រាជធានីភ្នំពេញ ៖ នៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ចាប់ពីថ្ងៃសៅរ៍ទី៦ ខែ សីហា ខាងមុខនេះទៅ នឹងរៀបចំឱ្យមានព្រឹត្តិការណ៍នៃការប្រកួតកីឡាប្រដាល់ក្បាច់ខ្មែរបុរាណដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់៦៥គីឡូក្រាម រវាងកីឡាករបរទេសជាមួយកីឡាករកម្ពុជា និងដណ្តើមខ្សែក្រវាត់ផ្នែកសាកលអាជីពប្រភេទទម្ងន់៦៥គីឡូក្រាមដូចគ្នា ។
ចំពោះផ្នែកក្បាច់ខ្មែរបុរាណមានកីឡាករបរទេស៤រូបគឺ១-កីឡាករ Shey Mon ជន ជាតិប្រេស៊ីល ២-កីឡាករLeonardo Monteiro silva ជនជាតិប្រេស៊ីល ៣-កីឡាករAbass Ahmadi ជនជាតិអ៊ីរ៉ង់ និង៤-កីឡាករDanmag Nusson ជនជាតិស៊ុយអែត ។ រីឯកីឡាករកម្ពុជាមានកីឡាករហេង សំរាំង មកពីក្លឹបព្រែកឯងកីឡា កីឡាករនួន ភិរក្ស មកពីក្លឹបក្រសួងមហាផ្ទៃ កីឡាករឡុង សុភី មកពីក្លឹបសាលវ័ន្តកីឡា និងកីឡាករពេជ្រ សីហា មកពីក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិ ។
រីឯខាងផ្នែកប្រដាល់សាកលអាជីពមាន៨រូបដូចគ្នាគឺ១-កីឡាករផល សុផាត មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ កីឡាករយឹម ឌៀប មកពីក្លឹបប្រដាល់ក្រសួងការពារជាតិ កីឡាករស៊ិន សល មកពីក្លឹបក្រសួងមហាផ្ទៃ កីឡាករផាវ ភឿត មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ កីឡាករភុំ សារ៉ាយ មកពីក្លឹបគីមីសាស្ត្រ កីឡាករសេង រតនា មកពីក្លឹបយុវជនអង្គរ កីឡាករវី សាវុធ មកពីក្លឹបឥន្ទ្រីកីឡា និងកីឡាករជា ប៉ុង មកពីក្លឹបមិត្តប៉ូលិស។
ដោយឡែក សម្រាប់អ្នកដែលត្រូវឡើងប្រកួតបើកឆាកថ្ងៃដំបូង គឺហេង សំរាំង ត្រូវជួបជាមួយកីឡាករ Shey Mon ។ សំរាំង គេមានជំនឿចិត្តខ្លះៗក្នុងការប្រកួតលើកនេះ ព្រោះថា Shey Mon ធ្លាប់មកកម្ពុជាម្តង និងធ្លាប់ចាញ់ ឡុង សុភី ដូច្នេះគេគិតថាទំនងជាមិនមានបញ្ហាអ្វីឡើយ។ ម្យ៉ាងវិញទៀត សំរាំងសំអាងលើការខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនថ្ងៃមកនេះ គឺគេមានជំនឿចិត្តច្រើនក្នុងការយកឈ្នះការប្រកួតថ្ងៃដំបូង ។
រីឯនួន ភិរក្ស ត្រូវជួបជាមួយ Leonardo Monteirosilva ប៉ុន្តែភិរក្ស មានការរារែកក្នុងចិត្តបន្តិច ដោយសារគេគិតថា កីឡាករ Leonardo ជាជើងខ្លាំងមិនងាយបង្ក្រាបឡើយ ។ ម្យ៉ាងកីឡាករបរទេសរូបនេះធ្លាប់ធ្វើឱ្យកែវ រំចង់ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ បរាជ័យក្នុងទឹកទី៣ម្តង និងចាញ់ផុន ផាន់ណា មកពីក្លឹបក្រសួងកសិកម្មទាំងប្រផិតប្រផើយប៉ុណ្ណោះ ។ ប៉ុន្តែគេក៏ត្រៀមលក្ខណសម្បត្តិរួចជាស្រេចហើយដែរ ដើម្បីទប់ទល់មិនឱ្យសភាពការណ៍អាក្រក់នេះកើតមានដល់រូបគេឡើយ ។
ផាវ ភឿត ជួបវី សាវុធ ជាលើកដំបូងក្នុងការប្រកួតសាកលអាជីព ។ ចំពោះគូនេះផាវ ភឿត មានកណ្តាប់ដៃធ្ងន់ជាង ហើយសម្រាប់អ្នកធ្លាប់តាមដានការប្រកួតភាគច្រើនក៏មានជំនឿចិត្តលើផាវ ភឿតច្រើនជាងវី សាវុធដែរ។ ឯគូប្រកួតមិត្តភាព ឌុច ឌួង មកពីក្លឹបសាលវ័ន្តកីឡា ជួបផៃ ប៊ុនហឿត មកពីក្លឹបខេមរិន្ទមានឫទ្ធិ ។ សិង្ហ សាវ៉ន មកពីក្លឹបសិង្ហកីឡាជួប សាំង ស៊ីថា មកពីក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិ ៕
ចែករំលែកព័តមាននេះ