់ខ្ញុំមិនប្រឆាំងសម័យ AI ទេ ជួយសម្រួលច្រើន បើប្រើត្រូវពេល ខ្ញុំក៏ធ្លាប់មានសាកសរសេរ បទAI ដែរ តែព្រោះចង់ដឹងបច្ចេកវិទ្យាថ្មីយ៉ាងម៉េច តែធ្វើគ្រាន់ស្ដាប់លេងខ្លួនឯងប៉ុណ្ណោះហើយក៏និងសរសេរដែរថា គឺជា AI ព្រោះវាមិនមែនជាសមត្ថភាពពិត 100%ទេ ។

តាមរយៈការលើកឡើងខាងលើ ពីក្រុមគ្រួសាររបស់កវីគង្គ ប៊ុនឈឿន នាពេលនេះ គេឃើញមានមហាជនជាច្រើនបានសម្តែងការគាំទ្រ ដ្បិតគេក៏យល់ស្របបែបនេះដែរ ខណៈដែលការបង្កើតបទចម្រៀងតាមAI នេះ ស្តាប់ទៅមិនពីរោះ និងវាបណ្តាលឲ្យខូចលក្ខណៈបទចម្រៀងដែរ ជាមរតកដើមថែមទៀតផង ។
ជាការកត់សម្គាល់ ក្រោយពីឃើញការបញ្ចេញមតិរបស់មហាជនមានការគាំទ្រនូវការលើកឡើងខាងលើនេះ ក្រុមគ្រួសាររបស់កវី គង្គ ប៊ុនឈឿន ក៏បានថ្លែងអំណរគុណចំពោះការជួយអភិរក្សបទមរតកដើម ហើយក៏សូមអរគុណទស្សនិកជនដែលនៅតែស្រលាញ់បទមរតកដើម និងរួមគ្នាជួយថែរក្សាទុកទាំងអស់គ្នាដល់អ្នកជំនាន់ក្រោយ ៕


ចែករំលែកព័តមាននេះ