រាជធានីភ្នំពេញ ៖ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស១ ប្រាក់៨ និងសំរឹទ្ធិចំនួន៣ ពីការចូលរួមប្រកួតកីឡាវ៉ូវីណាមលំដាប់ថ្នាក់ពិភពលោកលើកទី២នៅប្រទេសវៀតណាម ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ កក្កដាកន្លងមក ។
លោកអ៊ូ រតនា មន្ត្រីសហព័ន្ធវ៉ូវីណាម បានឱ្យដឹងថា លើកនេះមានប្រទេសចូលរួមចំនួន២២នៅជុំវិញពិភពលោក ។ ចំណែកកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីតែ៩រូបប៉ុណ្ណោះទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ប៉ុន្តែអ្វីដែលគួរឱ្យមោទនភាពបំផុតនោះគឺយើងទទួលបានមេដាយច្រើនហួសពីការស្មានទៅទៀត ។
លោកបានឱ្យដឹងទៀតថា កីឡាករ សន អេលីត ជាអ្នកទទួលបានមេដាយមាសលើផ្នែកប្រយុទ្ធ ក្នុងប្រភេទទម្ងន់៩០គីឡូក្រាម ។ សន អេលីត ប្រកួតឈ្នះកីឡាករប៉ូឡូញ និងកីឡាករអាល់ហ្សេរី ។ ចំណែកកីឡាការិនីប៉ាល់ ឆរស្ម៊ីទទួលបានមេដាយប្រាក់ចំនួន៣ម្នាក់ឯង លើផ្នែកប្រយុទ្ធនិងសម្តែង ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ កីឡាករប្រាក់ សុវណ្ណនី ទទួលបានមេដាយប្រាក់២ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម លើផ្នែកប្រយុទ្ធ និងសម្តែង។ កីឡាករលី បូរ៉ាមី ទទួលបានមេដាយប្រាក់២ លើផ្នែកសម្តែង ។ កីឡាការិនី នុត សេរីរ័ត្ន ទទួលបានមេដាយប្រាក់២ លើផ្នែកប្រយុទ្ធ និងសម្តែង ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ កីឡាការិនី វី ស្រីខួច ទទួលបានមេដាយប្រាក់២ លើផ្នែកប្រយុទ្ធ និងសម្តែងក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ កីឡាករសាន សុជាតិ ទទួលបានមេដាយប្រាក់១ សំរឹទ្ធិ១ ផ្នែកសម្តែង ។ កីឡាករ កើត សុភ័ក្ត្រ និងកីឡាករ សឹង វិសាល សម្តែងកំបិតតូចរួមគ្នាទទួលបានមេដាយសំរឹទ្ធិ១ ។ កីឡាករជិន ពិសិដ្ឋ និងកីឡាករ ជិន ប៊ុនឡុង សម្តែងកាំបិតធំរួមគ្នា ទទួលបានមេដាយសំរឹទ្ធិ១ ។
លោកអ៊ូ រតនា បានបញ្ជាក់ទៀតថា កម្ពុជាធ្លាប់បានបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បែបនេះរួចម្តងមកហើយ នៅឆ្នាំ២០០៩ ប៉ុន្តែទទួលបានមេដាយប្រាក់២ និងសំរឹទ្ធិ២ប៉ុណ្ណោះ ។
លោកឧកញ៉ាតែ សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានសហព័ន្ធវ៉ូវីណាមអាស៊ានផង បានសម្តែងនូវការសោកស្តាយផងដែរ ព្រោះថា តាមពិតយើងអាចដណ្តើមបានមេដាយមាស២ឬ៣ រីឯមេដាយប្រាក់និងសំរឹទ្ធិអាចច្រើនជាងនេះ តែមកពីយើងអត់មានអាជ្ញាកណ្តាលជាខ្មែរ ។ ឥឡូវនេះ សហព័ន្ធវ៉ូវីណាមកំពុងតែគិតគូរសុំឱ្យខាងវៀតណាមគេមកបណ្តុះបណ្តាលខ្មែរយើងឱ្យចេះរបៀបធ្វើអាជ្ញាកណ្តាល ហើយលោកគិតថា លើកក្រោយយើងមានឱកាសល្អជាងនេះ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ភាពរីកចម្រើនរបស់កីឡាគឺស្ថិតនៅលើលទ្ធផលជាក់ស្តែង យ៉ាងណាមិញ ដូចជា វ៉ូវីណាមអ៊ីចឹងដែរ ពេលនេះគេអាចរកមេដាយមាស ប្រាក់ និងសំរឹទ្ធិយ៉ាងច្រើន ហើយចំពោះលទ្ធផលនេះលោកគិតថា វាអាចមានសង្ឃឹមច្រើនក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលធ្វើនៅប្រទេសឥណ្ឌូណេស៊ីនាចុងឆ្នាំនេះមិនខានឡើយ។ លោកមានប្រសាសន៍ទៀតថា ចំពោះលទ្ធផលល្អឬអាក្រក់ វាក៏អាស្រ័យទៅលើការសាមគ្គីគ្នាផងដែរ ៕
ចែករំលែកព័តមាននេះ